អានតួអត្ថបទ
កម្ពុជា

ក្រសួង​​អប់រំ​​កម្ពុជា​៖ ​សួន​​បន្លែ​​នៅ​តាម​​សាលា​​ធ្វើ​ឲ្យ​​អាហារូបត្ថម្ភ​​ប្រសើរ​ឡើង​

លោក​ហង់ ជួនណា​រ៉ុ​ន ​បាន​​ក្រើន​រំលឹក​​កាល​ពី​ម្សិលមិញ ​ឲ្យ​​គ្រឹះស្ថាន​សិក្សា​​សាធារណៈ​​យក​ចិត្ត​ទុក​ដាក់​​បង្កើត​​សួន​​បន្លែ​​ដើម្បី​​ពង្រឹង​​បំ​ណិ​​ន​​ជីវិត​​របស់​​សិស្ស​។ ​លោក​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​​កីឡា​កម្ពុជា​ អះអាង​ថា ​ការ​​ជំរុញ​ឲ្យ​ដាំ​​បន្លែ​​តាម​​សាលារៀន​​គឺ​​សម្រាប់​​ធ្វើ​ឲ្យ​​ប្រសើរ​ឡើង​​នូវ​​អាហារូបត្ថម្ភ​​នៅ​ក្នុង​​ប្រទេស​​នេះ​។

លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា
លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា RFI
ផ្សាយពាណិជ្ជកម្ម

សេចក្តីណែនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា បាន​ក្រើនរំលឹក​ឱ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ​កម្រិត​បឋមសិក្សា​និង​មធ្យមសិក្សា​ចំណេះ​ទូទៅ ធ្វើ​សួន​បន្លែ បង្គន់​អនាម័យ និង​ទឹកស្អាត ដើម្បី​ពង្រឹង​ការអប់រំ​បំណិ​ន​ជីវិត​ដែល​បាន​ផ្សព្វផ្សាយ​កន្លង​មកឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

ដោយ​ផ្អែកលើ​របាយការណ៍​របស់​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ ព្រមទាំង​លិខិត​ស្តីពី​ការគ្រប់គ្រង​ការងារ​អប់រំ​បច្ចេកទេស​នៅតាម​រាជធានី ខេត្ត លោកហង់ ជួនណា​រ៉ុ​ន បាន​ជំរុញឱ្យ​បង្កើត​សួន​បន្លែ​តាម​សាលារៀន​សម្រាប់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​អាហារូបត្ថម្ភ​នៅក្នុង​ប្រទេស​កម្ពុជា។ រួមជាមួយ​បង្គន់​អនាម័យ និង​ទឹកស្អាត​ផង បើតាម​លោក​រដ្ឋមន្ត្រី សួនច្បារ​របស់​គ្រឹះស្ថានសិក្សា​មាន​គោលបំណង​ធានា​ឱ្យ​សិស្សានុសិស្ស​មាន​សុខភាព​ល្អ និង​មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់។

ការណែនាំ​ខាងលើ​កើតឡើង​នៅពេលដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា សង្កេតឃើញថា កន្លងទៅ គ្រឹះស្ថានសិក្សា​មួយចំនួន​មិនទាន់បាន​យកចិត្តទុកដាក់​លើ​ការបង្កើតឱ្យមាន​សួន​បន្លែ បង្គន់​អនាម័យ និង​ទឹកស្អាត​នៅឡើយ។

សេចក្តីណែនាំ​របស់​ក្រសួង ចុះ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ បាន​តម្រូវឱ្យ​សាលាបឋមសិក្សា​និង​សាលា​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ ត្រៀម​ចាត់តាំង​គ្រូ​បង្គោល ដើម្បី​ទទួល​ការបណ្ដុះបណ្តាល​អំពី​ជំនាញ​កសិកម្ម​និង​អនាម័យ ដែល​នឹងមាន​គ្រូ​មកពី​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម និង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក។

បើតាម​លិខិត​នោះ គ្រឹះស្ថានសិក្សា​ទាំងពីរ​កម្រិត ត្រូវ​រៀបចំ​តារាង​សម្រង់​ស្ថិតិ​សួន​បន្លែ បង្គន់​អនាម័យ និង​ទឹកស្អាត រួច​បញ្ជូនមក​នាយក​ដ្ឋា​ន​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​នាយកដ្ឋាន​បឋមសិក្សា ដើម្បីឱ្យ​ក្រសួង​អប់រំ​ជួយ​ស្វែងរក​ការគាំទ្រ។ ទន្ទឹមនឹង​នេះដែរ លោក​រដ្ឋមន្ត្រី ហង់ ជួន ណា​រ៉ុ​ន ក៏​តម្រូវឱ្យ​សាលារៀន​ធ្វើ​ទំនាក់ទំនង​ជិតស្និទ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​សហការ​អនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នោះ ឱ្យមាន​ប្រសិទ្ធភាព៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ