អានតួអត្ថបទ
កម្ពុជា

វិវាទ​ការងារ៖ តុលាការ​បង្គាប់​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បង់​សំណង​២៦​ម៉ឺន​ដុល្លារ​​ឲ្យ​អតីត​អគ្គនាយក

នៅ​ថ្ងៃព្រហស្បតិ៍​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​ចុះ​អនុវត្ត​សាល​ដីកា​របស់​ខ្លួន​នៅ​ការិយាល័យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ សាល​ដីកា​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារនេះ បង្គាប់​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បង់​សំណង​ជា​ទឹក​ប្រាក់​២៦​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ឲ្យ​ទៅលោក Chris Dawe ដែល​ធ្លាប់​បម្រើ​ការងារ​ជា​​​អតីត​អគ្គនាយកកាសែតនេះ ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៥​។

The Phnom Penh Post with a front page photo of Cambodian Prime Minister Hun Sen and US President Donald Trump, November 13, 2017.
The Phnom Penh Post with a front page photo of Cambodian Prime Minister Hun Sen and US President Donald Trump, November 13, 2017. Reuters/Samrang Pring
ផ្សាយពាណិជ្ជកម្ម

ការ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ការិយាល័យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ដឹក​នាំ​ដោយ​លោក​ព្រះ​រាជ​អាជ្ញារង ខាំ សុផារី បន្ទាប់​ពី​តុលាការ​ជាន់​ទាប​ក្រុង​ភ្នំពេញ សម្រេច​ឲ្យ​លោក Chris Dawe ឈ្នះ​ក្ដី​ក្នុង​សំណុំ​រឿង​វិវាទ​ការងារ​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។ លោក Chris Dawe ធ្លាប់​បម្រើ​ការងារ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ខែ​មីនា​ឆ្នាំ​២០១២ ក្នុង​មុខ​តំណែង​ជា​អគ្គនាយក​នៃ​កាសែត​នេះ មុន​នឹង​លោក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ នៅ​ក្នុង​ឆ្នាំ​២០១៥​។

តាម​រយៈ​សាល​ដីកា​នេះ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​មាន​រយៈ​ពេល​១៥​ថ្ងៃ ដើម្បី​ទូទាត់​សំណង​ជា​ទឹក​ប្រាក់​២៦​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​លោក Chris Dawe។ ក្នុង​ករណី​កាសែត​កូន​កាត់​ពីរ​ភាសា​នេះ​មិន​អាច​ទូទាត់​ប្រាក់​សំណង​ទៅ​ភាគី​ឈ្នះ​ក្ដី​ទេ ទ្រព្យ​សម្បត្តិ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នឹង​ត្រូវ​រឹប​អូស ហើយ​ដាក់​លក់​ឡាយឡុយ ។

លោក Marcus Holmes នាយកប្រតិបត្តិ​​នៃកាសែត​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំ​វិញ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​នៅ​ក្នុង​អត្ថបទ​បំភ្លឺ​របស់​ខ្លួន​ចុះ​ផ្សាយ​នៅ​ចុង​ខែ​មីនា លោក​បាន​គូស​បញ្ជាក់​ថា ក្នុង​សំណុំ​រឿង​វិវាទ​ការងារ​ជាមួយ​លោក Chris Dawe នេះ កាសែត​នឹង​ប្ដឹង​ជំទាស់ទៅ​តុលាការ​ជាន់​ខ្ពស់​ជា​បន្ត​ទៀត​។

គួរ​ជម្រាប​ជូន​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ សារព័ត៌មាន​បរទេស និង​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ថា កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កំពុង​ប្រឈម​នឹង​ការបិទ​ទាំងស្រុង ដោយសារតែ​ជំពាក់​ពន្ធ​រដ្ឋ​រាប់លាន​ដុល្លារ​។​ ប៉ុន្តែ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២០​មីនា​ថា ខ្លួន​​មិន​បាន​ប្រឈម​មុខ​នឹង​ការបិទទ្វារ​ដោយសារ​បញ្ហា​ជំពាក់​ពន្ធដារ ដូច​ការ​​ចុះផ្សាយ​នោះទេ​។​

តាមរយៈ​សេចក្តីថ្លែងការណ៍ដដែល ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពន្យល់​​ថា បញ្ហា​បង់ពន្ធ និង​ការចុះ​ធ្វើ​អធិការកិច្ច គឺជា​រឿង​ធម្មតា​សម្រាប់​ការធ្វើ​អាជីវកម្ម ហើយភ្នំពេញ​ប៉ុស្តិ៍​ក៏​មិន​មានជាប់ជំពាក់​​នឹង​រឿង​នយោបាយ​ដូច​ការ​លើក​ឡើង​ដែរ​។ សម្រាប់​កាសែត​កូន​កាត់​ពីរ​ភាសា​មួយ​នេះ កាសែតភ្នំពេញប៉ុស្តិ៍បានក្លាយជាទីទុកចិត្តសម្រាប់មិត្តអ្នកអាន​នៅក្នុងប្រទេសកម្ពុជា​អស់រយៈពេល២៥ឆ្នាំ​មកហើយ ហើយ​​រំពឹងថា ខ្លួននឹងបន្តការងារនេះក្នុងរយៈពេលច្រើនឆ្នាំបន្តទៅមុខទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ