អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ផ្សព្វផ្សាយ​ពី​នីតិវិធី​ច្បាប់ ក្នុង​ការ​ចុះ​ប​ញ្ជី​ក្រុមហ៊ុន​

ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ៣០ មេសា​នេះ បាន​បើក​សិក្ខាសាលា​មួយ ក្រោម​ប្រធាន​បទ “ការត្រៀមខ្លួន​ផ្នែក​ច្បាប់​សម្រាប់​ការ​ចុះ​បញ្ជី” ដើម្បី​ផ្សព្វផ្សាយ​ពី​នីតិវិធី​ច្បាប់​នានា​ក្នុង​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន ដែលមាន​ការ​ចាប់អារម្មណ៍ ក្នុង​ទីផ្សារ​ភាគហ៊ុន​នេះ។ បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា មាន​តែ​ក្រុមហ៊ុន រដ្ឋាករទឹក​មួយ​ប៉ុណ្ណោះ ដែល​បាន​ចុះបញ្ជី ខណៈ​​ដែល​ក្រុមហ៊ុន​មួយ​ចំនួនទៀត បាន​ចាប់អារម្មណ៍ ប៉ុន្តែ​មិនទាន់​សម្រេច​ចិត្ត​ក្នុង​ការ​ចុះ​បញ្ជី​នៅឡើយ។

សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​នីតិវិធី​ច្បាប់​សម្រាប់​ការចុះបញ្ជី​ក្រុមហ៊ុន នៅ​ថ្ងៃទី៣០មេសាឆ្នាំ ២០១៤។
សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​នីតិវិធី​ច្បាប់​សម្រាប់​ការចុះបញ្ជី​ក្រុមហ៊ុន នៅ​ថ្ងៃទី៣០មេសាឆ្នាំ ២០១៤។ RFI
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​បី​ហើយ ដែល​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​នីតិវិធី​ច្បាប់​សម្រាប់​ការចុះបញ្ជី​ក្រុមហ៊ុន។ សិក្ខាសាលា​នេះ​ធ្វើ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ពី​នីតិវិធី​ច្បាប់​ក្នុង​ការ​ចុះបញ្ជី និង ផ្តល់​ចំណេះដឹង​បន្ថែម​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ផ្នែក​ច្បាប់​នានា សម្រាប់​ក្រុមហ៊ុន ដែលមាន​បំណង​ចង់​ចូល​ផ្សារ​ហ៊ុន ក៏​ដូចជា​ក្រុមហ៊ុន ដែល​កំពុងតែ​ស្ថិត​ក្នុង​ដំណើរ​ការ​រៀបចំខ្លួន​ផងដែរ។

លោក ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​និយាយ​ឲ្យ​ដឹង​ថា សិក្ខាសាលា​នេះ​នឹង​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​បំណង​ចង់​ចុះ​បញ្ជី​ដឹង​ពី​កាតព្វកិច្ច​របស់ខ្លួន ដឹង​ពី​ដំណើរការ​នីមួយៗ​នៃ​ការ​រៀបចំ​ខ្លួន​ ក្នុង​ការចុះ​បញ្ជី​ចូល​ផ្សារ​ហ៊ុន។ បើតាម​អគ្គនាយក​រូបនេះ មាន​ក្រុមហ៊ុន​ប្រមាណ ១០ បាន​ចាប់អារម្មណ៍​នឹង​ការចូល​ផ្សារ​ហ៊ុន​នេះ ខណៈ​មួយ​ចំនួន​បាន​កំពុង​រៀបចំ​ខ្លួន​ខ្លះៗ ក្នុង​ការ​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន។ លោក ហុង សុ​ហួរ បាន​បញ្ជាក់ថា នៅ​ខែ​ក្រោយនេះ​ក្រុមហ៊ុន​កាត់ដេរ​មួយ​របស់​តៃវ៉ាន់ គ្រោង​នឹង​ធ្វើ​ការ​ចុះ​បញ្ជី ស្រប​ពេល​ដែល​ក្រុមហ៊ុន​មួយ ឫ ពីរ​ផ្សេង​ទៀត ក៏​គ្រោង​នឹង​ធ្វើ​ការ​ចុះ​បញ្ជី នៅមុន​ដំណាច់​ឆ្នាំ​២០១៤​នេះ។

ចំពោះ​លក្ខខណ្ឌ​ផ្លូវច្បាប់​វិញ លោក លី តៃ​សេង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មេធាវី HBS LAW បាន​ពន្យល់​ថា ដើម្បី​ចុះបញ្ជី​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ជាដំបូង​ក្រុមហ៊ុន ដែល​ចាប់អារម្មណ៍​ត្រូវដាក់​ពាក្យសុំ​ជាមុនសិន ហើយ​ក្រុមហ៊ុន​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា នឹងធ្វើ​ការត្រួតពិនិត្យ​ពី​លទ្ធភាព និង លក្ខខណ្ឌផ្សេង។ បន្ទាប់មក ក្រុមហ៊ុន​នោះ ត្រូវ​រៀបចំ​ក្រុម​ការងារ ដើម្បី​បោះផ្សាយ ហើយ​ត្រូវ​ជូនដំណឹង​ទៅ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ផងដែរ។ ក្រោយមក​ត្រូវ​រៀបចំ​ឯកសារ​ព័ត៌មាន​បញ្ជូន​ទៅ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដើម្បី​ធ្វើការ​ពិនិត្យ និង​អនុញ្ញាត។ លោក លី តៃសេង បាន​គូស​បញ្ជាក់​ថា ប្រសិនបើ​ក្រុមហ៊ុន​មានការ​រៀបចំ​បាន​ត្រឹមត្រូវ​នោះ រយៈពេល​នៃ​ដំណើរការ​ចុះបញ្ជី​អាច​ពី ៦ ខែ ទៅ មួយឆ្នាំ។

សូមបញ្ជាក់ថា តាំងពី​បាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១១ មក ក្រុមហ៊ុន​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​មានតែ​ក្រុមហ៊ុន រដ្ឋាករ​ទឹក​​ស្វ័យត​ក្រុងភ្នំពេញ​មួយ​ប៉ុណ្ណោះ ដែលបានចុះបញ្ជី និង កំពុងដំណើរ​ការ​លក់​ហ៊ុន​របស់​ខ្លួន។ចំណែក​ក្រុមហ៊ុន​ផ្សេងៗ​ទៀត បាន​ត្រឹម​តែ​ចាប់អារម្មណ៍ និង គ្រោង​ចុះ​បញ្ជី តែ​មិនទាន់​បាន​ចុះ​បញ្ជី​ជា​ផ្លូវការ​នៅ​ឡើយ​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ