សេចក្តីព្រាងច្បាប់សហជីព៖ តំណាងនិយោជក ខកចិត្តព្រោះចំណាយពេលយូរ ខណៈតំណាងនិយោជក នៅតែត្រូវការពេលថែម
ដូចការគ្រោងទុក រដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី ៩មីនានេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងច្បាប់សហជីព។ សេចក្តីព្រាងច្បាប់ ដែលបានតាក់តែងតាំងពីឆ្នាំ២០០៨ ប៉ុន្តែមកដល់ពេលនេះ ទាំងខាងសហជីពគាំទ្រនិយោជក និងនិយោជិត នៅតែគិតថាមានលក្ខណៈមិនទាន់គ្រប់គ្រាន់ ហើយមាត្រាខ្លះ ហាក់ដូចជាបង្កឲ្យមានការជ្រៀតជ្រែកសិទ្ធិសហជីពជាដើម។ ក្នុងសិក្ខាសាលាពេញមួយព្រឹក ភាគីចូលរួមតំណាងឲ្យនិយោជក និងនិយោជិក នៅតែសំណូមពរឲ្យមានការពិចារណាឡើងវិញ ហើយគេក៏សង្ឃឹមថាសេចក្តីព្រាងច្បាប់ចុងក្រោយ នឹងប្រសើរជាងនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៩
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ពីសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលធ្វើពេញមួយព្រឹក នៅវិមានរដ្ឋសភា ភាគីពាក់ព័ន្ធដែលបានចូលរួម ដូចជាតំណាងសមាគមនិយោជក និយោជិត និងក្រុមប្រឹក្សាសហជីពជាដើម បានបញ្ចេញមតិយ៉ាងផុសផុល ដោយមានទាំងសំណូមពរផង ការអំពាវនាវផង និងការគាំទ្រផង។ ចំណែកប្រធានគណៈកម្មាការទី ៦នៃរដ្ឋសភា ដឹកនាំដោយលោកប៉ែន បញ្ញា និងតំណាងក្រុមការងារចំពោះកិច្ច មានលោកសុន ឆ័យ ជាដើម រួមទាំងរដ្ឋមន្ត្រីក្រសួងការងារ អ្នកជំនាញការអង្គការអន្តរជាតិខាងការងារ ILO និងអ្នកជំនាញការជាច្រើនទៀត បានផ្ទៀងស្តាប់មតិយោបល់ទាំងនោះ យ៉ាងយកចិត្តទុកដាក់។
ក្នុងនាទីផ្តល់យោបល់ តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដែលគេស្គាល់ថា ជាសមាគមគាំទ្រនិយោជក បានសម្តែងការខកចិត្តចំពោះពេលវេលានៃការអនុម័តច្បាប់នេះ។ ជាមួយគ្នានេះ GMAC ក៏យល់ថា រដ្ឋសភា និងរដ្ឋាភិបាល មិនបានយកសំណូមពររបស់ខ្លួន យកទៅពិចារណានោះទេ។
ចំណែកខាងតំណាងសហជីពគាំទ្រកម្មករវិញ បានសំណូមពរថា ខ្លួននៅតែត្រូវការឲ្យមានការពិនិត្យបន្ថែម ព្រោះសេចក្តីព្រាងច្បាប់ នៅមានលក្ខណៈជ្រៀតជ្រែកក្នុងហិរញ្ញវត្ថុរបស់សហជីព ជ្រៀតជ្រែកក្នុងសិទ្ធិសហជីព សិទ្ធិកូដកម្ម ហើយទោសវិន័យមានកម្រិតធ្ងន់ធ្ងរ។ តំណាងសហជីពកម្មករ ស្នើឲ្យរដ្ឋសភា ផ្តល់សេចក្តីព្រាងច្បាប់ចុងក្រោយ ដែលល្អបំផុត ហើយក៏សុំពេល ២ឆ្នាំ ដើម្បីពន្យល់ពីច្បាប់នេះ ក្រោយអនុម័តហើយ។
ដោយឡែក ខាងក្រុមប្រឹក្សាសហជីពជាតិកម្ពុជាវិញ ក៏បានស្នើសុំ ឲ្យមានការកែប្រែមាត្រា ចំនួន៧ ដោយខ្លួនយល់ថា នៅមិនទាន់មានភាពសមរម្យ។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសហជីព មានចំនួន ១៧ជំពូក ចែកជា ១០០មាត្រា។ សេចក្តីព្រាងច្បាប់នេះ បានតាក់តែងតាំងពីខែវិច្ឆិកាឆ្នាំ ២០០៨។ មកដល់ពេលនេះ មានសហជីព ចំនួន ៣៣៦៦ កំពុងតែដំណើរការក្នុងប្រទេសកម្ពុជា ដោយក្នុងនោះ សហព័ន្ធសហជីពមាន ៩៧ សហភាពសហព័ន្ធសហជីពមាន ១៦ និងសមាគមនិយោជក មានចំនួន៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ