អានតួអត្ថបទ
កម្ពុជា-នយោបាយ

​សន្និបាត​CPP​៖ គណបក្ស​កាន់​អំណាច​នឹង​មិន​ឱន​ក្បាល​ចំពោះ​សម្ពាធ​ពី​អន្តរជាតិ​ឡើយ​

គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច បាន​បិទ​បញ្ចប់​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​របស់​ខ្លួន រយៈ​ពេល​៣​ថ្ងៃ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ ទី ២០ ធ្នូ ដោយ​សម្រេច​បាន​លទ្ធផល​សំខាន់ៗ​ចំនួន​១១​ចំណុច​។ ប៉ុន្តែ​ចំណុច​សំខាន់​មួយ​នៅ​ក្នុង​សន្និបាត​លើក​ទី៤១​នេះ បាន​សម្រេច​បោះ​ឆ្នោត​ជ្រើស​តាំង​បំពេញ​បន្ថែម​នូវ​សមាជិក​គណៈ​អចិន្ត្រៃយ៍​ថ្មី​ចំនួន​៧រូប ទៅ​ក្នុង​ក្បាល​ម៉ាស៊ីន​កំពូល​របស់​គណបក្ស​កាន់​អំណាច​។ ក្រៅ​ពី​នេះ សន្និបាត​បាន​ប្តេជ្ញា​ថា គណបក្ស​នេះ នឹង​មិន​ឱន​ក្បាល​ចំពោះ​សម្ពាធ​ពី​អន្តរជាតិ​នោះ​ឡើយ​។ 

គណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា @Internet
ផ្សាយពាណិជ្ជកម្ម

សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី៤១ បាន​ប្រកាស​ជា​ឱឡារិក​ ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​តម្កល់​នូវ​ស្មារតី​ស្នេហា​ជាតិ ការពារ​ដាច់​ខាត​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​។ បន្ថែម​លើ​នេះ សន្និបាត​រយៈ​ពេល​៣​ថ្ងៃ​របស់​គណបក្ស​កាន់​អំណាច ក៏​បាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រឆាំង​ដាច់​ខាត ចំពោះ​ការ​ជ្រៀត​ជ្រែក​ពី​ឥទ្ធិពល​ខាង​ក្រៅ ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ក្រោម​ការ​មួល​បង្កាច់​ពី​ភាព​ត្រឹម​ត្រូវ​ខាង​ផ្នែក​នយោបាយ និង​សកម្មភាព​របស់​កម្ពុជា​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត សន្និបាត​គណបក្ស​កាន់​អំណាច​ក៏​បាន​បញ្ជាក់​ថា នឹង​មិន​ឱន​ក្បាល​សោះ​ឡើយ ចំពោះ​ការ​ដាក់​សម្ពាធ​ពី​ខាង​ក្រៅ​។

ការ​ប្តេជ្ញា​ចិត្ត​នេះ ទំនង​ជា​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​ជា​យូរ​មក​ហើយ​របស់​សហភាព​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក ពី​ការ​ដាក់​ទណ្ឌកម្ម និង​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ (EBA) ពី​កម្ពុជា ចាប់​តាំង​ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​ឆ្នាំ​២០១៧​មក​។ ប៉ុន្តែ​នៅ​ក្នុង​លទ្ធផល​នៃ​សន្តិបាត​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​កាន់​អំណាច​បាន​គូស​បញ្ជាក់​ច្បាស់ៗ​ថា ការ​ប្រើ​ប្រាស់​ទណ្ឌកម្ម​ជា​មធ្យោបាយ​ដើម្បី​គាប់​សង្កត់ ទៅ​លើ​ប្រទេស​អធិបតេយ្យ​មួយ​ឱ្យ​ធ្វើ​អ្វីៗ​តាម​ឆន្ទៈ​របស់​ខ្លួន ដោយ​យក​តម្លៃ​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​មក​ប្រើ​ប្រាស់​ជា​លេស ដើម្បី​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង, ការ​បំពាន​លើ​អធិប​តេយ្យ​ភាព, សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​ដែល​ខ្សោយ​ជាង​នោះ​ហើយ នឹង​ធ្វើ​ឱ្យ​ពិភព​លោក​ជួប​បញ្ហា​ប្រឈម និង​ហានិភ័យ​កាន់​តែ​ច្រើន​ឡើង ក្នុង​ពេល​ដែល​បណ្តា​ប្រជាជាតិ កំពុង​រួប​រួម​គ្នា ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០ របស់​អង្គការ​សហ​ប្រជាជាតិ​។ នៅ​ក្នុង​ស្មារតី​នេះ គណបក្ស​កាន់​អំណាច​ជាង​៣​ទសវត្សន៍​នៅ​កម្ពុជា បាន​ប្តេជ្ញា​បន្ត​ថែ​រក្សា​សន្តិភាព, សន្តិសុខ, ស្ថិរ​ភាព​នយោបាយ, សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព​សង្គម ឲ្យ​បាន​រឹង​មាំ ព្រម​ជាមួយ​នឹង​ការ​ទប់​ស្កាត់ រាល់​សកម្មភាព​ប្រទូស្ត​រ៉ាយ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ប្រឆាំង និង​មជ្ឈដ្ឋាន​អន្តរជាតិ​នានា ដោយ​ប្រតិបត្តិ​តាម​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ម៉ឺង​ម៉ាត់ និង​ច្បាប់​ជា​ធរមាន​។

សូម​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ទើប​តែ​បាន​ជាប់​ឆ្នោត​ជា​ថ្មី នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ បន្ទាប់​ពី​អវត្តមាន​របស់​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​។

គួរ​ជំរាប​ជូន​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បិទ​បញ្ចប់​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​របស់​ខ្លួន រយៈ​ពេល​៣​ថ្ងៃ កាល​ពី​ល្ងាច​ថ្ងៃព្រហស្បត្តិ៍ ទី ២០ ធ្នូ ដោយ​សម្រេច​បាន​លទ្ធផល​សំខាន់ៗ​ចំនួន​១១​ចំណុច ដើម្បី​តម្រង់​ទិស​សម្រាប់​ការ​អនុវត្ត​របស់​ខ្លួន​តទៅ​ថ្ងៃ​ខាង​មុខ​។ ក្នុង​នោះ​សន្និបាត​ក៏​បាន​សម្រេច​បោះ​ឆ្នោត​ជ្រើស​តាំង​បំពេញ​បន្ថែម​នូវ​សមាជិក​គណៈ​អចិន្ត្រៃយ៍​ថ្មី​ចំនួន​៧​រូប ទៅ​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​កំពូល​របស់​គណបក្ស ដោយ​៤រូប គឺ​ជា​មេ​បញ្ជា​ការ​យោធា​កំពូល​របស់​កម្ពុជា ដែល​ទើប​នឹង​តែង​តាំង​ថ្មី ក្នុង​នោះ​ក៏​មាន​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ​។ ការ​តែង​តាំង​នេះ ធ្វើ​ឲ្យ​ចំនួន​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​កាន់​អំណាច កើន​ឡើង​ពី​៣០​រូប ដល់​៣៧​រូប និង​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​សរុប​ចំនួន ៨៦៥ រូប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ