សង្គមស៊ីវិលត្រៀមធ្វើទិវាសិទ្ធិមនុស្ស១០ធ្នូ ផ្តោតលើឯករាជ្យភាពរបស់តុលាការ
សម្ព័ន្ធអង្គការសង្គមស៊ីវិលប្រមាណជា២០០ អង្គការ-សមាគម នឹងប្រារព្ធខួប៦៦ឆ្នាំ នៃទិវាសិទ្ធិមនុស្ស១០ធ្នូ នៅលើសួនច្បារមុខវត្តបទុមវត្តីក្នុងក្រុងភ្នំពេញនៅថ្ងៃទី១០ខែធ្នូខាងមុខនេះ។ តាមគម្រោង ការប្រារព្ធពិធីក៏មានការដើរហែក្បួនផងដែរ ប៉ុន្តែយ៉ាងណាក៏ដោយ នៅមិនទាន់មានការអនុញ្ញាតពីសាលាក្រុងនៅឡើយទេ។ ការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូនៅឆ្នាំនេះ គឺផ្តោតលើឯករាជ្យភាពរបស់តុលាការ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៣
ការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ ដើម្បីរៀបចំពិធីអបអរសាទរខួបទី៦៦ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស នឹងធ្វើឡើងក្រោមប្រធានបទ៖ “មានតុលាការឯករាជ្យ មានការគោរពសិទ្ធិមនុស្ស។ នេះបើតាមការបញ្ជាក់ពី លោក សួន ប៊ុនស័ក្តិ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC។
បើតាមលោក សួន ប៊ុនស័ក្តិ ទិវានេះ គ្រោងធ្វើឡើង នៅលើសួនច្បារមុខវត្តបទុមវត្តីក្នុងក្រុងភ្នំពេញ នាថ្ងៃទី១០ខែធ្នូខាងមុខនេះ ដោយមានអ្នកចូលរួមប្រមាណជា ៥០០០នាក់ ដោយមានការដើរហែក្បួនផងដែរ។ តាមគម្រោង ការដើរហែក្បួន នឹងចាប់ផ្តើមចេញពីពហុកីឡដ្ឋានជាតិអូឡាំពិក កាត់តាមផ្លូវព្រះមុនីរ៉េត បត់តាមផ្លូវព្រះសីហនុ សំដៅឆ្ពោះទៅកាន់ផ្លូវសម្តេចសុធារស ដោយកាត់តាមវិមានឯករាជ្យ ហើយបត់ទៅកន្លែងប្រារព្ធពិធីនៅលើសួនច្បារមុខវត្តបទុមវតីតែម្តង។ នេះគឺជាយុទ្ធនាការដ៏ធំមួយ ដែលក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលប្រមាណជា២០០ អង្គការ-សមាគម បានត្រៀមរៀបចំឡើង ដើម្បីអបអរសាទរខួបទី៦៦ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងដើម្បីជំរុញឲ្យតុលាការនៅក្នុងប្រទេសកម្ពុជាមានឯករាជភាព។ បើតាមលោក សួន ប៊ុនស័ក្តិ បើកាលណា តុលាការឯករាជ្យ នោះការគោរពសិទ្ធិមនុស្សនឹងត្រូវបានលើកតម្កើង។
សូមបញ្ជាក់ថា សម្ព័ន្ធអង្គការសង្គមស៊ីវិល បានដាក់លិខិតសុំច្បាប់ពីសាលារាជធានីភ្នំពេញ តាំងពីថ្ងៃទី៣ ខែវិច្ឆិកាមកម្ល៉េះ ប៉ុន្តែគិតត្រឹមថ្ងៃអាទិត្យទី៣០វិច្ឆិកានេះ នៅមិនទាន់មានការឆ្លើយតប នៅឡើយទេ។ ការអបអរសាទរទិវាសិទ្ធិមនុស្ស១០ធ្នូខួបទី៦៦ ក៏ធ្វើឡើងដើម្បីរម្លឹកនិងបង្កើនកិច្ចសហការរវាងអង្គការសង្គមស៊ីវិល ជាមួយនឹងស្ថាប័នរដ្ឋ ក្នុងការលើក ស្ទួយ ការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ ដោយឆ្នាំនេះ ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិល បានយាងអញ្ជើញព្រះមហាក្សត្រប្រទានព្រះរាជស័ង្កថា រួមទាំងការអញ្ជើញប្រធានព្រឹទ្ធសភា រដ្ឋសភា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន និងប្រធានតុលាការកំពូលផងដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ