អានតួអត្ថបទ
កម្ពុជា

សិទ្ធិ​មនុស្ស ១០​ធ្នូ ក្រោម​​សម្រែក​​ទាមទារ​​ការ​គោរព​​សិទ្ធិ​​ពិត​ប្រាកដ​

ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធមនុស្ស​អន្តរជាតិ ខួប​ទី ៦៦ ឆ្នាំ ២០១៤នេះ ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល បាននាំគ្នា​ជួបជុំ សម្តែង​មតិ ពេញ​មួយថ្ងៃ នៅ​ទីលាន​ប្រជាធិបតេយ្យ។ ជាការ​សម្តែង​មតិ ក្រោម​ប្រធាន «មាន​តុលាការ​ឯករាជ្យ មានការ​គោរព​សិទ្ធមនុស្ស»។ ការសម្តែង​មតិ បាន​ផ្សារភ្ជាប់ នឹង​ការស្នើសុំ​ផង ទាមទារ​ផង យំសោក​ផង សូម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ឲ្យ​បាន​នូវ​ការគោរព​សិទ្ធមនុស្ស​ដ៏​ពិតប្រាកដ​មួយ។

លោកសុក សំអឿន ថ្លែងសុន្ទរកថា ក្នុងទិវាសិទ្ធមនុស្សអន្តរជាតិ១០ធ្នូ នៅទីលាន​ប្រជាធិបតេយ្យ។
លោកសុក សំអឿន ថ្លែងសុន្ទរកថា ក្នុងទិវាសិទ្ធមនុស្សអន្តរជាតិ១០ធ្នូ នៅទីលាន​ប្រជាធិបតេយ្យ។ RFI/Sokpheary
ផ្សាយពាណិជ្ជកម្ម

ក្រោម​ប្រធានបទ «មាន​តុលាការ​ឯករាជ្យ មានការ​គោរព​សិទ្ធមនុស្ស» ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល បាន​ចាប់អារម្មណ៍​ឃើញថា ដំណើរការ​នៃ​ការគោរព​សិទ្ធមនុស្ស បាន​ដើរ​ថយក្រោយ​យ៉ាងខ្លាំង ដោយសារ​ប្រព័ន្ធតុលាការ​បច្ចុប្បន្ន។ លោក សុក សំអឿន ប្រធាន​សម្របសម្រួល គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម (CHRAC) បាន​ឡើង​ថ្លែង​ដោយ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល បោះជំហាន​ដើម្បី​ធានា ឲ្យ​បាន​នូវ​តុលាការ​ដែលមាន​តម្លាភាព ត្រូវ​ធានាថា​មន្ត្រី​តុលាការ​ទទួលបាន​កម្រៃ​គ្រប់គ្រាន់ សម្រាប់​កិច្ចការ​សំខាន់ ដែល​ពួកគេ​បានធ្វើ។ ត្រូវ​ធានាថា​តុលាការ​ទទួលបាន​នូវ​គ្រប់​របាយការណ៍​តុលាការ​ដោយ​សេរី ហើយ​ការការពារ ត្រូវបាន​ផ្តល់​ដល់​សាធារណជន​ជាប់ចោទ នៅក្រោម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា ដោយ​ប្រកាន់ខ្ជាប់​យ៉ាង​តឹងរ៉ឹង និង​ការផ្តល់សេវា​ជំនួយ​ផ្លូវច្បាប់​គ្រប់គ្រាន់។ 

តុលាការ មិន​ឯករាជ្យ គឺជា​ដើមចម ដែល​ធ្វើ​ឲ្យ​មាន​អយុត្តិធម៌​ក្នុងសង្គម, អយុត្តិធម៌ សម្រាប់​ជនជាតិភាគតិច។ នេះ​គឺជា​ការ​ថ្លែង​របស់លោក​លី លីម តំណាង​ជនជាតិដើម​ភាគតិច មកពី​ខេត្តក្រចេះ។ លោក​ចង់​ឲ្យ​រដ្ឋាភិបាល ពិគ្រោះ​យោបល់​ជាមួយ​ជនជាតិដើម​ភាគតិច​ជា​មុន​សិន​ មុននឹង​ធ្វើការ​សាងសង់​ទំនប់​វា​រី​អគ្គិសនីផ្សេងៗ ព្រោះថា​កន្លងមក​រដ្ឋាភិបាល មិនដែល​បាន​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ ហើយ​ថែមទាំង​រួម​ដៃ​ជាមួយ​ក្រុមហ៊ុនផ្សេងៗ រំលោភ​ដីធ្លី​ពលរដ្ឋ។ តាម​លោក​លី លីម បញ្ហា​ទាំងនេះ បានធ្វើ​ឲ្យ​ជនជាតិដើម​ភាគតិច នឹង​បាត់បង់​វប្បធម៌ ប្រពៃណី ហើយ​មាន​ជីវភាព​កាន់តែ​លំបាក​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដែល​លោក​ហៅថា​ជាការ​រំលោភ​សិទ្ធិមនុស្ស​ទៅលើ​ជនជាតិដើម​ភាគតិច ដែល​គួរតែ​បំបាត់ចោល។

ចំនែក​អ្នកស្រី អ៊ំ សុ​ភី តំណាង​សហគមន៍​ដីធ្លី នៅ​ឡ​ពាង ខេត្តកំពង់ឆ្នាំង ក៏បាន​ឡើង​ថ្លែង​ទាំង​អួលដើមករ ទាមទារ​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស​ដ៏​ពិតប្រាកដ​មួយ មិនមែន​សិទ្ធិមនុស្ស​តែ​នៅ​នឹង​មាត់ និង​លើ​ក្រដាស​នោះទេ។ ដោយមាន​បីកូន​នឹង​ដៃ​ផង អ្នកស្រី អ៊ំ សុ​ភី យំ​ផង​និយាយ​ដាក់​មេក្រូ​ផង​ថា តាំងពី​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ខេ​ឌី​ស៊ី អ្នកស្រី និង​ក្រុមគ្រួសារ​កាន់តែ​មាន​ជីវភាព​ក្រីក្រ​លំបាក ដោយសារ​អ្នកស្រី ត្រូវ​តវ៉ា ទាមទារ​ដី​មកវិញ ត្រូវ​បាត់បង់​ការងារ ហើយ​ត្រូវ​រង​ការគំរាមកំហែង​ឥតឈប់ឈរ មាន​ទាំង​ការចាប់​ដាក់គុក​ផង ដោយ​គ្រាន់តែ​ទាមទារ ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​អ្វីដែល​ខ្លួន​បានធ្វើ​ត្រូវ។ អ្នកស្រី បាន​ថ្លែង​ដោយ​ទឹកមុខ​ឈឺចាប់​ថា យុត្តិធម៌ ប្រហែលជា​មានតែ​ចំពោះ​អ្នកមាន​លុយ​មានអំណាច​ប៉ុណ្ណោះ ចំពោះ​អ្នកក្រ គឺ​គ្មាន​ឡើយ​ប្រព័ន្ធតុលាការ​យុត្តិធម៌។

ដោយឡែក កូនស្រី​របស់​អ្នកស្រី គង់ ចន្ថា ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស គឺ​កញ្ញា​សៀក ហ៊​ន ដែលជា​ជនរងគ្រោះ​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ក៏បាន​ឡើង​ថ្លែង​ដោយ​ភាព​ក្តុកក្តួល ថ្កោលទោស​រាជរដ្ឋាភិបាល ថា​មិនបាន​គោរព​សិទ្ធិមនុស្ស​ត្រឹមត្រូវ​នោះទេ។ តាម​កញ្ញា​សៀក ហ៊​ន តុលាការ​បាន​កាត់ក្តី​ដោយ​មិន​ផ្អែកលើ​ការពិត ហើយ​បង្ក​ឲ្យ​ម្តាយ​និង​កូន កញ្ញា ត្រូវ​រស់នៅ​ព្រាត់ប្រាស់​គ្នា។

ក្រៅពី​ការ​ថ្លែង​របស់​ជនរងគ្រោះ​ដោយសារ​បញ្ហាដីធ្លី និង​តំណាង​សង្គម​ស៊ីវិល ក៏មាន​ផងដែរ ការចូលរួម​ថ្លែង​ដោយ​តំណាង​សហភាព​អឺ​រុ​ប និង​តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធមនុស្ស​ប្រចាំ​កម្ពុជា ដោយ​ស្នើ​ឲ្យ​មាន​ការបន្ត​គោរព​សិទ្ធមនុស្ស​នៅ​កម្ពុជា និង​អនុវត្ត​ឲ្យ​បាន​នូវ​ប្រព័ន្ធតុលាការ​ឯក​រាជ្យ​មួយ ដើម្បី​សិទ្ធ និង​យុត្តិធម៌ សម្រាប់​ប្រជាពលរដ្ឋ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ