អានតួអត្ថបទ
កម្ពុជា

លោក​សម រង្ស៊ី ​ថា​​អត់​ខ្វល់​​នឹ​ង​​សំណុំរឿង​​ដែល​​តុលា​ការ​បើក​​ជំនុំ​ជម្រះ​​នៅ​​ថ្ងៃ​ស្អែក​

នៅ​ថ្ងៃស្អែក​នេះ​នា​ម៉ោង៩ព្រឹក តុលាការក្រុង​ភ្នំពេញ​នឹង​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែល​ប្តឹង​ដោយ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ទៅលើ​លោក​សម រង្ស៊ី ប្រមុខ​គណបក្សប្រឆាំង។ លោក​សម រង្ស៊ី ដែល​ស្ថិត​នៅឯ​បរទេស​នឹងមិន​ចូលរួម​ក្នុង​សវនាការ​នេះ​ទេ មិនតែប៉ុណ្ណោះ​លោក​ថា មិន​ខ្វល់​នឹង​សំណុំ​រឿងនេះ​ថែមទៀត។

លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​
លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

“ខ្ញុំ​មិន​ខ្វល់​ពី​ពាក្យបណ្តឹង​នេះ​ទេ ហើយ​ខ្ញុំ​នៅតែ​ហ៊ាន​អះអាងថា​លោក ហ៊ុន សែន ប្រើ​មន្ត្រី និង​បុគ្គលិក​ក្រោម​ឱវាទ​គាត់​ឲ្យ​បង្កើត​គណនីFacebook ក្លែងក្លាយ ដើម្បី​ផ្តល់ "Like" ក្លែងក្លាយ​ឲ្យ​ទៅ​ទំព័រ Facebook របស់គាត់ ហើយ​គាត់​ក៏បាន​ទិញ "Like" ក្លែងក្លាយ យ៉ាង​សន្ធឹកសន្ធាប់​ពី​ច្រើន​ប្រទេស ទូទាំង​ពិភពលោក ដើម្បី​បង្អួត​ពី​ប្រជាប្រិយភាព​ក្លែងក្លាយ​របស់គាត់។ នេះ​គឺជា​ការ​ថ្លែង​បញ្ជាក់​របស់លោក​សម រង្ស៊ី នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ព្រឹក​នេះ។ បើតាម​លោក​ប្រមុខ​គណបក្សប្រឆាំង លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​យក​ប្រជាប្រិយភាព​ក្លែងក្លាយ​របស់គាត់​នេះ មក​សំអាង ដើម្បី​ធ្វើជា​មូលដ្ឋាន​នយោបាយ​ក្នុងការ​បង្ក្រាប​អ្នក​ដែល​ហ៊ាន​និយាយ​ទិតៀន​គាត់។ លោក​សម រង្ស៊ី ថែមទាំង​ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កត់សម្គាល់​នូវ​ភាព​និង​ល្បិច​ទុច្ចរិត​របស់​អ្នកដឹកនាំ​ប្រទេស​សព្វថ្ងៃ​ផងដែរ។

ទោះបីជា​បង្ហាញ​ពី​ភាពមិន​ខ្វល់ខ្វាយ និង​មិន​ចូលរួម​នៅក្នុង​សវនាការ​នេះ​ក្តី ក៏ប៉ុន្តែ​លោក​សម រង្ស៊ី បាន​ពឹងពាក់​មេធាវី​ម្នាក់​រួចហើយ​គឺ​លោក​សំ សុ​គង់ ឲ្យ​ការពារ​នៅក្នុង​រឿងក្តី​នេះ។ លោក​សំ សុ​គង់ បាន​គូសបញ្ជាក់ថា លោក​បាន​ត្រៀមខ្លួន​និង​ឯកសារ​ផ្លូវច្បាប់​នានា​រួចជាស្រេច​ហើយ​សម្រាប់​សវនាការ​នេះ។ តែ​ទោះជា​បែប​ក្តី​នេះ លោក​មេធាវី​សំ សុ​គង់ មិនសូវ​ជាមាន​សុ​ទិ​ដិ្ឋ​និយម​ប៉ុន្មាន​នោះទេ​ចំពោះ​រឿងក្តី​នេះ ព្រោះថា​កូនក្តី​របស់លោក​ជា​អ្នកនយោបាយ។ ដូច្នេះ​លោក​ចាត់ទុកថា រឿងនេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ។

សូម​ជំរាបជូន​ថា ដំណើរ​រឿងនេះ​បានកើត​ឡើង​ដោយសារតែ​លោក​សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្តឹង​លោក​សម រង្ស៊ី​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បន្ទាប់ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី៩ មីនា​កន្លង​ទៅបាន​បង្ហោះ​អត្ថបទ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ស្តីអំពី​ចំនួន​អ្នក​ចុច(Like) ក្លែងក្លាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ នៅក្នុង​ពាក្យបណ្តឹង​នោះ លោក​សោម សឿន​បាន​អះអាងថា អ្វីដែល​លោក​សម រង្ស៊ី​បាន​បង្ហោះ គឺមាន​ខ្លឹមសារ​មួលបង្កាច់ ខុសពី​ការពិត។ ហើយ​ការ​បង្ហោះ​នោះ​ទៀតសោត គឺ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់លោក​យ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយ ទើប​លោក​ប្តឹង​ទាមទារ​ឲ្យ​ផ្តន្ទាទោស​ដល់​លោក​សម រង្ស៊ី​ទៅតាម​ផ្លូវច្បាប់ និង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន២០លាន​រៀល​ទៀត។

តាំងពីដើម​រៀងមក លោក​សម រង្ស៊ី បានបញ្ជាក់​ប្រាប់​ហើយ​ថា លោក​អត់​ដែល​ខ្វល់​នឹង​សំណុំ​រឿងនេះ​ទេ ហើយ​សំណុំរឿង​ដទៃ​នោះ​ក៏​ដូច្នោះ​ដែរ។ នេះ គឺ​ដោយសារតែ​លោក​ប្រមុខ​គណបក្សប្រឆាំង​ធំ​បំផុត​នៅ​កម្ពុជា បាន​ចាត់​បណ្តឹង​ទាំងនោះ ថា​ជា​រឿង​លេងសើច​របស់​តុលា​ការដែល​ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ខ្មែរ​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ