អានតួអត្ថបទ
កម្ពជា

សាលា​រាជធានី​ភ្នំពេញ​​នឹង​​រៀបចំ​​ប្រគល់​​កម្មសិទ្ធិ​​​ដី​​​ជូន​​ប្រជាជន​​ដែល​​តាំង​​លំនៅដ្ឋាន​​លើ​​ដី​​ឯកជន​​របស់​​រដ្ឋ​

សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ប្រគល់​កម្មសិទ្ធិ​​ដី​​ជូន​ប្រជាជន​ដែល​តាំង​លំនៅដ្ឋាន​ជា​យូរ​មក​ហើយ នៅ​​លើ​ដី​ឯកជន​របស់​រដ្ឋ។ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​០៤​មីនា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ និង​ចាត់​តាំង​ក្រុម​ការងារ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​ជូន​ដល់​ប្រជាពលរដ្ឋ​។ អង្គការ​ដែល​ធ្វើ​ការ​លើ​បញ្ហា​សិទ្ធិ​ដី​ធ្លី បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​ចំណាត់ការ​ថ្មី​នេះ ដោយ​សង្ឃឹម​ថា ទំនាស់​ដី​ធ្លី​នៅ​រាជធានី​ភ្នំពេញ នឹង​ប្រសើរ​ឡើង​។

ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។
ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ ដែល​មាន​លំនៅដ្ឋាន​យូរ​ឆ្នាំ​នៅ​លើ​ដី​ឯកជន​របស់​រដ្ឋ នឹង​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចុះ​រៀបចំ​ឲ្យ​បាន​រៀបរយ​និង​ស្រប​ច្បាប់​។ បើ​តាម​ការ​ប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ អ្នក​ដែល​តាំង​ទី​លំនៅ​ជា​យូរ​មក​ហើយ​នៅ​លើ​ទីតាំង​អង្គភាព​របស់​រដ្ឋ ដូច​ជា​ក្រសួង និង​មន្ទីរ​នានា នឹង​ត្រូវ​រៀបចំ​ប្រគល់​កម្មសិទ្ធិ​ជូន ហើយ​កាត់​ចេញ​ពី​បញ្ជី​សារពើភ័ណ្ឌ​របស់​ស្ថាប័ន​តែ​ម្ដង​។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​០៥​មីនា​នេះ​ថា ក្រុម​ការងារ​ដែល​ទទួល​បន្ទុក​លើ​បញ្ហា​នេះ​នៅ​គ្រប់​ខណ្ឌ នឹង​ធ្វើ​សាលាកប័ត្រ​ព័ត៌មាន​ស្រង់​យក​ក្បាល​ដី​នីមួយ​ៗ​ជា​មុន​សិន មុន​នឹង​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រសួង​មន្ទីរ​ដែល​ជា​ម្ចាស់​សារពើភ័ណ្ឌ ដើម្បី​សម្រេច​អំពី​​ការ​ផ្ដល់​កម្មសិទ្ធិ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​នៅ​មិន​ទាន់​អាច​ប្រាប់​បាន​ទេ​ថា មាន​ទីតាំង​ប៉ុន្មាន​កន្លែង ដែល​នឹង​ត្រូវ​រៀបចំ​ផ្ដល់​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ស្រប​ច្បាប់ ព្រោះ​អាជ្ញាធរ​ទើប​តែ​សម្រេច​បង្កើត​ក្រុម​ការងារ​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​០៤​មីនា​ ​តែ​ប៉ុណ្ណោះ​។

លោក សៀ ភារម្យ នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​លំនៅដ្ឋាន បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​ចំណាត់ការ​ថ្មី​នេះ​។ តាម​រយៈឆន្ទៈ និង​​ចំណាត់ការ​របស់​សាលា​រាជធានី​ភ្នំពេញ​ថ្មី​នេះ លោក សៀ ភារម្យ សង្ឃឹម​ថា ទំនាស់​ដី​ធ្លី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នឹង​មាន​ភាព​ប្រសើរ​ឡើង​។ ប្រសិន​បើ​ធ្វើ​បាន នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​រូប​នេះ យល់​ថា កិត្តិយស​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ធ្លាប់​តែ​ធ្លាក់​ចុះ​ដុន​ដាប​ដោយ​សារ​ទំនាស់​ដី​ធ្លី​ជា​បន្ត​បន្ទាប់​ជាមួយ​ប្រជាសហគមន៍​បឹង​កក់ និង​បុរីកីឡា​នោះ នឹង​រុង​រឿង ថ្កុំ​ថ្កើង​ឡើង​វិញ​​ជាក់​ជា​ពុំ​ខាន​។

សូម​រំលឹក​ថា បញ្ហា​ទំនាស់​ដី​ធ្លី ធ្លាប់​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា ទូទាំង​ប្រទេស​កម្ពុជា នា​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល បាន​អះអាង​ឲ្យ​ដឹង​ថា បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​។ បើ​តាម​របាយការណ៍​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ សម្រេច​បាន​ជោគជ័យ​៣៧៦​ករណី ក្នុង​ចំណោម​ករណី​វិវាទ​សរុប ៦៧៣​ករណី នៅ​ទូទាំង​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ