អានតួអត្ថបទ
កម្ពុជា

លោក ​ហ៊ុន សែន ​ក្លាយ​ជា​​ប្រធាន​​ថ្មី​​​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ជា​​ផ្លូវការ​

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ​សន្និបាត​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ថ្មី​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ។ បន្ទាប់ពី​បោះឆ្នោត​​នៅ​ព្រឹក​មិញ​នេះ ប្រធាន​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូចដែល​លោក​បាន​គ្រោងទុក។

លោក ​ហ៊ុន សែន ​ក្លាយ​ជា​​ប្រធាន​​ថ្មី​​​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ជា​​ផ្លូវការ​
លោក ​ហ៊ុន សែន ​ក្លាយ​ជា​​ប្រធាន​​ថ្មី​​​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ជា​​ផ្លូវការ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន សែន បាន​ក្លាយជា​ប្រធាន​ថ្មី​​របស់​គណបក្ស​ប្រជាជន​កម្ពុជាជា​ផ្លូវ​​ការ​ហើយ​​។ ចំណែក​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និង លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជាប់ឆ្នោត​ជា​សហ​អនុប្រធាន​ថ្មី ។ ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្សកាន់អំណាច​នេះ បានធ្វើ​ឡើងជា​កញ្ចប់ ដោយមាន​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​ចំនួន ៥០៧ រូប​បាន​ចូលរួម​បោះឆ្នោត។ ក្នុងនោះ សមាជិក​ចំនួន ៥០៦ រូប បាន​បោះឆ្នោត​គាំទ្រ​លោ​ហ៊ុន សែន ធ្វើជា​ប្រធាន និង គាំទ្រ​លោក សាយ ឈុំ និង​លោ​កស ខេង ធ្វើជា​សហ​អនុប្រធាន​ថ្មី​របស់​គណបក្ស។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​អត្ថាធិប្បាយ​យ៉ាងណាទេ​ចំពោះ​ការជ្រើសរើស​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ដែលជា​គូប្រកួត​ប្រជែង​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នេះ។ លោក លើក​ហេតុផល​ថា វា​ជា​រឿង​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

គួរ​កត់សម្គាល់ថា ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​កំពូល​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅពេលនេះ គឺ​បាន​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​សព​លោក ជា ស៊ីម បាន​បូជា​រួចរាល់​កាលពី​ថ្ងៃទី១៩ មិថុនា ម្សិលមិញ។ យ៉ាងណាក៏ដោយ ការបោះឆ្នោត​ជ្រើសរើស​លោក ហ៊ុន សែន ដែល​ធ្លាប់ជា​អនុប្រធាន និង បច្ចុប្បន្នកំពុង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ឲ្យ​ធ្វើជា​ប្រធាន​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​នៅពេលនេះ គឺ​មិនមាន​អ្វី​គួរ​ឲ្យ​ងឿងឆ្ងល់​នោះទេ​សម្រាប់​មជ្ឈដ្ឋាន​អ្នកតាមដាន​នយោបាយ​នៅ​កម្ពុជា ព្រោះថា​កន្លងមក​លោក​ហ៊ុន សែន បានប្រកាស​ឡើងកាន់តំណែង​នេះ​រួចមកហើយ។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ងឿង​ឆ្ងល់​នោះ គឺថា​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​បែងចែក​ជា​អនុប្រធាន​ទី១ និង ទី២ នោះឡើយ បើទោះបី​មានការ​បោះឆ្នោត​ឲ្យ​មាន​អនុប្រធាន​ថ្មី​ដល់​ទៅ​ពីរ​នាក់​ក្តី។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ជុំវិញ​រឿងនេះ​បាន​នៅឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ