អានតួអត្ថបទ
កម្ពជា

សន្និបាត​ CPP ​ពីរ​ថ្ងៃ៖ លោក​ ហ៊ុន សែន ផ្ដល់​ដំណោះស្រាយ​ផង​ព្រមាន​ផង​

សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ បាន​បិទបញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​១០​ធ្នូ​នេះ​។ ជា​ការ​កត់​សម្គាល់​នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​នេះលោក ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ បាន​ផ្តល់​នូវ​ដំណោះស្រាយ​ផង​ និង​វិធានការ​នៅ​ចំពោះ​មុខ​ផង។

លោក ហ៊ុន សែន ថ្លែងក្នុងសន្និបាតរបស់គណបក្សនៅថ្ងៃទី ១០​ ខែ មករា ឆ្នាំ ២០១៦
លោក ហ៊ុន សែន ថ្លែងក្នុងសន្និបាតរបស់គណបក្សនៅថ្ងៃទី ១០​ ខែ មករា ឆ្នាំ ២០១៦ @samdach Hun Sen
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្នុង​នាម​ជា​គណបក្ស​ដឹក​នាំ​ប្រទេស បាន​ផ្តល់​ដំណោះស្រាយ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ច្រើន ដែល​អាច​ចាត់​ទុក​ថា ជា​ដំណឹង​ល្អ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ អ្វី​ដែល​គេ​បាន​ដឹង​ តាម​រយៈ​ការ​ទម្លាយ​ព័ត៌មាន​ជា​បន្ត​បន្ទាប់​ពី​ក្នុង​កិច្ច​ប្រជុំ​តាម​រយៈ​បណ្តាញ​សង្គម​ ហ្វេសប៊ុក​ផ្ទាល់​របស់​លោក និង​តាមរយៈ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ផង​។

ជាក់​ស្តែង​នៅ​ថ្ងៃ​ទី​២​នៃ​សន្និបាត​គណបក្ស​នា​ថ្ងៃ​អាទិត្យ​ទី​១០​មករា​នេះ​តែ​ម្តង លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ចេញ​សេចក្តី​សម្រេច​ជា​ផ្លូវ​ការ ស្តី​ពី​ការ​លើក​លែង​ពន្ធ​ប្រថាប់​ត្រា​លើ​ការ​ផ្ទេរ​កម្ម​សិទ្ធិ ឬ សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​។ បន្ថែម​លើ​នេះ​ លោកនាយករដ្ឋមន្រ្តី ក៏​បាន​សន្យា​បញ្ចុះ​តម្លៃ​នៃ​ការ​ប្រើ​ប្រាស់​អគ្គិ​សនី​របស់​ពល​រដ្ឋ​ខ្មែរ​ផង​ដែរនៅ​ឆ្នាំ​២០១៧ ខាង​មុខ។ បើ​តាម​លោក​នាយករដ្ឋមន្រ្តី​ ចាប់​ពី​ ខែ មេសា ឆ្នាំ ២០១៧ត​ទៅ​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រើ​ប្រាស់​បណ្តាញ​អគ្គិសនី​រដ្ឋ​ក្នុង​បរិមាណ​ ពី​៥០​គីឡូវ៉ាត់ចុះ​ក្រោម គឺ​បង់​ថ្លៃ​ត្រឹម​តែ ៦១០រៀល​តែ​ប៉ុណ្ណោះ​។​

ក្រៅ​ពី​សេចក្តី​សម្រេច​គួរ​ជា​ទី​អប​អរ​សាទរ​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ព្រមាន​ដក​តំណែង​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​បរទេស​ណា ដែល​មិន​សកម្ម​ក្នុង​ការ​ផ្តល់​សេវា​ដល់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ​។ នេះ​បើ​តាម​ការ​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូល​រួម​សន្និបាត​របស់​គណបក្ស​ នៅ​ថ្ងៃអាទិត្យ ទី​១០​មករា​​នេះ​។

ក្រៅ​ពី​នេះ ប្រមុខ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​រំឮក​ឡើង​វិញ​ ពី​សំណុំ​រឿង​របស់​ក្រុម​អ្នក​ដុត​រថយន្ត​មន្រ្តី​កង​រាជ​អាវុធហត្ថ​ នៅ​ពេល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣ ថា​ អាជ្ញាធរ​នឹង​មិន​លើក​លែងនោះ​ឡើយ​។ សូម​បញ្ជាក់​ថា រថយន្ត​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ចំនួន​ពីរ​គ្រឿង ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​វាយ​បំផ្លាញ ​និង ដុត​កម្ទេច​ចោល​ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ កក្កដា ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​អាណត្តិ​ទី​៥ នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ​។

ជាមួយគ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ខ្លាំង​ៗនិង​ចំៗ​ ដល់​រដ្ឋ​មន្ត្រី​ណា​ដែល​មាន​ប្រពន្ធ មាន​កូន មាន​បងប្អូន ចូល​មក​លូក​លាន់​ដល់​ការងារ​របស់​ក្រសួង ត្រូវ​តែ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់​។

សូមបញ្ជាក់ថាសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជារយៈពេលពីរថ្ងៃនេះ គឺដើម្បីវាយតម្លៃសភាពការណ៍និងការងារគណបក្សក្នុងឆ្នាំ២០១៥និងទិសដៅភារកិច្ចឆ្នាំ២០១៦។ សន្និបាតនេះផ្ដោតជាសំខាន់ក្នុងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ រួមទាំងការដាក់បញ្ចូលបេក្ខភាពយុវជននិងនារីសម្រាប់​ការ​បោះ​ឆ្នោត​ ក្រុម ប្រឹក្សា ឃុំ សង្កាត់​ ២០១៧​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ