អានតួអត្ថបទ
កម្ពុជា

លីកាដូ៖ ពន្ធ​នាគារ​នៅ​កម្ពុជា មាន​ការ​រំលោភ​បំពាន ការ​រើស​អើង ការ​កេង​ប្រវ័ញ្ច និង​អំពើ​ពុក​រលួយ

អង្គការ លីកាដូ ចេញ​ផ្សាយ​នូវ​របាយការណ៍​ថ្មី​មួយ ស្តី​អំពី ស្ថាន​ភាព​បច្ចុប្បន្ន​នៃ​ពន្ធនាគារ​កម្ពុជា និង​សិទ្ធិ​មនុស្ស។ របាយការណ៍​ស្តី​អំពី “សិទ្ធិ​នៅ​លើ​ការ​ទិញ​ដូរ៖ ជីវិត​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា” រៀប​រាប់​យ៉ាង​លម្អិត​លើ​ការ​រំលោភ​បំពាន ការ​រើស​អើង ការ​កែង​ប្រវ័ញ្ច និង​អំពើ​ពុក​រលួយ ដែល​កំពុង​បន្ត​កើត​មាន​ឡើង និង​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា។ តាម​លីកាដូ ទោះ​បីជា​បាន​ចាប់​ផ្តើម​ជំហាន​ក្នុងការ​កែទម្រង់​ក៏ដោយ ក៏​ឧបសគ្គ​មួយ​ចំនួន នៅ​តែ​មាន ដូច​ជា ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ រចនា​សម្ព័ន្ធ​គ្រប់​គ្រង​នៅ​មាន​ភាព​ខ្វះ​ខាត ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលា​ឧទ្ធរណ៍ ខ្វះ​ខាត​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​កង្វះ​សមត្ថភាព​ខាង​ចំណេះ​ដឹង​ក្នុង​ចំណោម​មន្ត្រី​ពន្ធនាគារ​មួយ​ចំនួន។

ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ
ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

របាយការណ៍ ស្តីពី “សិទ្ធិ​នៅលើ​ការទិញ​ដូរ៖ ជីវិត​នៅក្នុង​ពន្ធនាគារ​កម្ពុជា” ត្រូវ​បាន​អង្គការ​លីកាដូ ចេញ​ផ្សាយ នៅ​ថ្ងៃ​អង្គារ ទី​២០​មករា។ របាយការណ៍​បង្ហាញ​ថា បើ​ទោះ​ជា​ពន្ធនាគារ​កម្ពុ​ជា មាន​ភាព​ខុស​ប្លែក​គ្នា​បែប​នេះ​ក៏​ដោយ ក៏​នៅ​មាន​កត្តា​មួយ​ចំនួន ដែល​បង្ហាញ​នូវ​លក្ខណៈ​ទូទៅ​របស់​ប្រព័ន្ធ​ពន្ធនាគារ​ទាំងមូល។ ភាព​ចង្អៀត​ណែន និង​ភាពខ្វះ​អនាម័យ ជា​បញ្ហា​ទូទៅ​របស់​ពន្ធនាគារ ហើយ​អំពើ​ពុក​រលួយ​ក៏​នៅ​តែ​មាន​ផងដែរ។

លីកាដូ លើក​ឡើង​ថា សម្រាប់​ជន​ជាប់​ឃុំ​ភាគ​ច្រើន លុយ​ជា​កត្តា​ដែល​កំណត់​នូវ​ស្ថានភាព​នៃ​ការ​ឃុំឃាំង ការប្រព្រឹត្ត​មកលើ​ជន​ជាប់​ឃុំ ការ​មក​សួរ​សុខ​ទុក្ខ​របស់​គ្រួសារ និង​ការ​ទទួល​បាន​នូវ​សេចក្តី​ត្រូវការ​ចាំបាច់​មួយ​ចំនួន ដូចជា អាហារ ទឹក ពន្លឺ​ថ្ងៃ និង​ខ្យល់​ចេញចូល​ធម្មជាតិ ជាដើម។ រចនាសម្ព័ន្ធ​ដឹកនាំ​ក្នុង​បន្ទប់​ពន្ធនាគារ ដែល​មាន​អំណាច និង​ភាព​គ្មាន​របៀប​រៀប​រយ បាន​ជះ​ឥទ្ធិ​ពល​ដល់​ជីវិត​ដែល​រស់នៅ និង​អនុវត្ត​ដោយមាន​អំពើ​និ​ទណ្ឌ​ភាព។ ក្នុង​នោះ កម្រិត​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន រង់​ចាំ​សវនាការ​នៅ​ខ្ពស់​នៅ​ឡើយ ជា​ពិសេស​ក្នុង​ចំណោម​ស្ត្រី និង​អនីតិជន។

អ្នកស្រី នូ សមអន អ្នក​គ្រប់គ្រង​គម្រោង​ពន្ធនាគារ​នៃ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ បាន​លើក​ឡើង​ថា “បញ្ហា​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​កម្ពុជា គឺមាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន ហើយ​គួរ​ឲ្យ​សោកស្តាយ យើង​មិន​ទាន់​ឃើញ​មានការ​ប្តេជ្ញាចិត្ត​ពិតប្រាកដ ក្នុងការ​ស្វែងរក​ដំណោះ​ស្រាយ​រយៈពេល​យូរ​នៅឡើយ​នោះ​ទេ។ អ្នកស្រី បន្ថែមថា វិធានការ​ជម្រើស​ផ្សេង ក្រៅ​ពី​ការ​ដាក់​ពន្ធនាគារ​នៅ​មិន​ទាន់​ត្រូវ​បាន​យកមក​ពិចារណា​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​នោះទេ ដោយ​មនុស្ស​ជា​ច្រើន ដែល​ត្រូវបាន​គេ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ក្នុង​ករណី​មិន​ចាំ​បាច់​។

នៅក្នុង​របាយការណ៍​ដ​ដែល លីកាដូ បាន​សន្និដ្ឋាន​ថា អាជ្ញាធរ​ពន្ធនាគារ នឹង​នៅ​តែ​មិនអាច​បំពេញ​តួនាទី​របស់​ខ្លួន ឲ្យ​បាន​ពេញ​លេញ​ក្នុង​ការ​ធានា​ឲ្យ​មាន​ការ​អប់រំ ការ​ស្តារនីតិ​សម្បទា និង​ការ​ថែរក្សា​បរិស្ថាន ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​ឡើយ។ ដើម្បី​សម្រេច​បាន​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ តុលាការ ត្រូវ​តែ​ស្វែង​យល់​អំពី​ផល​ប៉ះ​ពាល់​នៃ​គោល​នយោបាយ ក្នុង​ការ​ផ្តន្ទាទោស​ពន្ធ​នាគារ​របស់​តុលាការ។ អាជ្ញាធរ​ពន្ធនាគារ ត្រូវ​តែ​ងាក​ចេញ​ពី​ការ​រីក​រាល​ដាល​នៃ​អំពើ​ពុក​រលួយ និង​ឥទ្ធិពល​នៃ​អំណាច​ក្នុង​ការ​គ្រប់​គ្រង​បន្ទប់​ពន្ធនាគារ។

លីកាដូ បាន​ស្រាវជ្រាវ​ក្នុង​ពន្ធនាគារ​ចំនួន ១៨ កន្លែង ដែល​ត្រូវបាន​ឃ្លាំមើល​ជា​ទៀងទាត់ ដោយ​រួមទាំង​ការសម្ភាសន៍​ជន​ជាប់ឃុំ អតីត​អ្នក​ជាប់ឃុំ គ្រួសារ​របស់​ជន​ជាប់ឃុំ ការជួបប្រជុំ​ជាមួយ​ប្រធាន​ពន្ធនាគារ និង​មន្ត្រី​ពន្ធនាគារ។

អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គុយ ប៊ុនសន បាន​ច្រានចោល​របាយការណ៍​រប​ស់​លីកាដូ​ខាងលើ ព្រោះ​លោក​ថា មិន​អ​ព្យា​ក្រឹត្យ​នោះទេ។ លោក​ឧ​ត្ត​ម​សេនីយ៍ អះអាងថា ពន្ធនាគារ​នៅ​កម្ពុជា​ទាំងអស់ បើកចំហរ បើសិនជា​អ្នកកាសែត ចង់​ចូល​មើល។

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ បង្ហាញថា គិត​ត្រឹម​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ មាន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំងប្រទេស​ចំនួន ២៦ កន្លែង សរុប ១៥.១៦៨ នាក់ ក្នុងនោះ មាន​ស្ត្រី ១.២១២ នាក់ ហើយ​អ្នក​ដែល​កាត់ទោស​រួច មាន ៥.៣៥៣ នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ