សមត្ថកិច្ច ផ្អាកការផាកពិន័យលើលិខិតស្នាមយានយន្ត រហូតដល់មានបទបញ្ជាថ្មី
ការផាកពិន័យចំពោះលិខិតស្នាមយានយន្ត នឹងត្រូវផ្អាកជាបណ្ដោះអាសន្នសិន រហូតដល់មានបទបញ្ជាថ្មី។ នេះគឺជាចំណាត់ការថ្មីមួយទៀតរបស់អគ្គស្នងការនគរបាលជាតិ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងតែសម្រុកទៅធ្វើលិខិតស្នាមយានយន្តទាំងនេះ។ បើទោះបីជាការផាកពិន័យចំពោះលិខិតស្នាមយានយន្តត្រូវបានផ្អាកក៏ដោយ សមត្ថកិច្ចបានបញ្ជាក់ថា ការត្រួតពិនិត្យការអនុវត្តចរាចរណ៍នឹងនៅតែធ្វើដដែល ហើយការពិន័យចំពោះបទល្មើសចរាចរណ៍ផ្សេងៗនៅតែបន្តអនុវត្តតាមធម្មតា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០២
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃពុធ ទី០៦ខែមករានេះ បានចេញបទបញ្ជាថ្មីទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងអធិការដ្ឋាន ក្រុង ស្រុក ខណ្ឌ ឲ្យផ្អាកការផាកពិន័យមួយរយៈចំពោះលិខិតស្នាមយានយន្ត។ លិខិតស្នាមយានយន្តដែលមានជាអាថិ៍ បណ្ណសម្គាល់យានយន្ត បណ្ណបើកបរ បណ្ណត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងអាជ្ញាបណ្ណអាជីវកម្មសម្រាប់រថយន្តដឹកជញ្ជូន។ រយៈពេលនៃការផ្អាកលែងផាកពិន័យលើលិខិតស្នាមយានយន្តនេះ មិនមានកាលកំណត់ទេ គឺត្រូវផ្អាករហូតមានបទបញ្ជាថ្មី។
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ មានប្រសាសន៍ប្រាប់វិទ្យុបារាំងនៅល្ងាចថ្ងៃពុធនេះថា បទបញ្ជាថ្មីរបស់អគ្គស្នងការនគរបាលជាតិនេះ ធ្វើឡើងក្នុងគោលដៅសម្រួលដល់ប្រជាពលរដ្ឋ ដែលកំពុងតែសម្រុកទៅធ្វើលិខិតស្នាមយានយន្តទាំងនេះ។ បទបញ្ជាថ្មីនេះ ក៏ផ្ដល់ឱកាសឲ្យក្រសួងសាធារណៈការនិងដឹកជញ្ជូន មានពេលគ្រប់គ្រាន់ក្នុងការផ្ដល់លិខិតស្នាមយានយន្តដល់ប្រជាពលរដ្ឋផងដែរ។ នេះបើតាម លោក រុន រ័ត្នវាសនា។
បើទោះបីជាការផាកពិន័យចំពោះលិខិតស្នាមយានយន្តត្រូវបានផ្អាកក៏ដោយ លោក រុន រ័ត្នវាសនា បញ្ជាក់ថា ការត្រួតពិនិត្យលិខិតស្នាមយានយន្ត និងការអនុវត្តចរាចរណ៍ នៅតែបន្តធ្វើដដែល។ ក្នុងនោះ ប្រសិនបើត្រួតពិនិត្យឃើញថា អ្នកប្រើប្រាស់ផ្លូវនៅមិនទាន់មានលិខិតស្នាមយានយន្តគ្រប់សព្វ សមត្ថកិច្ចនឹងអប់រំណែនាំឲ្យទៅធ្វើ ដោយមិនមានការផាកពិន័យទេ។ នេះចំពោះករណីខ្វះលិខិតស្នាមយានយន្ត។ ដោយឡែក ការពិន័យចំពោះបទល្មើសចរាចរណ៍ផ្សេងៗ នៅតែបន្តអនុវត្តតាមធម្មតា។
គួរជម្រាបជូនថា បញ្ហាលិខិតស្នាមយានយន្ត បានក្លាយទៅជាប្រធានបទក្ដៅនៃការជជែកពិភាក្សា ទាំងពីសំណាក់សង្គមស៊ីវិល និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ។ ភាពចម្រូងចម្រាស់នេះ នាំឲ្យមានការសម្រេចផ្អាកធ្វើបណ្ណបើកបរយានយន្ត និងផ្អាកផាកពិន័យចំពោះបណ្ណបើកបរយានយន្តរួចហើយ កាលពីសប្ដាហ៍មុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ