អានតួអត្ថបទ
កម្ពុជា

គង់ គាំ៖ ពលរដ្ឋ​សាទរ​នយោបាយ​ស្បែក​ខ្លា និង​ជំរុញ​ឲ្យ​ដោះស្រាយ​ទំនាស់​ដីធ្លី

គណៈប្រតិភូ​គណៈកម្មការ​ទី១​នៃ​ព្រឹទ្ធសភាកម្ពុជា​ដែល​ដឹកនាំ​ ដោយ លោក គង់ គាំ នៅ​ថ្ងៃអាទិត្យ​ទី៣០​វិច្ឆិកា​នេះ បាន​ចុះទៅ​ត្រួតពិនិត្យ​ស្ថានភាព​ជម្លោះ​ដីធ្លី នៅ​ស្រុក​ចំនួន​ពីរ ក្នុង​ខេត្តកោះកុង។ បើតាម​លោក គង់ គាំ ក្រុមហ៊ុនចិន Union Development Group បាន​សារភាព​ថា កន្លងមក ខ្លួន​ពិតជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ពិតមែន តែ​ក្រុមហ៊ុន​នេះ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​មិត្តភាព​កម្ពុជា​ចិន​នោះទេ។ ទោះ​យ៉ាង​ណា ក៏​ដោយ នៅ​ក្នុង​បេសសកម្ម​រយៈពេល​មួយថ្ងៃពេញ​នេះ លោក គង់ គាំ បាន​បញ្ជាក់​ថា ប្រជាជន​រងគ្រោះ​ទាំងនោះ​ចង់​ឃើញ​ដំណោះស្រាយ​ដីធ្លី​ពិតប្រាកដ ហើយ​ពួកគេ​គាំទ្រ​ចំពោះ​គោលនយោបាយ​ស្បែក​ខ្លា​របស់​រដ្ឋាភិបាល។

លោក គង់ គាំ ប្រធាន​គណៈកម្មការ​ទី១ព្រឹទ្ធសភា កូតា​មកពី​គណៈបក្ស​សមរង្ស៊ី​
លោក គង់ គាំ ប្រធាន​គណៈកម្មការ​ទី១ព្រឹទ្ធសភា កូតា​មកពី​គណៈបក្ស​សមរង្ស៊ី​ ©Channa/rfi
ផ្សាយពាណិជ្ជកម្ម

លោក គង់ គាំ ប្រធាន​គណៈកម្មការ​ទី១ព្រឹទ្ធសភា បាន​ដឹកនាំ​ព្រឹទ្ធសមាជិក​ចំនួន៤រូប ចុះ​ធ្វើ​បេសកកម្ម​អង្កេត​ស្ថានភាព​ទំនាស់​ដីធ្លី នៅ​ស្រុក​បទុម​សាគរ និង​ស្រុក​គិរីសាគរ ក្នុង​ខេត្ត​កោះកុង​។ នៅ​ថ្ងៃអាទិត្យ​ទី៣០វិច្ឆិកា លោក​បាន​ជួប​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី ប្រមាណ​ជិត២០០នាក់។ ពួកគេ​បាន​រៀបរាប់​ពី​វិបត្តិ​ដីធ្លី​របស់​ពួកគេ និង​ស្នើសុំ​ឲ្យ​លោក​ជួយ​រក​ដំណោះស្រាយ។ លោក គង់ គាំ បាន​សន្យា​នឹង​ប្រជាពលរដ្ឋ​ទាំងនោះ​ថា លោក​នឹងធ្វើ​របាយកាណ៍​ជម្រាប​ដល់​ព្រឹទ្ធសភា​កម្ពុជា និង​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​រដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ​នោះ ប្រធាន​គណៈកម្មការ​ទី១នៃ​ព្រឹទ្ធសភា​រូបនេះ ក៏​នឹងមាន​វិធានការ​ជាមួយ​ស្ថានអគ្គរដ្ឋទូត​ចិន នៅ​ភ្នំពេញ ដើម្បី​ធ្វើ​ចំណាត់ការ​ណាមួយ​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ខេត្តកោះកុង ទៀតផង។

 
ក្រៅពី​ជួប​ភាគី​ជនរងគ្រោះ ​លោក​ក៏​បាន​ជួប​ផ្ទាល់​ជាមួយ​អ្នកតំណាង​ក្រុមហ៊ុន​ចិន Union Development Group ផងដែរ។ ក្រុមហ៊ុន​នេះ បាន​សារភាពថា កន្លងមក សន្តិសុខ​របស់ខ្លួន​ពិតជា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ពិតមែន។ គួរ​រម្លឹក​ជូន​ដែរ​ថា ពេល​កន្លងទៅ សន្តិសុខ​របស់​ក្រុមហ៊ុន Union Development Group បាន​បណ្តេញ​ប្រជាជន​ចេញពី​លំនៅ​ដ្ឋាន ឈូសឆាយ​និង​ដុតបំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង នៅ​ស្រុក​បទុម​សាគរ។

នៅពេលនេះ ចំពោះ​ជំហរ​របស់​សមាជិក​ព្រឹទ្ធសភា​ដែលមាន​កូតា​មកពី​គណៈបក្ស​សមរង្ស៊ី​រូបនេះ មិន​ចង់ឃើញ​ក្រុមហ៊ុន​របស់​ចិន ដែល​ប្រទេស​ចិន​មាន​ចំណង​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​នោះ​ ធ្វើ​ឲ្យ​ប៉ះពាល់ និង​ផ្តល់​ទុក្ខវេទនា​ដល់​ប្រជាជន​ខ្មែរ​នោះទេ។ លោក គង់ គាំ អះអាង​ថា លោក​នឹងមាន​វិធានការ​ជាមួយ​ស្ថានទូតចិន​នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​រឿងនេះ។

ក្រោយ​បាន​ពី​សន្យា​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ ហាក់​ទុក​ចិត្ត​​និង​ផ្តល់​ក្តីសង្ឃឹម​ចុងក្រោយ​លើ​រូបលោក។ លោក គង់ គាំ ថ្លែងថា ពលរដ្ឋ​ទាំងនោះ​សាទរ​គាំទ្រ និង​មាន​ក្តីសង្ឃឹម​ចំពោះ​គោលនយោបាយ​ស្បែកខ្លា​របស់​រដ្ឋាភិបាល។ គោល​នយោបាយ​ស្បែកខ្លា គឺជា​វិធានការ​ដែល​ដាក់​ចំពោះ​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​ដី​សម្បទាន​សេដ្ឋកិច្ច ត្រូវអនុវត្ត កុំ​ឲ្យ​ប៉ះ​ដល់​ដី​កម្មសិទ្ធិ​ពលរដ្ឋ ហើយ​ដោយ​ត្រូវ​ឃ្វាង​ចេញពី​ដី​លំនៅ​ដ្ឋាន​​របស់​ប្រជាជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ