អតីតអ្នកសារព័ត៌មាន RFA ត្រូវបានតុលាការចោទប្រកាន់បន្ថែមពីបទផលិតវីដេអូអាសអាភាស
មិនទាន់ឆ្លងផុតបទចោទប្រកាន់មួយផង ឥឡូវនេះអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី (RFA) ២រូប គឺលោកយាង សុធារិន (យាង សុជាមេត្តា) និងលោកអ៊ួន ឈិន ត្រូវរងបទចោទមួយករណីទៀត ពាក់ព័ន្ធនឹងការផលិតវីដេអូអាសអាភាស។ នេះបើតាមការឲ្យដឹងពីមេធាវីការពារក្តីអតីតអ្នកកាសែតទាំង២ គឺលោក កែវ វន្នី ដែលបានប្រាប់វិទ្យុបារាំង នៅព្រឹកថ្ងៃសុក្រនេះ។ លោកមេធាវី អះអាងថា បទចោទប្រកាន់ទាំង២នេះ ត្រូវបានធ្វើឡើងដោយតំណាងអយ្យការនៃសាលាដំបូងក្រុងភ្នំពេញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥២
លោកមេធាវី កែវ វន្នី បានបញ្ជាក់ថា លោកពុំទាន់ទទួលបានសេចក្តីលម្អិតនៃសំណុំរឿងចោទប្រកាន់នេះនៅឡើយទេ ដោយសារតែមកដល់ពេលនេះ តុលាការមិនទាន់បានចាត់តាំងចៅក្រមស៊ើបសួរ ដើម្បីស៊ើបសួរបន្តទេ។ ប៉ុន្តែលោកមេធាវី អះអាងថា បើតាមរយៈការផលិតវីដេអូអាសអាភាសនោះ គឺអាចចាត់ចូលក្នុងច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ យោងតាមមាត្រា ៣៩ និង ៤០ ហើយអាចជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ។ លោកមេធាវី បានបន្តថា នៅពេលនេះ លោក និងកូនក្តីរបស់លោកទាំង ២ មិនទាន់មានប្រតិកម្មអ្វីទេ ដោយត្រូវចាំសិក្សា និងពិនិត្យលើបទចោទប្រកាន់នេះសិន ត្បិតលោកពុំទាន់បានឯកសារភស្តុតាង ដែលញុំាងឲ្យមានបទចោទនោះនៅឡើយ។
ជាការកត់សម្គាល់ ព័ត៌មានទាក់ទងនឹងការផលិតវីដេអូអាសអាភាសរបស់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំង ២នាក់នេះ ត្រូវបានបែកធ្លាយ តាមរយៈការចុះផ្សាយតែម្នាក់ឯងគត់របស់សារព័ត៌មានដែលស្និទ្ធិនឹងរដ្ឋាភិបាល Fresh News។ Fresh News បានបង្ហាញរូបភាពក្នុងទម្រង់អាសអាភាស ដែលមិនសូវមានការកំណត់អត្តសញ្ញាណបានច្បាស់ចំពោះលោកយាង សុធារិន ប៉ុន្តែបុរសម្នាក់ទៀតក្នុងវីដេអូនោះ ត្រូវបានគេមើលឃើញថា មានរូបរាងស្រដៀងទៅនឹងលោក អ៊ួន ឈិន។
គួរជម្រាបជូនថា លោកអ៊ួន ឈិន និងលោកយាង សុធារិន អតីតបុគ្គលិករបស់វិទ្យុអាស៊ីសេរីដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានទទួលរងបទចោទប្រកាន់មួយរួចមកហើយ ពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ» ស្របតាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ដែលអាចជាប់ពន្ធនាគារ ពី ៧ ទៅ ១៥ឆ្នាំ។ អ្នកទាំង ២ ត្រូវបានអាជ្ញាធរខ័ណ្ឌមានជ័យ ចូលទៅចាប់ខ្លួន និងរឹបអូសសម្ភារៈប្រើប្រាស់ទាំងអស់ កាលពីថ្ងៃទី ១៤វិច្ឆិកា ឆ្នាំ ២០១៧ នៅក្នុងបន្ទប់សណ្ឋាគារមួយ ស្ថិតនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្រុងភ្នំពេញ។ ជិត ៥ខែមកហើយ ដែលអ្នកទាំង ២ ត្រូវបានជាប់ឃុំក្នុងពន្ធនាគារ ខណៈមេធាវីការពារក្តី បានអះអាងថា តុលាការជាបន្តបន្ទាប់ បានទាត់ចោលនូវបណ្តឹងសុំនៅក្រៅឃុំ និងលើកពេលប្រកាសសាលដីកាមួយចំនួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ