អានតួអត្ថបទ
កម្ពុជា

បុគ្គលិក​ប្រេងសាំង​កាល់តិ​ច​ផ្ទុះ​ការ​តវ៉ា​ជាថ្មី​ និ​ង​ត្រៀម​ប្តឹង​ទៅ​កា​​ន់​ក្រសួង​ និង​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​

បុគ្គលិក​ក្រុមហ៊ុន​ប្រេងសាំង​កាល់​តិច​ប្រមាណ​ជា១០០នាក់ មិនបាន​ចូលធ្វើការ​នៅឡើយ​ទេ ដោយ​ពួកគេ​បាន​បន្ត​ការតវ៉ា​ជាថ្មី តាំងពី​ថ្ងៃ​សុក្រ និង​បន្ត​រហូតមកដល់​ថ្ងៃ​សៅ​រិ៍​នេះ។ ការតវ៉ា ដោយសារ​ថា ភាគី​ក្រុមហ៊ុន​បាន​តំរូវអោយ​ពួកគេ​ចុះកិច្ចសន្យា​ការងារ​ថ្មី ដែលមាន​លក្ខណៈ​បំបិទ​សិទ្ធិសេរីភាព​ការងារ។ តែ​យ៉ាងណា​ក៍ដោយ បុគ្គលិក​ទាំង​ជាង១០០នាក់ នឹង​ចូលធ្វើ​ការងារ​ឡើងវិញ ចាប់ពី​ថ្ងៃអាទិត្យ​ស្អែក​នេះ តែ​ក៍​ត្រៀម​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ក្រសួង​ការងារ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ថែមទៀត ដើម្បី​បង្ខំ​អោយ​ភាគី​ក្រុមហ៊ុន​គោរព​តាម​កិច្ចព្រមព្រៀង​កន្លងមក។

បុគ្គលិក​ក្រុមហ៊ុន​កាល់តិច ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ​១៦០​ដុល្លារ ព្រឹក​ថ្ងៃ​ទី​១២​ឧសភា ឆ្នាំ​២០១៤
បុគ្គលិក​ក្រុមហ៊ុន​កាល់តិច ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ​១៦០​ដុល្លារ ព្រឹក​ថ្ងៃ​ទី​១២​ឧសភា ឆ្នាំ​២០១៤ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់​មាន​បុគ្គលិក​ក្រុមហ៊ុន​ប្រេងសាំង​កាល​តិច១០០នាក់ មកពី៦សាខា ក្នុង​ចំនោម​១៨សាខា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ មិនទាន់​ចូលធ្វើការ​នៅឡើយ​ទេ និង​បាន​បន្ត​ការតវ៉ា​រហូតដល់​ថ្ងៃ​សៅ​រិ៍​នេះ ក្រោយពី​ពួកគេ​បាន​ចោទប្រកាន់​ភាគី​ក្រុមហ៊ុន​ថា បាន​រំលោភ​លើ​លក្ខណ​ការងារ និង​កិច្ចព្រមព្រៀង​បញ្ចប់​ជំលោះ កាលពី​ថ្ងៃទី២១ឧសភា។  ជា​កិច្ច​ព្រមព្រៀង​​ដែល​ភាគី​ក្រុមហ៊ុន​បានសំរេច​បន្ថែម​ប្រាក់​ចំនួន២០ដុល្លា ទៅលើ​ប្រាក់ខែ​គោល​របស់​បុគ្គលិក​គ្រប់ផ្នែក​ទាំងអស់។ តាម​កិច្ចព្រមព្រៀង​នោះ ក្រុម​បុគ្គលិក​អនាម័យ​នឹង​ទទួល​បាន១២០ដុល្លារ ក្រុម​ចាក់​សាំង១៣០ដុល្លារ ក្រុម​ដូរ​ប្រេង១២០ដុល្លារ បេឡា​១៥០ដុល្លារ​ និង​អ្នក​ឆុង​កាហ្វេ១៥០ដុល្លារ។

ក៍​ប៉ុន្តែ​នៅពេលដែល​បុគ្គលិក​អ្នក​តវ៉ា​បាន​យល់ព្រម​ចូលធ្វើការ​វិញ​នៅ​ថ្ងៃទី២២ឧសភា​នោះ បែរជា​ត្រូវ​ភាគី​ក្រុមហ៊ុន​តំរូវអោយ​ពួកគេ ចុះកិច្ចសន្យា​ការងារ​ថ្មី។ កិច្ចសន្យាការងារ​ថ្មី ដែល​ហាម​មិនអោយ​បុគ្គលិក​ក្រុមហ៊ុន ចូលរួម​ធ្វើបាតុកម្ម​នៅពេល​អនាគត ហើយ​ថា ភាគី​ក្រុមហ៊ុន​ត្រូវការ​ពេល២ខែ​ទៀត ដើម្បី​សិក្សា​ពី​បញ្ហា​ប្រាក់ខែ​ដែល​ត្រូវ​តំឡើង​អោយ​កម្មករ។

លោក ស ម៉ូ​រ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ក្រោយពី​បាន​ប្រជុំ​ជាមួយ​បុគ្គលិក​អ្នក​តវ៉ា​កាលពី​ព្រឹក​ថ្ងៃ​សៅ​រិ៍​នេះ​ថា បុគ្គលិក​ឈប់​តវ៉ា​រឿង​ប្រាក់​ឈ្នួល​ហើយ តែ​ការតវ៉ា​នេះ ដោយសារ​ក្រម​ហ៊ុន​បានចេញ​កិច្ចសន្យា​ការងារ​​ថ្មី ដែលមាន​លក្ខណៈ​រឹតត្បិត​លើ​បុគ្គលិក។ តែ​យ៉ាងណា​ក៍ដោយ លោក ស ម៉ូ​រ៉ា បាន​បញ្ជាក់ថា ក្រោយពី​បាន​ជួបប្រជុំ​នៅ​ថ្ងៃ​សៅ​រិ៍​នេះ បុគ្គលិក​ក្រុមហ៊ុន​ប្រេងសាំង​កាល់​តិចជាង ១០០នាក់​នេះ នឹង​ចូលធ្វើការ​វិញ ចាប់ពី​ថ្ងៃអាទិត្យ​ទី២៥ឧសភា​តទៅ។

ប៉ុន្តែ​ជាមួយគ្នានេះ សហជីព​របស់លោក នឹង​តំណាងអោយ​បុគ្គលិក​ទាំងអស់ ដើម្បី​សរសេរ​ពាក្យបណ្តឹង​ដាក់​ទៅកាន់​ក្រសួង​ការងារ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើម្បី​ចាប់បង្ខំ​អោយ​ភាគី​ក្រុមហ៊ុន​អនុវត្តន៍​លក្ខ​ណ្ឌ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​គោរព​ទៅតាម​កិច្ចព្រមព្រៀង​បញ្ចប់​ជំលោះ​កាលពី​ថ្ងៃទី២២ឧសភា​កន្លងទៅនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ