អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​សង្គ្រោះ​ជាតិ៖ពី​ការ​ធំ​ធាត់​រហ័ស​មក​បញ្ចប់​ត្រឹម​អាយុ​ជាង​៥​ឆ្នាំ

១៧​ ខែ​កក្កដា​ ឆ្នំា​២០១២ ដល់ ១៦​វិច្ឆិកា ២០១៧ នេះ គណបក្ស​សង្គ្រោះ​ជាតិ​មាន​អាយុ​៥​ឆ្នាំ​និង​ជិត​៤​ខែ ប៉ុណ្ណោះ ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដ៍​ធំ​ជាង​គេ​នៅ​កម្ពុជា​នេះ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​នៅ​ថ្ងៃ​នេះ ទៅ​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​នៃ​គណបក្ស​កាន់​អំណាច។​តើ​គណបក្ស​សង្រ្គោះ​ជាតិ មាន​ប្រវត្តិ​យ៉ាង​ដូច​ម្តេច​?

គណបក្ស​សង្គ្រោះ​ជាតិ
គណបក្ស​សង្គ្រោះ​ជាតិ
ផ្សាយពាណិជ្ជកម្ម

​អត្ថបទដោយ៖​ អ៊ឹង ប៊ុនថន

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នំា​២០១២។ គឺ​ជា​ការ​ចាប់​កំណើត​ដោយ​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី ដែល​មាន​រូប​សញ្ញា​ភ្លើង​ទៀន ដែល​ដឹក​នាំ​ដោយ លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ ​មាន​រូប​សញ្ញា​ព្រះ​ចន្ទ​ពេញ​វង់ ដែល​ដឹក​នាំ​ដោយ​លោក កឹម សុខា។​ក្រោយ​ពី​ច្របាច់​បញ្ចូល​គ្នា​តាម​រយៈ​កិច្ច​ប្រជុំ​ពិសេស​មួយ​រវាង​លោក ​សម រង្ស៊ី​និង​លោក កឹម សុខា​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​នោះ រូប​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​ប្រែ​ទៅ​រូប​ព្រះ​អាទិត្យ​វិញ ដោយ​លោក សម រង្ស៊ី​ ធ្វើ​ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុប្រធាន។

មុន​រួម​បញ្ចូល​គ្នា គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​មាន​តំណាង​រាស្ត្រ​សរុប​ចំនួន​២៩​រូប ក្នុង​នោះ មក​ពី​គណបក្ស សម រង្ស៊ី ២៦​រូប និង​គណបក្ស សិទ្ធិ​មនុស្ស​ចំនួន​៣​រូប។

ប៉ុន្តែ​ក្រោយ​ពី​ការ​ចាប់​ដៃ​គ្នា​បង្កើត​ទៅ​ជា​គណបក្ស​សង្រ្គោះ​ជាតិ​នោះ គណបក្ស​ប្រឆាំង​ធំ​ជាង​នេះ​បាន​ទទួល​ការ​គាំទ្រ​រហូត​ដល់​៥៥​អាសនៈ​នៃ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

តែ​ទោះ​ជា​យ៉ាង​ណា ដំបូង​ឡើយ​គណបក្ស​សង្រ្គោះ​ជាតិ មិន​ទទួល​ស្គាល់​ឡើយ​លទ្ធផល​នេះ​ទេ ដោយ​​ធ្វើ​បាតុ​កម្ម​ជិត​មួយ​ឆ្នាំ​តាំង​ពី​ចុង​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៤។​

អ្នក​វិភាគ​និយាយ​ថា ភាព​ខ្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​គោល​នយោបាយ​ដែល​វាយ​ចំ​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច។ នៅ​មុន​​ពេល​​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បក្ស​សង្គ្រោះ​ជាតិ​បាន​ឃោសនា​គោល​នយោបាយ​របស់​ខ្លួន​ដល់​ម្ចាស់​ឆ្នោត​ដែល​មាន​​ជា​អាថិ៍៖ ការ​តម្លើង​ប្រាក់​ខែ​មន្ដ្រី​រាជការ​និង​កម្មករ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ជន​ចាស់​ជរា ការ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ដល់​អ្នក​ក្រីក្រ​ដោយ​ឥត​គិត​ថ្លៃ គោលនយោបាយ​ដី​ធ្លី ការ​បញ្ចុះ​តម្លៃ​ជី​កសិកម្ម​និង​ប្រេង​សាំង​ជា​ដើម​។ ហើយ​ដែល​ឥឡូវ​នេះ គេ​ឃើញ​ថា គណបក្ស​កាន់​អំណាច​បាន​រើស​យក​គោល​នយោបាយ​ដែល​ដាក់​ចេញ​ដោយ​គណបក្ស​ប្រឆាំង មក​អនុវត្ត​ជា​បន្ត​បន្ទាប់​ដែរ រួម​មាន​ការ​តម្លើង​ប្រាក់​ខែ​មន្ដ្រី​រាជការ​និង​កម្មករការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​​​។
ប៉ុន្តែ​ទន្ទឹម​នឹង​ចំណុច​ខ្លាំង​នេះ អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា ក៏​មាន​ចំណុច​ខ្សោយ​មួយ​ចំនួន​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ផង​ដែរ​។

ក្រោយ​បាតុកម្ម គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​ជួប​នូវ​ព្យុះ​ភ្លៀង​ជា​ច្រើន​បន្ត​បន្ទាប់។ ព្យុះ​ភ្លៀង​ដែល​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ជួប​ប្រទះ​នោះ​រួម​មាន ការ​ចាប់​ខ្លួន​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​ចំនួន​៧​រូប ខណៈ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត។ ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​វិញ​បន្ទាប់​ពី​យល់​ព្រម​ចូល​សភា។​

ប៉ុន្មាន​ខែ​ក្រោយ​មក ក៏​មាន​ការ​ចាប់​កាត់​ទោស​មន្រ្តី​និង​សកម្មជន​សរុប​ជិត​២០​រូប​របស់​បក្ស​ប្រឆាំង​ដោយ​ចោទ​ប្រកាន់​ជាប់​ទាក់​ទង​នឹង​បាតុកម្ម​ហិង្សា​ជិត​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៤។ លើស​ពី​នេះ​ទៀត នៅ​ឆ្នាំ​២០១៥ ក៏​មាន​ការ​ចាប់​កាត់​ទោស តំណាង​រាស្ត្រ អ៊ុំ សំអាន និង​សមាជិក​ព្រឹទ្ធសភា ហុង សុខហួរ ទាក់​ទង​រឿង​ព្រំដែន។ ប៉ុន្តែ​លោក ហុង សុខហួរ ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​កាលពី​ពេល​ថ្មីៗនេះ។

នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ ២០១៥ តំណាង​រាស្ត្រ​២​រូប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវ​បាន​គេ​វាយ​ដំនៅ​ក្បែ​វិមាន​រដ្ឋ​សភា ខណៈ​មាន​បាតុ​កម្មទាមទារ​ឲ្យ លោក កឹម សុខា ​ចុះ​ចេញ​ពី​តំណែង​អនុប្រធាន​ទី​១នៃ​រដ្ឋសភា។

លុះដល់ខែឧសភាឆ្នាំ២០១៦ លោក កឹម សុខា ត្រូវបានឃុំខ្លួនឯង​នៅក្នុង​ទីស្នាក់​ការ​បក្ស​អស់​រយៈ​ពេល​៦ខែ បន្ទាប់ពី​តុលាការ​ចោទ​ប្រកាន់ទាក់ទង​រឿង​អាស្រូវ​ផ្លូវ​ភេទ។ប៉ុន្តែលោក កឹម សុខា បាន​ចាក​ចេញពីការ​ឃុំខ្លួនឯងវិញ ក្រោយពី​ព្រះមហាក្សត្រ​លើក​លែងទោស។

ចំណែក លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ បាន​ប្រកាស​លា​លែង​ពី​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ ខណៈ​ដែល​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ស្នើ​ឲ្យ​ធ្វើ​វិសោធកម្ម​ជា​លើក​ទី​២ ហាម​ទណ្ឌិត ​ជាប់​ពាក់​ព័ន្ធ​នឹង​គណបក្ស។ បន្ទាប់​ពី​នោះ​មក គណបក្ស​សង្រ្គោះ​ជាតិ បាន​ធ្វើ​សមាជ​ដោយ​ជ្រើស​រើស​លោក កឹម សុខា ធ្វើ​ប្រធាន​គណបក្ស​នេះ ដោយ​ដឹក​នាំ​ធ្វើ​ការ​ឃោសនា​នៃ​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​​ឆ្នាំ​២០១៧​នេះ។

ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់​ កាល​ពី​ខែ​មិថុនា គណបក្ស​សង្រ្គោះ​ជាតិ​ដណ្តើម​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ជាង​៥​ពាន់​អាសនៈ និង​មេឃុំ ចៅ​សង្កាត់​ជិត​៥​រយ​នាក់ ពោល​ជា​ចំនួន​ស្មើ​នឹង​ជិត​ពាក់​កណ្តាល​នៃ​អាសនៈ​សរុប​ទូ​ទាំង​ប្រទេស។

៣​ខែ​ក្រោយ​មក គឺ​នៅ​យប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​៣​ខែ​កញ្ញា​ឆ្នាំ​២០១៧ លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន​ យក​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ក្រោម​បទ​ចោទ​ថា ក្បត់​ជាតិ។

ត្បិត​មក​ដល់​ពេល​នេះ លោក កឹម សុខា មិន​ទាន់​ត្រូវ​បាន​បើក​សវនាការ​កាត់​ទោស​នៅ​ឡើយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក ត្រូវ​បាន​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​ចោល​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​នេះ។

លើស​ពី​នេះ​ទៀត លោក កឹម សុខា និង​មន្រ្តី​ជាន់​ខ្ពស់​របស់​លោក​សរុប​១១៧​រូប​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​​តុលាការ​កំពូល​​ហាម​ឃាត់​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ