អានតួអត្ថបទ
កម្ពុជា

មេ​ដឹក​នាំ​​នយោបាយ​​ថ្លែង​​សារ​​ក្នុង​​ទិវា​​សិទ្ធិ​មនុស្ស​

សម្រាប់​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​នេះ មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ទិវា​នេះ ដោយ​មាន​ការ​ថ្លែង​សារ​មួយ​ចំនួន​ផង ខណៈ​ដែល​ប្រមុខ​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ចេញ​ទៅ​បំពេញ​បេសកក​កម្ម​នៅ​ក្រៅ​ប្រទេស។ ស្ថានទូត​អាមេរិក​ក៏​បាន​ថ្លែង​សារ​ជំរុញ​ឲ្យ​គ្រប់​ភាគី​ចូលរួម​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដើម្បី​ឧទ្ទិស​ដល់​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ លោក​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​និង​ជា​អនុប្រធាន​ទី១រដ្ឋសភា​បាន​ថ្លែងថា ដើម្បី​ធានា​ឲ្យ​បាន​នូវ​សេចក្តីថ្លៃថ្នូ​របស់​មនុស្ស យ៉ាងហោចណាស់​រដ្ឋ​ត្រូវ​ធានា​សិទ្ធិ​ជា​មូលដ្ឋានចំនួន៥គឺ សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​មាន​ចំណីអាហារ​គ្រប់គ្រាន់ សិទ្ធិ​មានផ្ទះ​សម្បែង​សមរម្យ សិទ្ធិ​ទទួល​បាន​​សេវា​អប់រំ​និង​សិទ្ធិ​ទទួលបាន​សេវា​សុខាភិបាល។ 

ក្រៅពីនោះ​រដ្ឋ​ត្រូវ​ធានា​សិទ្ធិ​ផ្សេងទៀត​ដូចជា​សិទ្ធ​រួច​ផុតពី​ទាសភាព រួច​ផុតពី​ទារុណកម្ម និង​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់​ជាដើម។ សម្រាប់​លោក កឹម សុខា ដើម្បី​ធានា​ការគោរព​សិទ្ធិ​មនុស្ស​​កម្ពុជា​ត្រូវមាន​កត្តា​សំខាន់​បី​ជា​ចាំបាច់​គឺ ស្ថិរភាព​នយោបាយ ប្រព័ន្ធតុលាការ​ឯករាជ្យ និង​ការអនុវត្ត​ច្បាប់​ដោយ​សមភាព។ ចំណែក​លោក សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​ក៏បាន​ចូលរួម​ក្នុង​ធម្ម​យាត្រា​ជាមួយ​ពលរដ្ឋ​តាមផ្លូវ​ជាតិ​លេខ២ចេញពី​ខេត្តតាកែវ​និង​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​សកម្មជន​សិទ្ធិមនុស្ស​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ទាមទារ​ឲ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា។

ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស១០ធ្នូ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាក​ចេញពី​ប្រទេស​ឆ្ពោះទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​ពិធី​ប្រារព្ធ​ខួប​ជា​ដៃគូ​រវាង​សាធារណៈរដ្ឋ​កូរ៉េ​និង​អាស៊ាន។ លោកនាយក​រដ្ឋមន្ត្រី​ក៏​គ្រោង​ជួប​ជាមួយ​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េ​ផងដែរ។ គ្មាន​​ការ​​ថ្លែង​សារ​អំពី​សិទ្ធិមនុស្ស​ពី​សំណាក់​លោក ហ៊ុន សែន ទេ​នៅថ្ងៃនេះ។

ប៉ុន្តែ សារ​ដែល​គេ​ធ្លាប់​លឺជា​ញឹកញាប់​មកហើយ​នោះ​គឺ រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បានផ្តល់​ជូន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​សំខាន់​មួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​គឺ​សិទ្ធិ​រស់រានមានជីវិត​ចេញពី​របប​ខ្មែរក្រហម​និង​ការអភិវឌ្ឍ​ប្រទេស​នាពេល​បច្ចុប្បន្ន។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីលៀម ថូដ ក៏បាន​ថ្លែង​សារ​មួយ​ដែរ។ លោក​បាន​សម្តែង​មោទនភាព​ចំពោះ​សកម្មជន និង​អង្គការ​សង្គម​ស៊ីវិល​ទាំងឡាយ​ដែល​បានធ្វើ​សកម្មភាព​ជាប្រចាំ​ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​អះអាងថា លោក​ស្ថិតនៅ​ជានិច្ច​ជាមួយ​អ្នក​ទាំងនោះ។ ឯកអគ្គរដ្ឋទូត​អាមេរិក​ក៏បាន​កត់សម្គាល់​ពី​ការរីកចម្រើន​មួយចំនួន​ខាង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប៉ុន្តែ ក៏មាន​ការស្រុតចុះ​មួយចំនួន​ដែរ។

លោក វីលៀម ថូដ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចូលរួម​ជាមួយ​បក្សប្រឆាំង​និង​សង្គម​ស៊ីវិល​ដើម្បី​ជជែក​អំពី​បញ្ហា​និ​ទណ្ឌ​ភាព បក្សពួកនិយម និង​អំពើពុករលួយ​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ