អានតួអត្ថបទ
កម្ពុជា

ព្រះមហាក្សត្រ​អំពាវនាវ​ជាថ្មី​ឲ្យ​មាន​សាមគ្គីភាព​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ

មិទ្ទិញ​មហាជន ដែល​មាន​មនុស្ស​ចូលរួម​រាប់ម៉ឺន​នាក់ ដើម្បី​អបអរ​ខួប ១០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជសម្បត្តិ របស់​ព្រះករុណា ព្រះបរម​នាថ នរោត្តម សីហ​មុនី បាន​បញ្ចប់​ទៅ​ហើយ នៅ​ព្រឹក​នេះ។ ពិធី​ដ៏​នក្ខត្តឫក្ស ដែល​មាន​ការ​ចូលរួម​ពី​មេដឹក​នាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​ ត្រូវ​គេ​មើល​ឃើញ​ថា បាន​បង្ហាញ​នូវ​ការ​ឯកភាព​ជាតិ​មួយ នៅ​ក្នុង​ក្រោម​ម្លប់​ព្រះមហាក្សត្រ។បន្ទាប់​ពី​មាន​ព្រះរាជ​សង្កថា​លើក​ឡើង ​ពី​សមិទ្ធិផល​នានា របស់​រដ្ឋាភិបាល ព្រះមហាក្សត្រ​ក៏បាន​អំពាវនាវ ដល់​ខ្មែរ​គ្រប់​ព័ណ៌​សម្បុរ​ឲ្យ​សាមគ្គី​គ្នា ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​ប្រទេស​ជាតិ។

ទិដ្ឋភាព​នៅក្នុង​ព្រះរាជពិធីបុណ្យ​ខួប​ ១០ឆ្នាំ នៃការឡើងគ្រងរាជ្យ​សម្បត្តិរបស់​ព្រះបរមនាថ នរោត្តម​ សីហមុនី។
ទិដ្ឋភាព​នៅក្នុង​ព្រះរាជពិធីបុណ្យ​ខួប​ ១០ឆ្នាំ នៃការឡើងគ្រងរាជ្យ​សម្បត្តិរបស់​ព្រះបរមនាថ នរោត្តម​ សីហមុនី។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ការ​ថ្លែង​ព្រះរាជ​សង្កថា របស់​ព្រះមហាក្សត្រ​កម្ពុជា​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ពី​នៅ​លើ​វេទិកា​ប្រាសាទ​ចន្ទ​ឆាយា បែរ​ព្រះ​ភ័​ក្រ្ត​ទៅ​រក​មហាជន ដែល​មាន​ប្រជាពលរដ្ឋ មន្ត្រី​រាជការ សិស្ស និស្សិត និង​កង​កម្លាំង​ប្រដាប់​អាវុធ ប្រមាណ​ជា ២​ម៉ឺន​នាក់ នៅ​ក្នុង​ឱកាស​នៃមិទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​១០ នៃ​ការ​ឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះអង្គ។

 

ពិធី​ដែល​បាន​រៀបចំ ដោយ​មាន​មហាជន​ច្រើន​កុះករ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក៏​បាន​ចូលរួម​ផងដែរ​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំងពីរ ក្នុង​នោះ​មាន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុ​ប្រធាន​ទី​១ រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រឆាំង ព្រមទាំង​អង្គ​ទូត​នានា ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ តែ​សម្តេច​ម៉ែ និង ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ជម្ងឺ​ប្រចាំ​កាយ មិន​មាន​វត្តមាន​ទេ។

លោក អ៊ុំ ដារ៉ាវុធ ទី​ប្រឹក្សា អម​ព្រះរាជ​លេខាធិការដ្ឋាន​ស​ម្តេច​ម៉ែ ថ្លែង​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ព្រឹក​នេះ​ដែរ​ថា សម្តេចម៉ែ​មិន​មាន​វត្តមាន ដោយ​ហេតុ​ថា​ជា​ពិធី​ផ្លូវការ​របស់បុត្រ ក៏ប៉ុន្តែ​លោកបញ្ជាក់​ថា សម្តេចម៉ែ នឹង​បង្ហាញ​ព្រះ​ភ័ក្ត្រ នៅវេលា​ល្ងាច​នេះ ក្នុង​ព្រះ​រាជពិធី​ស្រោច​ស្រព​ព្រះ​សុគន្ធ​វារី នៅក្នុង​ព្រះបរមរាជវាំង។

ដោយ​មាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ ទូរទស្សន៍​ឯកជន និង​វិទ្យុ​មួយ​ចំនួន​ផង​នោះ កម្មវិធី​ត្រូវ​បាន​បញ្ចប់ នៅ​វេលា​ប្រមាណ​ជា​ម៉ោង ៩​កន្លះ​ព្រឹក បន្ទាប់​ពី​ការ​ចាប់ផ្តើម​ដោយ​របាំ​ជូនពរ ការ​ថ្លែង​សុន្ទរកថា របស់​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ព្រះ​រាជសង្កថារបស់​ព្រះមហាក្សត្រ និង​បិទ​កម្មវិធី ដោយ​ការលែង​ព្រាប និង​ប៉េងប៉ោង ទៅ​ក្នុង​លំហ​អាកាស។

សូមបញ្ជាក់ថា ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​មាន​ព្រះជន្ម ៦១​ព្រះវស្សា បាន​ឡើង​គ្រងរាជ្យ​បន្ត ពី​ព្រះបិតា របស់​ព្រះអង្គ​គឺ​សម្តេច​ឳ នៅ​ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០០៤ បន្ទាប់​ពី ត្រូវ​បាន​ជ្រើសរើស ដោយ​សមាជិក​ទាំង ៩រូប​នៃ​ក្រុម​ប្រឹក្សា​រាជសម្បត្តិ នៅ​ថ្ងៃទី១៤ ខែ​ឆ្នាំ​ដដែល។ ព្រះអង្គ​ដែល​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ខាង​សិល្បៈ មាន​បទ​ពិសោធន៍​ការងារ និង​ការ​សិក្សា​ច្រើន​នៅ​ក្រៅ​ប្រទេស ហើយ​ចេះ​ភាសា​ច្រើន​ទៀត​នោះ ត្រូវ​បាន​អ្នកវិភាគ ក៏ដូចជា​អង្គទូត ស្រលាញ់​ចូលចិត្ត ចាត់ទុកថា​ ជា​ព្រះមហាក្សត្រ​មួយអង្គ ដែលមាន​ភាព​ស្ងៀមស្ងាត់ សាមញ្ញ និង​មាន​រាជកិច្ច​ច្រើន ក្នុង​ព្រះរាជតួនាទី​ជា​ព្រះប្រមុខរដ្ឋ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ