អានតួអត្ថបទ
កម្ពុជា

ករណី​អគ្គិភ័យ​ក្នុង​រាជធានី​ភ្នំពេញ​ថយ​ចុះ ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​

គិត​ត្រឹម​ថ្ងៃទី១៥​ ខែមេសា នេះ​​ករណី​អគ្គិភ័យ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​មាន​ការ​ថយ​ចុះ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន។ ​ទោះបីជាយ៉ាង​នេះ​ក្តី ​អាជ្ញាធរ​នៅ​តែ​ត្រៀម​កម្លាំង​ជា​និច្ច​ សម្រាប់​ហេតុការណ៍​អគ្គិភ័យ ​ដែល​អាច​នឹង​កើត​មាន​ក្នុង​ឆ្នាំ​២០១៦​នេះ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយ​រង​ការិយាល័យ​អគ្គិ​ភ័យ​រាជធានី​ភ្នំ​ពេញ។​ 

ផ្ទះប្រជាពលរដ្ឋ​ចំនួន៦៧ខ្នង​ត្រូវបាន​អគ្គិភ័យ​លេបត្របាក់​ទាំងស្រុង ​កាលពី​រសៀល​ថ្ងៃទី​១៨មករា​
ផ្ទះប្រជាពលរដ្ឋ​ចំនួន៦៧ខ្នង​ត្រូវបាន​អគ្គិភ័យ​លេបត្របាក់​ទាំងស្រុង ​កាលពី​រសៀល​ថ្ងៃទី​១៨មករា​ ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 

ចាប់​តាំង​ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ រហូត​មក​ដល់​ថ្ងៃទី១៥ ខែ​មេសា នេះ​ករណី​អគ្គិភ័យ​ក្នុង​រាជ​ធានីភ្នំពេញ មាន ២៩ករណី រាប់ទាំង​ករណី​អគ្គិភ័យ ​កាល​ពីថ្ងៃទី ១៤ ខែមេសា ម្សិលមិញ​ផង​។ នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក អ៊ុំ ចន្ទរដ្ឋា នាយរង​ការិយាល័យ​អគ្គិភ័យ​រាជ​ធានីភ្នំពេញ។ បើ​តាម​នាយ​រង​រូបនេះ ករណី​អគ្គិភ័យ​នៅ​ដើម​ឆ្នាំ២០១៦នេះ មាន​ការ​ថយ​ចុះ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ក្នុង​រយៈពេល​ដូចគ្នា។

បើទោះបីជា​ករណី​អគ្គិភ័យ​មាន​ការ​ថយ​ចុះ ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ក្តី ប៉ុន្តែ​ដោយ​សារ​តែ​ខែមេសា​នេះ ជាខែ​ក្តៅ​ផង ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ត្រៀម​កម្លាំង​ជាស្រេច​សម្រាប់​ហេតុការណ៍​អគ្គិភ័យ​នានា​ក្នុង​រាជធានី​។ សម្រាប់​ចូល​ឆ្នាំ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ក្រុម​ពន្លត់​អគ្គី​ភ័យ​របស់​រាជ​ធានី​ភ្នំ​ពេញ បាន​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​៤៨​គ្រឿង និង​កម្លាំង​ប្រមាណ​១៨០​នាក់ សម្រាប់​បង្ការ​ករណី​អគ្គិភ័យ​ក្នុងរាជធានី​ភ្នំពេញ។

សូម​បញ្ជាក់​ថា​កាល​ពី​យប់​ថ្ងៃទី១៤ មេសា មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មាន​ជ័យ ដែល​បាន​បណ្តាល​ឲ្យ​ផ្ទះ​ប្រជា​ពលរដ្ឋ​ប្រមាណ​៥៥ខ្នង​ត្រូវ​ឆេះ​ទាំង​ស្រុង តែមិន​បាន​បង្ក​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រង​របួស ឬ​ស្លាប់​ទេ។ ជុំវិញ​ករណី ​ដែល​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​នេះ អាជ្ញាធរ​កំពុង​តែ​ស៊ើប​អង្កេត​នៅ​ឡើយ។ នេះ​បើ​តាម​លោក​ អ៊ុំ ចន្ទរដ្ឋា។ លោក​បន្ត​ថា ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​រហូត​ដល់ ៥៥ខ្នង គឺ​ដោយ​សារ​តែ​ឡាន​ពន្លត់​អគ្គិភ័យ មិន​អាច​ចូលទៅ​ដល់​ទីតាំង​ដែល​កំពុង​ឆេះ​បាន ព្រោះ​ផ្លូវ​តូច​ចង្អៀត។

លោក​ឃួន ស្រេង អភិបាល​រង​រាជ​ធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា មូល​ហេតុ​បឋម ដែល​បណ្តាល​ឲ្យ​មាន​ករណី​ភ្លើង​ឆេះ កាល​ពី​យប់​មិញ គឺ​ដោយ​សារចរន្ត​អគ្គិសនី។ លោក​ថា កន្លង​មក​សាលារាជធានី​ធ្លាប់​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័្នត​ចំពោះ​បញ្ហា​អគ្គិភ័យ និង​ការ​បង្ការ​អគ្គិភ័យ តែប្រជាពលរដ្ឋ​នៅ​តែ​មាន​ការ​ធ្វេស​ប្រហែស​ដដែល។

លោក​ឃួន ស្រេង និងលោក អ៊ុំ ចន្ទរដ្ឋា បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​អុជ ទាន​ធូប ទទួល​ទេវតា ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នាឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នេះ។ ក្រៅពី​នេះ​លោក​ឃួន ស្រេង បាន​បន្ថែម​ថា​កម្លាំង​ល្បាត​របស់​រាជធានី​មិន​អាច​មើល​សព្វ​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ ដូច្នេះ​មានតែ​ប្រជា​ពលរដ្ឋ​ត្រូវ​ចូល​រួម​ប្រុង​ប្រយ័ត្ន​ផង​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ