អានតួអត្ថបទ
កម្ពុជា

គំរោង​ហែ​ញត្តិ​ទៅកាន់ ACU ត្រូវបាន​រំសាយ ខណៈ​សង្គម​ស៊ីវិល​ត្រៀម​បើក​យុទ្ធនាការ «ឈុត​ពណ៌​ខ្មៅ»

គម្រោង​ហែ​​ញត្តិ​របស់​ក្រុម​ប្រជាពលរដ្ឋ​និង​យុវជន​ជាង២ពាន់​នាក់ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ព្រឹក​ថ្ងៃទី៧ឧសភា​នេះ ត្រូវបាន​រំសាយ​ទៅវិញ ដោយសារតែ​បារម្ភ​ពី​ការប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការបង្ក្រាប​​ពី​អាជ្ញាធរ។ ទោះជា​យ៉ាងនេះ​ក្តី យុទ្ធនាការ​មួយទៀត ត្រៀម​នឹងធ្វើ​ឡើង​នៅ​ដើម​សប្តាហ៍​ក្រោយ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន។

ផ្សាយពាណិជ្ជកម្ម

បើតាម​គម្រោង ក្រុម​ប្រជាពលរដ្ឋ​និង​យុវជន​ជាង២០០០នាក់ គ្រោង​នឹង​ជួបជុំគ្នា​នៅ​រមណីយដ្ឋាន​វត្តភ្នំ នៅវេលា​ម៉ោង៧ព្រឹក ថ្ងៃទី៧ឧសភា​នេះ ដើម្បី​ហែ​ញត្តិ​យកទៅដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​បំណង​ទាមទារ​ឲ្យ​អង្គភាព​មួយ​នេះ បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព មកលើ​អ្នកការពារ​សិទ្ធិមនុស្ស​អាដហុក មន្ត្រី​អង្គការ​សហប្រជាជាតិ និង​អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា។ ក៏ប៉ុន្តែ​គម្រោង​ជួបជុំគ្នា ដែល​ពុំមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​នេះ ត្រូវបាន​រំសាយ​ទៅវិញ ដោយសារតែ​បារម្ភ​ពី​ការប៉ះទង្គិច​គ្នា ជាមួយ​ក្រុមយុវជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង ការបង្ក្រាប​​ពី​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ។

កាលពី​ថ្ងៃ​សុក្រ​ម្សិល​ម៉ិ​ញ ក្រុម​ប្រជាពលរដ្ឋ​និង​យុវជន ដែល​ភាគច្រើន​គឺជា​តំណាង​សហគម​ន៍​រងគ្រោះ​ដោយសារ​ការរំលោភ​ដីធ្លី​នៅ​ភ្នំពេញ បានប្រកាស​ជំហរ​ម៉ឺងម៉ាត់​ថា ពួកគេ​នឹង​ជួបជុំ​ហែ​ញត្តិ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើទោះបីជា​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ច្បាប់​ឲ្យ​ក្តី។

 
លោកស្រី មាស លក្ខិណា តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​មកពី​តំបន់​បាក់​ខែង ដែល​គេ​ដឹងថា ជា​អ្នកដឹកនាំ​ការជួបជុំ​នេះ​បាន​ថ្លែងថា មូលហេតុ​នៃ​ការរំសាយ​ការជួបជុំ​នៅថ្ងៃនេះ គឺ​ដើម្បី​បញ្ជៀ​ស​ការប៉ះទង្គិច​គ្នា ប៉ុន្តែ​លោកស្រី ស ស៊ុន ដែលជា​តំណាង​សហគមន៍​ដីធ្លី​មកពី​បុរី​កីឡា បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ការប្រកាស​រំសាយ​បែបនេះ។

គួរ​រំលឹក​ជូន​ថា អាជ្ញាធរ​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី៥ និង​ទី៦ឧសភា បានសម្រេច​ច្រានចោល​សំណើ​​សុំ​ហែរ​ក្បួន​របស់​ក្រុម​ប្រជាពលរដ្ឋ២០០០នាក់ ដែល​ប្រឆាំងនឹង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សំណើ​​សុំ​ជួបជុំ របស់​ក្រុមយុវជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា៥ពាន់​នាក់ ដឹកនាំ​ដោយ​លោក ប៉ាន់​ខែម ប៊ុនថន តំណាង​ក្រុម​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព ដែល​គ្រោង​នឹង​ជួបជុំគ្នា​នៅក្នុង​ថ្ងៃ​តែមួយ​នេះ។ ម្ខាង​ជួបជុំគ្នា​ដើម្បី​ប្រឆាំងនឹង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ម្ខាង​ទៀត​ជួបជុំគ្នា​ដើម្បី​គាំទ្រ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះ។

ទោះជា​យ៉ាងនេះ​ក្តី យុទ្ធនាការ​មួយទៀត ដឹកនាំ​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​គ្រោង​នឹងធ្វើ​ឡើង ចាប់ពី​ថ្ងៃ​ចន្ទ​ទី៩ឧសភា​ខាងមុខនេះ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​អាដ​ហុក៤នាក់ និង​អគ្គលេខាធិការរង គ.ជ.ប ម្នាក់​ផង។ យុទ្ធនាការ​ដែលមាន​ឈ្មោះ​ថា «ឈុតខ្មៅ» ឬ «ការ​ស្លៀក​ខ្មៅ ពាក់​ខ្មៅ» នេះ ក៏​ដើម្បី​បង្ហាញ​ពី​ការ​កាន់ទុក្ខ​ចំពោះ​មរណភាពនៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការចាប់ខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​ថ្មី​ៗនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ