អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

​បរិច្ចាគឈាម​ គឺ​សង្គ្រោះ​ជីវិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​រៀង​រាល់​​ឆ្នាំ នៅ​ថ្ងៃទី ១៤ មិថុនា ប្រទេស​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក​ទាំង​អស់​នឹង​​ប្រារព្ធ​ ទិវា​ពិភពលោក​នៃ​អ្នក​បរិច្ចាគ​ឈាម។ ឆ្នាំ​២០១៣​នេះ ប្រទេស​បារាំង​ គឺ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​កម្មវិធី​។ ប្រទេស​បារាំង​ដែល​បាន​ជំរុញ​ឱ្យ​មាន​ការ​ផ្តល់​ឈាម​ ដោយ​ស្ម័គ្រ​ចិត្ត​និង​ដោយ​ឥត​គិត​ថ្លៃ​តាំង​ពី​ឆ្នាំ​១៩៥០​មក។ នៅ​កម្ពុជា​វិញ បើ​តាម​តួលេខ​ឆ្នាំ​ ២០០៩ មាន​ការ​បរិច្ចាគ​តែ​៣០%​នៃ​តម្រូវការប៉ុណ្ណោះ។ ​កម្មវត្ថុ​នៃ​ទិវា​ពិភពលោក​នេះ គឺ​​ជំរុញ​ឱ្យ​មាន​ការ​ស្តុក​ឈាម​ និង​ប្រមូល​ឈាម​ប្រកប​សុវត្ថិភាព​ ព្រម​ទាំង​ចង់​ថ្លែង​អំណរ​គុណ​ដល់​អ្នក​បរិច្ចាគ​ឈាម​ទាំង​អស់​ ដែល​បាន​សំដែង​កាយ​វិការ​គួរ​ឱ្យ​គោរព​ និង​មាន​ទឹក​ចិត្ត​ជា​អ្នក​​សង្គ្រោះ។ ឆ្នាំ​នេះ​ ​ការ​ប្រារព្ធ​​ខួប​១០​ឆ្នាំ​នៃ​ទិវា​​អ្នក​បរិច្ចាគ​ឈាម​ ​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ « បរិច្ចាគ​ឈាម គឺ​ជា​ការ​សង្គ្រោះ​ជីវិត"។​

បរិច្ចាគ​ឈាម​ គឺ​សង្គ្រោះ​ជីវិត
បរិច្ចាគ​ឈាម​ គឺ​សង្គ្រោះ​ជីវិត ©OMS
ផ្សាយពាណិជ្ជកម្ម

ផ្តល់ឈាមម្តង អាចជួយ​​សង្គ្រោះជីវិតបាន​ដល់​ទៅ​​ បីនាក់​!

 
ជា​រៀង​រាល់​ឆ្នាំ​ មានការ​បរិច្ចាគឈាម​ប្រមាណ​ជាង ៩២​លាននាក់​ នៅ​​លើ​ពិភពលោក ក្នុង​នោះ​ពាក់​កណ្តាល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​​រស់​នៅ​ក្នុង​ប្រទេស​អ្នក​មាន ប្រទេស​អភិវឌ្ឍន៍ ដែល​តំណាង​ឱ្យ​តែ​​១៥%​នៃ​ប្រជាជនសរុប​​លើ​លោក​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ជំងឺ​​ច្រើនណាស់​​ដែល​ត្រូវ​ការ​​​ឈាម​​ជា​បន្ទាន់​​ដើម្បី​សង្គ្រោះ​ជីវិត​ មិន​អាច​រក​ឈាម​យក​មក​បញ្ចូល​បាន ជាពិសេស​នៅ​​ក្នុង​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍។ ប្រទេស​ជា​ច្រើន ខ្វះ​ទាំងបរិមាណ និង​ទាំង​គុណភាព សុវត្ថិភាព​ឈាម ក្នុង​ការ​ផ្តល់​ជូន​អ្នក​ជំងឺ។

ជាទូទៅ ការ​ប្រើ​ប្រាស់ឈាម​ មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ​ រវាង​​ប្រទេស​អ្នក​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​ទាប។​ ក្នុង​ប្រទេស​ក្រីក្រ អំណោយ​ឈាម​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​តែ​ក្នុង​ករណី​សង្គ្រោះ​បន្ទាន់​ពេល​ស្ត្រី​ឆ្លងទន្ល ឬ កង្វះ​ឈាម​ធ្ងន់ធ្ងរ​វិះ​ស្លាប់​ប៉ុណ្ណោះ។ ឯ​នៅ​ប្រទេស​អ្នក​មាន​​ រាល់​ការ​វះកាត់​​បេះដូង ប្តូរ​សរីរាង្គ​ ឬ​ការ​ព្យាបាល​ប្រឆាំង​នឹង​ជំងឺ​មហារីក​ សុទ្ធ​តែ​បាន​ទទួល​ការ​​បញ្ចូល​ឈាម។

​ការ​បរិច្ចាគ​ឈាម ជា​ជំនួយឧបត្ថម្ភ​​ជីវិត​

ដើម្បី​ឱ្យ​​​​ឈាមបំរុង​​​ ឆ្លើយ​តប​បាន​​យ៉ាង​ប្រាកដ​ទៅ​នឹង​តម្រូវការ​ តោង​ប្រមូល​ឈាម​​ ពី​អ្នក​ស្ម័គ្រ​ចិត្ត និង​ដោយ​ឥត​គិត​ថ្លៃ។ អ្នក​ផ្តល់​ឈាម​ជា​អចិន្ត្រៃយ៍ ជា​ប្រភព​ផ្តល់​ឈាម​ ប្រកប​ដោយ​សុវត្ថិភាព​​ខ្ពស់ ព្រោះ​ពួក​គាត់​​កម្រ​ជា​អ្នក​មាន​ផ្ទុក​មេរោគ​ អាចចម្លង​ដោយ​ឈាម​ ជាង​អ្នក​ស្ម័គ្រ​ចិត្ត​ផ្តល់​ឈាម​​ ជាបន្ទាន់ ដែល​ជា​សមាជិក​​ក្រុមគ្រួសារ​អ្នក​ជំងឺ​ ឬ​អ្នក​ផ្តល់​ឈាម​ដើម្បី​ថវិកា​។

ហេតុ​ដូច្នេះ​ហើយ បាន​ជា អង្គការ​សុខភាព​ពិភពលោក បាន​កំណត់​កម្មវត្ថុ​ នា​ឱកាស​ទិវាពិភពលោក​​នៃ​អ្នក​ផ្តល់​ឈាម​ឆ្នាំ​២០១៣ នេះ សូម​ឱ្យ​ប្រទេស​ជា​សមាជិក​អង្គការ​ទាំង​មូល ខិត​ខំ​ធ្វើ​យ៉ាង​ប្រមូល​ឈាម​​បំរុង​ទុក ឱ្យ​បាន​គ្រប់គ្រាន់ និង​មាន​គុណភាព ដោយ​យក​តែ​ពី​អ្នក​ស្ម័គ្រ​ចិត្ត និង​ដោយ​គិត​ថ្លៃ​​ មកសង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ ឱ្យ​បាន​ទាំង​ស្រុង​ នៅ​​ឆ្នាំ​២០២០។
មិន​តែ​ប៉ុណ្ណោះ អង្គការ​សុខភាព​ពិភពលោក បាន​ជំរុញ​​​ប្រទេស​ជា​សមាជិក​ឱ្យចេះ លើក​ទឹក​ចិត្ត ​​​ ថ្លែង​អំណរគុណ​​អ្នក​បរិច្ចាគ​ឈាម​ ដោយ​ស្ម័គ្រ​ចិត្ត​ និង​ឥត​គិត​ថ្លៃ ដើម្បី​​ឱ្យ​ពួក​គាត់​បន្ត​ធ្វើ​ការ​ផ្តល់​ឈាម និង​​ចេះ​លើក​​ទឹកចិត្ត​ ដល់​អ្នកមាន​សុខភាព​ល្អ​ មិន​ធ្លាប់​បរិច្ចាគ​ឈាម​ ជាពិសេស​យុវជន ឱ្យ​​ហ៊ាន​​ធ្វើ​ការ​បរិច្ចាគ​។ ការ​បរិច្ចាគ ត្រូវ​ស្ថិត​នៅ​ជា​ការ​ស្ម័គ្រ​ចិត្ត និ​ង​ដោយ​គ្មានគិត​​ថ្លៃ។

សូម​អញ្ជើញ​ចូល​រួម​ធ្វើ​ការ​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​ ព្រោះ​ការ​បរិច្ចាគ​នេះ នឹង​អាច​​ជួយ​​គ្រួសារ​មួយ​ ជីវិត​មួយ នៅ​ថ្ងៃ​នេះ ឬ​នៅ​ថ្ងៃ​ស្អែក​ ឱ្យ​​រួច​ពី​សេចក្តី​ស្លាប់ ! ឯ​លោក​អ្នក​វិញ មិន​បាន​ខាត​បង់​អ្វី ! ឈាម​លោក​អ្នក​ដែល​បូម​ចេញ​នឹង​ត្រូវ​បំពេញ​មក​វិញ ក្នុង​ពេល​ដ៏​​ខ្លី​បំផុត។

អន្តរាគមន៍​ដោយ​​លោក វេជ្ជបណ្ឌិត ហុង គឹមចេង អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ នៃ​ក្រសួង​សុខាភិបាល​កម្ពុជា

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ