អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ហ៊ុន សែន​ គ្រោងប្តឹង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​ លោកស្រី​ថាក់ ឡានី​

ក្រុម​មេធាវី​តំណាង​រដ្ឋាភិបាល​បាន​ជួប​ប្រជុំគ្នា​​ដើម្បី​​សិក្សា​​ទៅ​ លើ​​ពាក្យ​បណ្តឹង ប្រឆាំងនឹង​លោក​ស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី។ ពាក្យបណ្តឹង​ដែល​គ្រោង​ធ្វើ​ឡើង ​បន្ទាប់ពី​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា នឹង​​ប្តឹង​​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី មួយរូប​គឺ លោកស្រី ថាក់ ឡា​នី ដែល​បាន​ចោទ​ប្រកាន់​មកលើ​​លោក​នាយក​រដ្ឋមន្ត្រី​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​​​អ្នក​វិភាគ​នយោបាយ​និង​ សង្គម លោក កែម ឡី។

លោក​ស្រី ​ថាក់ ​ឡានី​ ដៃ​កាត់​ក្បាល​ម៉េក្រូ​ថ្លែង​នៅ​ក្នុង​ពិធី​សាសនា​នៅ​វត្ត​មួយ​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក។​
លោក​ស្រី ​ថាក់ ​ឡានី​ ដៃ​កាត់​ក្បាល​ម៉េក្រូ​ថ្លែង​នៅ​ក្នុង​ពិធី​សាសនា​នៅ​វត្ត​មួយ​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក។​ @Faceboook
ផ្សាយពាណិជ្ជកម្ម

គម្រោង​នៃ​ការដាក់​ពាក្យ​ប្តឹង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទំលាយ​ឲ្យ​ដឹង​នៅក្នុង​កិច្ចសម្ភាសន៍​ពិសេស​មួយ​ជាមួយ​អង្គភាព​ព័ត៌មាន​ក្នុងស្រុក (Fresh News) នៅ​រាត្រី​ថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១។

តាមរយៈ​បទ​សម្ភាសន៍​​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន បានប្រកាស​ពី​ការសម្រេចចិត្ត​របស់លោក​ក្នុងការ ប្តឹង​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី មួយរូប គឺ​លោកស្រី ថាក់ ឡា​នី ដែល​បាន​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​បាញ់សម្លាប់​លោក កែម ឡី អ្នកវិភាគ​នយោបាយ​និង​ស្រាវជ្រាវ​សង្គម​នៅ​កម្ពុជា​ដ៏​មាន​ប្រជាប្រិយភាព កាលពីដើម​ខែកក្កដា​ក​ន្ល​ង​ទៅ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​តាមរយៈ​បទសម្ភាសន៍​នោះ​ថា ពាក្យបណ្តឹង​នឹងធ្វើ​ឡើង​នៅពេលឆាប់ៗនេះ, ហើយ​សម្រាប់​សមាជិក​ព្រឹទ្ធសភា​រូបនេះ មិន​ពិបាក​នោះទេ សម្រាប់​ការប្តឹង និង​បោះឆ្នោត​ដក​អភ័យឯកសិទ្ធិ, ដោយហេតុថា សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​សម្លេង​លើសពី២ភាគ។

ការប្រកាស​ប្តឹង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​ការ​បែកធ្លាយ​នៃ​វីដេអូ​ឃ្លី​ប​មួយ​របស់​លោកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​មណ្ឌល​ភូមិភាគ២ មកពី​គណបក្ស សម រង្ស៊ី ដែល​បាន​ថ្លែង​នៅក្នុង​វេទិការ​មួយ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​បាញ់សម្លាប់​លោក កែម ឡី។ ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​នេះ ត្រូវបាន​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា អ្នកណា​ក៏​ដោយ​​ឲ្យ​តែ​និយាយ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​ថ្នាក់ដឹកនាំ​គណបក្ស​ដោយ​គ្មាន​មូលដ្ឋាន គឺ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។

លោក គី តិច មេធាវី​តំណាង​រដ្ឋាភិបាល​វិញ​បាន​ថ្លែងថា ក្រុម​មេធាវី​របស់​រដ្ឋាភិបាល​កំពុងតែ​ពិភាក្សាគ្នា​ដើម្បី​សិក្សា​ពីបទ​ល្មើស។ លោក​ថា យ៉ាងយូរ​​នៅត្រឹម​ថ្ងៃ​ច័ន្ទ ពាក្យបណ្តឹង​នឹង​ទៅ​ដល់ដៃ​តុលាការ។ លោកស្រី ថាក់ ឡា​នី នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​គម្រោង​នៃ​ការ​ប្តឹងផ្តល់​របស់​នាយ​ក​រដ្ឋមន្ត្រី​ទៅលើ​រូបលោក​ស្រី​នៅឡើយ​ទេ។

គួរ​កត់សំគាល់ថា លោកស្រី ថាក់ ឡា​នី នឹង​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ទី២ ដែល​រង​បណ្តឹង​នៅក្នុង​តុលាការ បន្ទាប់ពី​លោក ហុង សុខ​ហួរ ដែល​កំពុង​ជាប់ពន្ធនាគា​នៅក្នុង​សំណុំរឿង​ព្រំដែន​ស្រាប់។ ហើយ​លោកស្រី​ក៏​នឹង​ស្ថិតនៅក្នុង​ជួរ​ថ្នាក់ដឹកនាំសំខាន់ៗរបស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​ញាំ​ញី​ដោយ​បណ្តឹង​នៅក្នុង​តុលាការ រួមមាន លោក សម រង្ស៊ី ប្រធាន​គណបក្ស, លោក កឹម សុខា​ជា​អនុប្រធាន, លោក ចាន់ ចេង តំណាងរាស្ត្រ​មណ្ឌល​​កណ្តាល, លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​សកម្មជន​ថ្នាក់កណ្តាល​និង​ថ្នាក់​ក្រោម​​ជាច្រើនរូប​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ