ក្រុមការងារសិក្សាពីការកែរដ្ឋធម្មនុញ្ញ គ្រោងនឹងជួបគ្នានៅសប្តាហ៍ក្រោយ
ក្រុមការងាររបស់រដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដើម្បីសិក្សាពីចំណុចដែលត្រូវកែរដ្ឋធម្មនុញ្ញ គ្រោងនឹងជួបគ្នានៅសប្តាហ៍ក្រោយនេះ ដើម្បីស្វែងរកចំណុចរួម និងជាក់លាក់ ថា គួរតែដកឬដាក់ចំណុចណាខ្លះ ទៅក្នុងរដ្ឋធម្មនុញ្ញ។ ជំនួបអាចនឹងធ្វើឡើង នៅក្រោយពេលរដ្ឋាភិបាលកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ៧ មករា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៥
បើគ្មានការប្រែប្រួលទេ ក្រុមការងារសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញដែលបង្កើតឡើងដោយរដ្ឋាភិបាល កាលពីថ្ងៃទី ០១ ធ្នូ នឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយនេះ ដើម្បីស្វែងរកចំណុចរួម ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលផ្តួចផ្តើមគំនិតដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ជំនួបរបស់ក្រុមការងារដែលមានសមាជិក១២រូប ដឹកនាំដោយលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នេះ អាចនឹងធ្វើឡើងនៅក្រោយថ្ងៃ ៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត។
លោក ខៀវ សុភ័គ អ្នកនំាពាក្យក្រសួងមហាផ្ទៃក៏បានឲ្យដឹងដែរថា នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ក្រុមការងារកំណែទម្រង់មួយទៀតនឹងជួបប្រជុំគ្នាផងដែរ ស្តីពី ការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្រ្តី។ ក្រុមការងារនេះ មានលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃធ្វើជាប្រធាន។
គួររំលឹកជូនថា រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ០១ ធ្នូ ឆ្នាំមុន បានសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីសិក្សាស្រាវជ្រាវពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញបំណងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីមុនដំណាច់ឆ្នាំ២០១៧ ពីការកាត់បន្ថយចំនួនក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីរបស់លោក ឲ្យនៅសល់តិចបំផុត។ ក្រុមការងារនេះ មានលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្វើជាប្រធាន លោក ឆេង សារឿន រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាអនុប្រធាន និងអមដោយសមាជិក៨រូបទៀត ដែលសុទ្ធសឹងតែជាអ្នកច្បាប់មកពីទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងមហាផ្ទៃជាដើម។
កាលពីសប្តាហ៍មុន លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហើបឲ្យដឹងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃកម្ពុជាមានចំនួន៣ចំណុច រួមមាន ទី១. ការកាត់បន្ថយសមាសភាពរាជរដ្ឋាភិបាល ឬការផ្តល់តួនាទីរដ្ឋលេខាធិការ នៅតាមក្រសួងស្ថាប័នរដ្ឋ, ទី២. ការគិតអគតិមកលើកម្ពុជាឬប្រៀបប្រដូចកម្ពុជាទៅនឹងប្រទេសមួយចំនួនដែលកំពុងមានសង្រ្គាមហែកហួរ និងទី៣. ទប់ស្កាត់ការជ្រៀតជ្រែកគោលការណ៍ប្រឆំាងមកពីប្រទេសខាងក្រៅជាដើម។ ពិសេសជាងនេះ វិសោធនកម្មរដ្ឋធម្មនុញ្ញថ្មី នឹងមានការបន្ថែមការកំណត់ទោសឲ្យធ្ងន់ធ្ងរ ចំពោះជនទាំងឡាយណា ដែលប្រមាថព្រះមហាក្សត្រផងដែរ។
នេះគឺជាលើកទី០៩ហើយ ចាប់តាំងពីបានបង្កើតនៅ១៩៩៣មក ដែលរដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្ម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ