អានតួអត្ថបទ
កម្ពុជា

លោក ​ហ៊ុន សែន ​ទទួល​ស្គាល់​សំឡេង​បែកធ្លាយ​ជា​មួយ​លោក ​កឹម សុខា ​ថា​ជា​ការ​ពិត​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ស្គាល់​ថា សំឡេង​ដែល​បែកធ្លាយ​រវាង​លោក និង​លោក កឹម សុខា កាលពី​យប់មិញ គឺជា​ការពិត។ ការ​ចេញមុខ​មក​បញ្ជា​ក់​ជា​ផ្លូវការ​នេះ គឺ​បន្ទាប់ពី​សំឡេង​សន្ទនា​តាម​ខ្សែ​ទូរ​សព្ទ ដែល​គេ​បញ្ជាក់​ថា ជា​សំឡេង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា នោះ ត្រូវ​បាន​​ទំលាយ​តាមរយៈ​គណនេយ្យ​ហ្វេ​សបុ​កមួយ ឈ្មោះ​សីហា ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​បន្ត ដោយសារ​ព័ត៌មាន​ក្នុងស្រុក​ហ្វ្រេស​ញូ (Fresh News)។ ប៉ុន្តែភ្លាមៗនៃ​ការផ្សព្វផ្សាយ​នោះ មានការ​ចោទ​ជា​សំណួរ​ថា តើ​សំឡេង​សន្ទនា​នោះ ពិត​ឬ​ក្លែងក្លាយ?

លោក កឹម សុខា ​លើក​ដៃ​ស្វាគមន៍​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ ​បន្ទាប់​ពី​សមាជវិសាមញ្ញ​របស់​គណបក្ស​បាន​បោះ​ឆ្នោត​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​ ២​ មីនា ​ឆ្នាំ​២០១៧។​
លោក កឹម សុខា ​លើក​ដៃ​ស្វាគមន៍​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ ​បន្ទាប់​ពី​សមាជវិសាមញ្ញ​របស់​គណបក្ស​បាន​បោះ​ឆ្នោត​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​ ២​ មីនា ​ឆ្នាំ​២០១៧។​ @Seng Thai
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ការ​បែកធ្លាយ​សំឡេង​សន្ទនា​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក កឹម សុខា ជុំវិញ​ផែន​ការក្តោបក្តាប់​គណបក្ស​ប្រឆាំង​របស់លោក កឹម សុខា​​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលទៅ​សរសេរ (Comment) នៅក្នុង​ទំព័រ​ហ្វេ​ស​បុក​​របស់​សារព័ត៌មាន​ក្នុងស្រុក​ឈ្មោះ​ហ្វ្រេស​ញូ (Fresh News) ថា សំឡេង​ដែល​បែក​ធ្លាយ​​នោះ គឺជា​សំឡេង​ពិត១០០%របស់លោក។ លោក ហ៊ុន សែន បានសរសេរថា លោក​ពិត​ជា​បាន​និយាយ​ឆ្លងឆ្លើយ​ជាមួយ​លោក កឹម សុខា ជាច្រើនលើក រួមទាំង​ការឆ្លង​ឆ្លើយ​គ្នា​តាម​​Whats App ជា​ច្រើនដង​ថែមទៀត។ មិនតែប៉ុណ្ណោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទាំង​បានកើត​សរសើរ​ដល់​ម្ចាស់​គណនេយ្យ​ហ្វេ​ស​បុក​ឈ្មោះ​សីហា ដែលមាន​សមត្ថភាព​អាច​លួច​ថត​សំឡេង​សន្ទនា​របស់លោក​បាន។

សូមបញ្ជាក់ថា សំឡេង​សន្ទនា​តាម​ខ្សែ​ទូរ​សព្ទ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា ដែល​ត្រូវបាន​ទម្លាយ​ដោយ​គណនេយ្យ​ហ្វេ​សបុ​កមួយ​ឈ្មោះ​សីហា​នោះ គឺ​មាន​​រយៈពេល​ជាង២០នាទី ដែល​បាន​រៀបរាប់​ពី​សេនា​រី​យ៉ូ (Scenario) ក្នុងការ​ឆ្ពោះទៅ​ក្តោប​ក្តាប់​​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក កឹម សុខា នឹង​ការ​ផាត់​លោក​សម រង្ស៊ី ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​ការចេញមុខ​មក​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​យប់មិញ​នេះ គឺ​បន្ទាប់ពី​គេ​ដាក់​ការសង្ស័យថា សំឡេង​ដែល​បែកធ្លាយ​នោះ ជា​សំឡេង​មិន​ពិត ហើយ​ជាការ​ប្រឌិត​ព័ត៌មាន​ឡើង ដើម្បី​បំបែក​មេដឹកនាំ​គណបក្សប្រឆាំង​តែប៉ុណ្ណោះ។

ទោះជា​យ៉ាងណាក្តី លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា នោះ​គឺជា​ការបញ្ជាក់​ជា​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ។ លោក សុខ ឥសាន បាន​បន្ថែមថា សារ​សន្ទនា​នោះ គឺ​កើតឡើង​នៅក្នុង​អំឡុង​ខែកញ្ញា​ឆ្នាំ២០១៦ មុនពេល​ដែល​លោក កឹម សុខា បានទទួល​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ តាម​ការស្នើសុំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

យ៉ាងណាក៏ដោយ គណបក្សប្រឆាំង​នៅ​មិនទាន់​ចេញ​ប្រតិកម្ម​ជា​ផ្លូវការ​នៅឡើយ​ទេ ជុំវិញ​ការ​បែកធ្លាយ​សារ​សន្ទនា​ចុងក្រោយ​ក្នុងចំណោម​សារ​បែកធ្លាយ​ជាច្រើន​ទៀត ដែល​បាន​បែកធ្លាយ​នា​រយៈពេល​ចុងក្រោយ​នេះ។ លោក មុត ចន្ថា មន្ត្រី​ទទួលបន្ទុក​ខុទ្ទកាល័យ​របស់​លោក កឹម សុខា បាន​ចាត់ទុកថា ការ​លួច​ថត​សំឡេង​របស់​បុគ្គល​ណាក៏ដោយ គឺជា​អំពើ​ខុស​ច្បាប់។ ប៉ុន្តែ​លោក​ក៏​មិនអាច​បញ្ជាក់បាន​នៅឡើយ​ទេ​ថា តើ​សំឡេង​ដែល​បែកធ្លាយ​នោះ ពិត​ឬ​ក្លែងក្លាយ​នោះដែរ។

អ្វី​ជាការ​កត់សំគាល់ ការ​បែកធ្លាយ​សារ ឬ​ព័ត៌មាន​ក្លែងក្លាយ (Fake News) នេះ​ហាក់​កំពុង​កើនឡើង​ច្រើន នៅក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង ត្រៀម​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃទី ៤ មិថុនា ខាងមុខ។ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល បាន​ចោទ​ជា​សំណួរ​ថា តើ​អ្នកនយោបាយ​នៅ​កម្ពុជា ដែល​ប្រើ​យុទ្ធសាស្ត្រ​បញ្ចេញ​ព័ត៌មាន​បែកធ្លាយ ប្រឆាំង​គូប្រកួត​របស់ខ្លួន នឹង​ទទួលបាន​ប្រយោជន៍​ជា​សម្លេងឆ្នោត​ច្រើន​ប្រាកដ​មែនឬ? លោក គល់ បញ្ញា បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​របស់លោក​កាលពី​យប់មិញ​នេះ​ថា ការ​លេច​ធ្លាយ​ព័ត៌មាន (leaks) មិន​ត្រឹម​មាន​បំណង​​បញ្ចុះ​កិត្យានុភាព (credibility) របស់​ដៃគូ​ប្រកួត​នោះទេ តែ​ក៏​ចង់​បង្កើត​ឲ្យ​មានការ​សង្ស័យ​​គ្នា ដែល​អាច​នាំ​ឲ្យ​ការបែកបាក់​គូ​ប្រ​គួ​ត​នយោបាយ​ច្រើនជាង៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ