អានតួអត្ថបទ
កម្ពុជា

សារមន្ទីរ​អាមេរិក​ ប្រគល់​រូបបដិមា​ហនុមាន​សតវត្ស​ទី​១០​ ឲ្យ​កម្ពុជា​វិញ!

រូប​បដិមាហនុមាន​ក្នុង​សតវត្ស​ទី​១០​ ដែល​ត្រូវ​បាន​ចោរ​លួច​ចេញ​ពី​ប្រាសាទ​កោះកេរ​របស់​ខ្មែរ​ ហើយ​រសាត់​អណ្តែត​ដល់​សារមន្ទីរ​សហរដ្ឋអាមេរិក​នោះ ​នៅ​ពេល​នេះ​បាន​ត្រឡប់​មក​រួម​រស់នៅ​លើ​ទឹក​ដី​កម្ពុជា​វិញ​ហើយ។ ​ជាការ​ត្រឡប់​មក​វិញ​ ក្រោម​កិច្ច​សហប្រតិបត្តិ​យ៉ាង​សកម្ម ​រវាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ​និង​កម្ពុជា រួម​ទាំង​អង្គការ ​UNESCO ។ ពិធី​ប្រគល់​រូប​ចម្លាក់​បុរាណ​ខ្មែរ​ ដល់​កម្ពុជា​វិញ​ ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​ ១២​ឧសភា​នេះ​ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ទីក្រុង​ភ្នំពេញ។

រូប​បដិមា​ហនុមាន​ក្នុង​សតវត្ស​ទី​១០​ ដែល​ត្រូវ​បាន​ចោរលួច​ចេញ​ពី​ប្រាសាទ​កោះកេរ​របស់​ខ្មែរ​ ហើយ​រសាត់​អណ្តែត​ដល់​សារមន្ទីរ​សហរដ្ឋអាមេរិក​នោះ ​នៅ​ពេល​នេះ​បាន​ត្រឡប់​មក​រួម​រស់នៅ​លើ​ទឹកដី​កម្ពុជា​វិញ​ហើយ​។ ​
រូប​បដិមា​ហនុមាន​ក្នុង​សតវត្ស​ទី​១០​ ដែល​ត្រូវ​បាន​ចោរលួច​ចេញ​ពី​ប្រាសាទ​កោះកេរ​របស់​ខ្មែរ​ ហើយ​រសាត់​អណ្តែត​ដល់​សារមន្ទីរ​សហរដ្ឋអាមេរិក​នោះ ​នៅ​ពេល​នេះ​បាន​ត្រឡប់​មក​រួម​រស់នៅ​លើ​ទឹកដី​កម្ពុជា​វិញ​ហើយ​។ ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ​ទី​ ១២​ឧសភា​នេះ ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សារមន្ទីរ The Cleveland Museum of Art ​របស់​សហរដ្ឋអាមេរិក​ បាន​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រម​ព្រៀង​ប្រគល់​ និង​ទទួល​រូប​បដិមាហនុមាន​ ដល់​ប្រទេស​កម្ពុជា​វិញ។ រូប​បដិមាហនុមាន​សតវត្ស​ទី​១០​ ដែល​សារមន្ទី Cleveland បាន​ទិញ​កាល​ពី​ឆ្នាំ ​១៩៨២។ រូប​បដិមាហនុមាន ដែល​មាន​ដង​ខ្លួន​ជា​មនុស្ស ​និង​ក្បាល​ជា​ស្វា ហើយ​មាន​ទម្រង់​អង្គុយ​លុតជង្គង់​ ត្រូវ​បាន​គេ​លួច​ចេញ​ពី​ច្រក​ខាង​កើត​នៃ​ប្រាសាទ​ចិន​ ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះកេរ ​កាលពី​អំឡុង​ឆ្នាំ​ ១៩៧០​។

លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​រូប​បដិមាហនុមាន​ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រីថា​ កម្ពុជា​បាន​ប្រឹងប្រែង​ស្វែង​រក​ភស្តុតាង​ទាំង​ផ្នែក​ច្បាប់ ​និង​ផ្នែក​វប្បធម៌​ ទម្រាំ​អាច​ទទួល​បាន​រូបបដិមាបុរាណ​នេះ ​មក​កម្ពុជា​វិញ​នៅ​ពេល​នេះ។

លោក​ច័ន្ទ តានី រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ ក្រោយ​ពិធី​ទទួល​រូប​បដិមា​ថា ​នេះ​គឺ​ជា​រូប​បដិមា​ទី​ ៦​ហើយ ​ដែល​សារមន្ទីរ​របស់​សហរដ្ឋអាមេរិក​ បាន​ប្រគល់​មក​កម្ពុជា​វិញ។ ហើយ​រូបបដិមា​នេះ​ នឹង​ត្រូវ​យក​ទៅ​ជួសជុល​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាមុន​សិន​ មុន​នឹង​បញ្ជូន​ទៅ​ដាក់​តាំង ​នៅ​ក្នុង​សារមន្ទីរជាតិ។ លោក​ ច័ន្ទ តានី ​បាន​អះអាង​ថា​ នៅ​មាន​រូបបដិមា​ជា​ច្រើន​ទៀត​ ដែល​កំពុង​មាន​វត្តមាន​ ក្នុង​សារមន្ទីរ​សហរដ្ឋអាមេរិក។ យ៉ាងណា​ក៏​ដោយ​កម្ពុជា​ ក៏​បាន​និង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ និង​ចរចារ​/តតាំង​តាម​ផ្លូវច្បាប់​ ដើម្បី​ទទួល​បាន​រូប​បដិមា​ទាំង​នោះ ​មក​កម្ពុជា​វិញ។

ចំនែក​លោក​គង់ វីរៈ ប្រធាន​នាយកដ្ឋាន​សារមន្ទីរជាតិ​ បាន​ឲ្យ​ដឹងថា សារមន្ទីរ​គ្រោង​នឹង​ធ្វើ​ពិព័រណ៍​ពិសេស​មួយ​ បន្ទាប់​ពី​រូប​បដិមា​ដែល​បាន​បញ្ជូន​មក​វិញ​ទាំង​នេះ​ ត្រូវ​បាន​ជួសជុល​រួច​រាល់​។ ជា​ពិព័រណ៍​ ក្នុង​គោល​ដៅ​ដើម្បី​បង្ហាញ​ពី​រូប​បដិមា​នៅ​រចនា​បទ​ប្រាសាទ​កោះ​កេរ។
សូម​បញ្ជាក់​ថា​ រូប​បដិមា​ហនុមាន​ ត្រូវ​បាន​បញ្ជូន​ពី​សារមន្ទីរ​អាមេរិក​ មក​ដល់​ទីក្រុង​ភ្នំពេញ​ កាល​ពី​យប់​ថ្ងៃ​ទី ​១០ ខែ​ឧសភា​។ កាល​ពី​ឆ្នាំ​២០១៤ លោក សុខ អាន តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង New York សហរដ្ឋអាមេរិក ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រគល់​ និង​ទទួល​យក​រូប​ចម្លាក់​វត្ថុ​បុរាណ​កម្ពុជា​ ដែល​សហរដ្ឋអាមេរិក ប្រមូល​បាន​ពី​ការ​ជួញដូរ​ខុស​ច្បាប់។​

ចាប់​តាំង​ពី​ឆ្នាំ ​២០១៣​មក​ មាន​រូបបដិមា​ចំនួន​ ៦ ​ដែល​សារមន្ទីរ​របស់​សហរដ្ឋអាមេរិក​ចំនួន​៤ បាន​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ។ រូប​បដិមា​ទាំង​៦​នោះ ​រួម​មាន​រូប​បដិមា ​ទុរយោទ្ធន៍​ ដែល​បាន​មក​ពី​សារមន្ទីរ​ Sotheby ក្រុង​ញ៉ូវយ៉ក់ ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ឈ្នះ​ក្តី​ ក្រោយ​ការ​តតាំង​តាម​ផ្លូវ​ច្បាប់​រយៈពេល​ជិត​ ២ឆ្នាំ។ ​រូបបដិមា​ភីម មក​ពី​សារមន្ទីរ​ Norton Simon ក្នុង​រដ្ឋ California។ ​រូប​បដិមា​ពលរាម​ មក​ពីសារមន្ទីរ​ Christie ក្រុង​ញ៉ូវយ៉ក់ ​និង​រូប​បដិមា​២​ទៀត ​មក​ពី​សារមន្ទីរ the Metropolitan ក្រុងញ៉ូវ​យ៉ក់​ដែរ​ រួម​ទាំង​រូប​បដិមាហនុមាន​ ដែល​មក​ពីសារមន្ទីរ the Cleveland នៅ​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ