អានតួអត្ថបទ
កម្ពុជា

សមាជិក​សភា​​បក្ស​ប្រឆាំង ​ស្វែង​រក​​ការ​ពន្យល់​​ពី​​រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌ ​ពី​​រចនាបថ​​ខ្លោង​ទ្វារ​​អង្គរ​​សង្ក្រាន្ត​​ដែល​​រង​​ការ​រិះគន់​

លោកអេង ឆៃអ៊ាង សមាជិក​រដ្ឋសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃអាទិត្យ​នេះ បាន​ថ្លែង​រិះគន់​ទៅលើ​រចនាបថ​ខ្លោងទ្វារ​ចូល​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ថា​មិនមែនជា​រចនាបថ​រប​ស់​ខ្មែរ។ ប៉ុន្តែ​អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​បញ្ជាក់ថា វា​ជា​រចនាបថ​របស់​ខ្មែរ ដែលមាន​បោះ​ពុ​ម្ភ​នៅក្នុង​សៀវភៅ​ក្បាច់​ខ្មែរ​នៅ​វិទ្យាស្ថាន​រ៉ៃ​យំ។

ខ្លោង​ទ្វារ​ចូល​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ដែល​រង​ការិះ​គន់​
ខ្លោង​ទ្វារ​ចូល​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ដែល​រង​ការិះ​គន់​ @Facebook
ផ្សាយពាណិជ្ជកម្ម

តាមពិតទៅ ការរិះគន់​ទៅលើ​ការសាងសង់​ខ្លោងទ្វារ​ចូល នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​នេះ ដើមឡើយ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ តែ​ពេលនេះ ការរិះគន់​កាន់តែ​ផុសផុល ឡើង រាប់​តាំងពី​សាមញ្ញ​ជន​រហូត​ដល់​អ្នកនយោបាយ តាមរយៈ​មធ្យោបាយ​ផ្សព្វផ្សាយ​សង្គមFacebook ដ៏​ពេញនិយម។ ពួកគេ​បាន​សរសេរ​រិះគន់ ទៅលើ​ការសាងសង់​ខ្លោងទ្វារ​ចូល​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំមមែ​នេះ ថា​ជាការ​សាងសង់ឡើង យកតាម​គំរូ​រចនាបថ​វិហារ​ចិន ឫ​វៀតណាម នោះ​ដោយ​ផ្អែកទៅលើ​ពណ៌ និង​រចនាបថ​នៃ​ខ្លោងទ្វារ​ចូល។ ការរិះគន់ ក៏​មានភ្ជាប់ ជាមួយ​នូវ​រូបភាព​នៃ​រចនាបថ​ទាំងនោះ​ផងដែរ ប៉ុន្តែ​ថា ការរិះគន់​គួរ​ណាស់ ត្រូវ​ផ្អែកលើ​មូលដ្ឋាន​ច្បាស់លាស់ ហើយ​អ្នក​ដែល​រង​ការរិះគន់ ក៏​គួរតែ​ចេញមុខ​ពន្យល់​ដើម្បីឱ្យ​គ្រប់ភាគី​ស្ងប់ចិត្ត។
 
លោក អេង ឆៃអ៊ាង សមាជិក​រដ្ឋសភា​មកពី​គណបក្សប្រឆាំង និង​ជា​ប្រធាន​គណៈកម្មការ​ទី១នៃ​រដ្ឋសភា បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​គឺជា​ព្រឹត្តិការ​ណ៍ដ៏​ធំ​មួយ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ជាង១លាន​នាក់ ដូច្នេះ ការធ្វើ​អ្វីមួយ ដោយ​មិន​ផ្អែកលើ​វប្បធម៌​និង​អរិយធម៌​របស់​ខ្មែរ វា​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​វប្បធម៌​ខ្មែរ។ លោក អេង ឆៃអ៊ាង នៅ​ថ្ងៃអាទិត្យ​នេះ បាន​ស្វែងរក​ការពន្យល់​ពី​លោកស្រី ភឿង សក្ក​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ ហើយ​ថា បើ​មិន​កែសំរួល​ទេ លោក​នឹង​ស្នើ​សុំឱ្យ​ប្រធាន​គណ:កម្ម​ការ​ទី៧នៃ​រដ្ឋសភា ដែល​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរនោះ កោះហៅ​លោកស្រី​រដ្ឋមន្ត្រី មក​សួរនាំ​អំពី​រចនាបថ​នៃ​ក្លោងទ្វារ​នេះ។

នៅ​ថ្ងៃអាទិត្យ​នេះ មិនទាន់មាន​ការឆ្លើយ​តប​ពី​លោកស្រី​រដ្ឋមន្ត្រី​នៅឡើយ​ទេ ក៏​ប៉ុន្តែ​បើតាម​ការ​លោក សោម រតនា អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ថា ការសាងសង់​ខ្លោងទ្វារ​នេះ គឺ​ផ្អែក​ទាំងស្រុង​ទៅលើ​រចនាបថ​របស់​ខ្មែរ ដែលមាន​សរសេរ​នៅក្នុង​សៀវភៅ​ក្បាច់​ខ្មែរ​របស់លោក វិ ថា​រិ​ន ដែល​បាន​បោះ​ពុ​ម្ភ​ផ្សាយ​ដោយ​វិទ្យាស្ថាន​រ៉ៃ​យុំ។ លោក​បាន​បញ្ជាក់ថា ក្រុមការងារ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បានដឹង​អំពី​ការរិះគន់​ទាំងនេះ ហើយ​កំពុង​ពិនិត្យមើល តែ​ថា រហូតមក​ទល់នឹង​ពេលនេះ មិនទាន់មាន​ការសម្រេច​ថា ត្រូវ​រុះរើ​ចេញ​នោះទេ។  

សូមបញ្ជាក់ថា នេះ​គឺជា​ឆ្នាំ​ទី៣ហើយ ដែល​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ត្រូវបាន​រៀបចំឡើង ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី កូនប្រុស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន  ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែមេសា។ តាម​គម្រោង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ នឹងមាន​លក្ខណៈ​ធំ​ជាង​មុន ប្លែក​ជាង​មុន និង​អស្ចារ្យ​ជាង​មុន ដោយ​ក្នុង​រយៈពេល​បី​ថ្ងៃ នៃ​ព្រឹត្តិការណ៍ នឹងមាន​ការដាក់​បង្ហា​ញ នូវ​ទស្សនីយភាពប្លែកៗ ដែល​ក្នុងនោះ​រួមមាន នំអន្សម​យក្ស​ដែលមាន​ទម្ងន់​ជាង៣តោន, មួក​ស្លឹកត្នោត​យក្ស, អង្រុត​យក្ស​កម្ពស់ ៥,៥ម៉ែត្រ , កន្ត្រងប្រហុក​យក្ស , បំពង់​ទឹកត្នោត​យក្ស​ចំណុះ១៥លីត្រ , ការ​ទាញព្រ័ត្រ​យក្ស , ល្បែង​ចត្រង្គ ឬ​ល្បែង​អុក​យក្ស , ការប្រណាំង​រទេះគោ ក្របី គោយន្ត និង​ត្រាក់ទ័រ , ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សូ​ន។ តាម​គម្រោង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ