អានតួអត្ថបទ
កម្ពុជា

លោកហោ ណាំហុង ណែនាំ​ទូត​ខ្មែរ​ឲ្យ​តាមដាន​ព័ត៌មាន​​លើ​​ហ្វេសបុក​​លោក​ហ៊ុន សែន

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​ទី៣០មករា​នេះ បាន​កោះប្រជុំ​ជាមួយ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ខ្មែរ​ដើម្បី​ពង្រឹង​ការងារ​របស់ខ្លួន។ ក្នុងនោះ លោក​ប្រមុខ​ការទូត​កម្ពុជា ក៏បាន​ណែនាំ​ឲ្យ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅក្រៅ​ប្រទេស​ទាំងអស់ តាមដាន​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង​គេហទំព័រ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី និង​ក្រសួងការបរទេស ដើម្បី​ទទួលបាន​ព័ត៌មាន​ជាក់ស្តែង​ពី​កម្ពុជា។ 

ឯកអគ្គរាជទូត​និង​អគ្គកុងស៊ុល​កម្ពុជា ​ក្នុង​ពេល​ប្រជុំ​ជាមួយ​លោក​ឧបនាយករដ្ឋ​មន្រ្តី ​ហោ ណាំហុង​ នៅ​ក្រសួង​ការបរទេស​កម្ពុជា ​ថ្ងៃទី​៣០ ​មករា​ឆ្នាំ​២០១៦។​
ឯកអគ្គរាជទូត​និង​អគ្គកុងស៊ុល​កម្ពុជា ​ក្នុង​ពេល​ប្រជុំ​ជាមួយ​លោក​ឧបនាយករដ្ឋ​មន្រ្តី ​ហោ ណាំហុង​ នៅ​ក្រសួង​ការបរទេស​កម្ពុជា ​ថ្ងៃទី​៣០ ​មករា​ឆ្នាំ​២០១៦។​ @RFI/Somnop
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើង​ដោយ​បិទទ្វារ​នៅឯ​ទីស្តីការ​ក្រសួងការបរទេស​នៅ​ថ្ងៃ​សៅ​រិ៍​ទី៣០មករា​នេះ ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង បានធ្វើ​ការណែនាំ​ទៅដល់​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ខ្មែរ​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់ខ្លួន​ឲ្យ​បានល្អ​ថែមទៀត។

ថ្លែង​នៅក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ខ្មែរ​នៅថ្ងៃនេះ លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង បាន​បញ្ជាក់ថា មានបញ្ហាសំខាន់ៗចំនួន​បី ដែល​លោក​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​នេះ ទី១-គឺ​លោក​បាន​ណែនាំ​ឲ្យ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ខ្មែរ​ទាំងអស់ ស្វែង​យក​ពី​សភាពការណ៍​ជាក់ស្តែង​របស់​ប្រទេស​កម្ពុជា និង​ការ​រីកចំរើន​ជាក់ស្តែង​របស់​ប្រទេស​នេះ។ ទី២-យកចិត្តទុកដាក់​ជា​អាទិភាព​ទៅលើ​បញ្ហា​ប្រឈម​របស់​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស និង​ទី៣ គឺ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​យុវជន​កម្ពុជា​ដែល​ជា​និស្សិត​ដែល​កំពុង​សិក្សា​នៅ​បរទេស និង​ស្វែងរក​អាហារូបករណ៍ថ្មីៗបន្ថែមទៀត។

សូមជម្រាបថា ឯកអគ្គរាជទូត​កម្ពុ​ជា​នៅក្រៅ​ប្រទេស​មាន​ចំនួន២៦ និង​អគ្គ​កុងស៊ុល​មាន​ចំនួន។​

ផ្អែកលើ​បញ្ហា​ទាំងនេះ លោក​ប្រមុខ​ការទូត​កម្ពុជា ក៏បាន​ណែនាំ​ឲ្យ​ឯកអគ្គរាជទូត​និង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​បរទេស​ទាំងអស់ យកចិត្តទុកដាក់​តាម​ដាន​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ដឹងបាន​ច្បាស់​ពី​សភាពការណ៍​ជាក់ស្តែង​នៅក្នុង​ប្រទេស ពិសេស​គឺ​តាមដាន​ព័ត៌មាន​​​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក Facebook និង Website របស់លោក​នាយក​រដ្ឋមន្ត្រី និង​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ឲ្យ​បាន​ជាប់​ជា​រៀងរាល់ថ្ងៃ។

គួរ​ជំរាបជូន​ដែរ​ថា នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​​ថ្ងៃទី៩ មករា ឆ្នាំ២០១៦កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ទៅដល់​មន្ត្រី​​អង្គទូត​ណា​ដែល​អសកម្ម​ក្នុង​ការងារ​របស់ខ្លួន​ផងដែរ។

នៅថ្ងៃនេះ​ដែរ លោក ហោ ណាំហុង បាន​ដាស់តឿន​ឯកអគ្គរាជទូត​និង​អគ្គ​កុងស៊ុល ខ្មែរ​ទាំង​អស់ ត្រូវបំពេញ​ការងារ​រ​បស់​ខ្លួន​ឲ្យ​បានល្អ កុំ​ចាំតែ​មានការ​ណែនាំ​ពី​ក្រសួង ពោលគឺ​ត្រូវ​មាន​គំនិត​ផ្តួចផ្តើម​ឲ្យ​បាន​ច្រើន នៅក្នុង​ការផ្សព្វផ្សាយ​ពីស​ភាព​ការ​ណ៏​ជាក់ស្តែង​ពី​ប្រទេស​កម្ពុជា​ទៅ​បរទេស និង​ត្រូវ​តាមដាន​សភាពការណ៍​ក្នុងប្រទេស​របស់ខ្លួន​ក៏ដូចជា​ប្រទេស​ដែល​ខ្លួន​ស្នាក់នៅ ឬ​ក្នុង​តំបន់​ដែល​ខ្លួន​កំពុង​បំពេញ​បេសកម្ម​នោះដែរ។ លោក​រដ្ឋមន្ត្រី​ក៏បាន​រិះគន់​ចំៗ​ដែរ​​ថា ឯកអគ្គរាជទូត​ខ្មែរ​នៅ​បរទេស​ខ្លះ ហាក់​ទៅ​បំពេញការងារ​សម្រាប់តែ​ការ​សន្សំ​លុយ​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ