អានតួអត្ថបទ
កម្ពុជា

តុលាការ​​​រតនគិរី​​«​​សម្រេច​​ឃាត់ខ្លួន​​»​​មេ​ប៉ុសិ៍្ត​​​ប៉ូលីស​​​ម្នាក់​និង​​​​មេ​​ប៉ុស្តិ៍​​​យោធា​​​ម្នាក់​​

មេ​ប៉ុស្តិ៍យោធា​ម្នាក់​ និង​​មេ​ប៉ុស្តិ៍​នគរបាល​​ម្នាក់​ នៅ​តាម​​ព្រំដែន​​ខេត្ត​រតនគិរី​ ត្រូវ​បាន​​តុលាការ​ខេត្ត​​សម្រេច​​ឃាត់​ខ្លួន​​ដើម្បី​​សាកសួរ ​ពាក់ព័ន្ធ​​នឹង​​រឿង​​ជនជាតិ​​វៀតណាម​​កាប់​ឈើ​​ខុសច្បាប់​ នៅ​ក្បែរ​​បង្គោល​​ព្រំដែន​​លេខ​២៨ ​ក្នុង​ស្រុក​​អូរ​យ៉ា​ដាវ​។ ​នេះ​​បើ​​យោង​តាម​​អ្នក​សម្រប​សម្រួល​​អង្គកា​រ​​អាដហុក​​ប្រចាំ​​ខេត្តរតនគិរី ​ដែល​​បាន​បញ្ជាក់​​បន្ថែ​ម​ថា ​វា​​ជា​​​រឿង​​កម្រ​​បំផុត​​ដែល​​តុលាការ​​អនុវត្ត​​ច្បាប់​​ប្រឆាំង​​មន្ត្រី​​ការ​ពារ​​​ព្រំដែន​​កម្ពុជា​​ទាក់ទង​​នឹង​​បទល្មើស​​ព្រៃឈើ​។​

កំណាត់​​ឈើ​​ដែល​​ជន​​ល្មើស​​កាប់​​គរ​​ទុក​​បម្រុង​​នាំ​​ចេញ ​​ត្រូវ​​បាន​​សហគមន៏​ការ​ពារ​​ព្រៃ​ឈើ ​​ដុត​​កម្ទេច​​ចោល​​កណ្តាល​ព្រៃ​នា​ពេល​កន្លង​មក​
កំណាត់​​ឈើ​​ដែល​​ជន​​ល្មើស​​កាប់​​គរ​​ទុក​​បម្រុង​​នាំ​​ចេញ ​​ត្រូវ​​បាន​​សហគមន៏​ការ​ពារ​​ព្រៃ​ឈើ ​​ដុត​​កម្ទេច​​ចោល​​កណ្តាល​ព្រៃ​នា​ពេល​កន្លង​មក​ ©ណាវីន/RFI
ផ្សាយពាណិជ្ជកម្ម

លោក ចំ អែម មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខេត្តរតនគិរី ត្រង់​បង្គោល​លេខ២៨ និង​លោក ពួយ ច្រូច មេ​ប៉ុស្តិ៍នគរបាល​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ត្រូវបាន​តំណាង​អយ្យការ​ខេត្ត​នេះ ឃាត់ខ្លួន​ដើម្បី​សាកសួរ​អំពី​បទល្មើស​ព្រៃឈើ​នៅតាម​ព្រំដែន​ជាប់​ប្រទេស​វៀតណាម។ នេះ​បើ​យោងតាម​លោក ឆាយ ធី អ្នកសម្របសម្រួល​នៃ​សមាគម​អាដហុក ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា។

ស្នងការ​នគរបាល​ខេត្តរតនគិរី​បាន​បញ្ជាក់ថា ពិតជា​មានការ​កោះហៅ​មេ​ប៉ុស្តិ៍​ទាំងពីរ​រូប​ទៅ​សាកសួរ​ប្រាកដ​មែន ប៉ុន្តែ​លោក ងួន គឿន «មិនទាន់​អាចនិយាយបាន»ទេ​ថា ពួកគេ​ទាំងពី​នាក់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ព្រោះ​លោក​មិនទាន់បាន​ជួប​ព្រះរាជអាជ្ញា​នៅឡើយ។ លោកស្នងការ​អះអាងថា ចាំ​ពិនិត្យមើល«រឿង​ផ្ទៃក្នុង»សិន។

ចំពោះ​អ្នកសម្របសម្រួល​របស់​អង្គការ​អាដហុក​ប្រចាំខេត្ត​រតនគិរី​វិញ មេ​ប៉ុស្តិ៍​ទាំងពីរ​នាក់​ជាប់​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​ជនជាតិ​វៀតណាម៦នាក់ ដែល​តុលាការខេត្ត​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ក្នុងករណី​ចូលមក​កាប់​ឈើ​ដោយ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា កាលពី​ខែវិច្ឆិកា។ ដោយ​អះអាងថា នេះ​ជា​រឿង​កម្រ​មាន​សម្រាប់​ខេត្ត​ក្នុង​ភូមិភាគ​ឦសាន​នេះ លោក ឆាយ ធី ថ្លែង​ទទួល​ស្វាគមន៍​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ដោយ​តុលាការខេត្ត​រតនគិរី​នៅពេលនេះ ហើយ​សង្ឃឹមថា បទល្មើស​ព្រៃឈើ​នឹងត្រូវ​កាត់បន្ថយ។

ជា​ញឹកញាប់ បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​ត្រូវបាន​អង្គការ​មិនមែន​រដ្ឋ​ភិ​បាល​ជាតិ និង​អន្តរជាតិ សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មួញ ដែលមាន​មន្ត្រី​សាធារណៈ​ធ្វើជា​ខ្នង ហើយ​ការណ៍​នេះ​បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​ព្រួយបារម្ភ​ថា ធនធាន​ព្រៃឈើ​កម្ពុជា​ដែល​នៅ​សេសសល់​នឹង​វិនាសឆាប់ៗ ថ្វីបើ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ធ្លាប់បាន​អះអាង​កាលពីពេលថ្មីៗនេះ​ថា«នៅសល់៦០%»នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ