សាកលវិទ្យាល័យរដ្ឋមួយដំឡើងថ្លៃសិក្សា១០០%សម្រាប់ថ្នាក់វេជ្ជបណ្ឌិតឯកទេស
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលស្ថិតក្រោមឱវាទក្រសួងសុខាភិបាលកម្ពុជា បានប្រកាសជ្រើសរើសបេក្ខជនឱ្យប្រឡងចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស ឆ្នាំសិក្សា២០១៤-២០១៥។ ក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២១ ខែវិច្ឆិកា ម្សិលមិញ គ្រឹះស្ថានសិក្សារបស់រដ្ឋនេះបានសម្រេចដំឡើងថ្លៃសិក្សាដល់៣០០០ដុល្លារក្នុងមួយឆ្នាំ លើសឆ្នាំមុន១០០% ចំពោះថ្នាក់រៀនបង់ថ្លៃ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០១
ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៤ បេក្ខជនណាដែលមានបរិញ្ញាបត្រវិទ្យាសាស្ត្រសុខាភិបាល ឬសញ្ញាបត្រវេជ្ជបណ្ឌិតទូទៅស្របច្បាប់ និងចេះភាសាបារាំង ឬអង់គ្លេសផង អាចដាក់ពាក្យប្រឡងយកអាហារូបករណ៍ ឬចូលរៀនថ្នាក់បង់ថ្លៃសិក្សា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីក្លាយជាវេជ្ជបណ្ឌិតឯកទេស។
ប៉ុន្តែ និស្សិតដែលមិនបានអាហារូបករណ៍ ហើយចង់រៀនបង់លុយ នឹងត្រូវចំណាយ៣០០០ដុល្លារក្នុងមួយឆ្នាំ នៅពេលដែលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានប្រជុំសម្រេចបង្កើនថ្លៃសិក្សាថ្នាក់បង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០១៤-២០១៥។ ក្នុងឆ្នាំសិក្សាចាស់ ការចំណាយសម្រាប់រៀននៅថ្នាក់វេជ្ជបណ្ឌិតឯកទេសនេះ មានតម្លៃ១៥០០ដុល្លារក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ ការណ៍នេះធ្វើឱ្យនិស្សិតពេទ្យខ្លះភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលពួកគេកំពុង«ក្រីក្រ» ហើយត្រូវបង់ថ្លៃទ្វេរដង រយៈពេល៤ឆ្នាំទៀត បន្ទាប់ពីបានឆ្លងកាត់ការសិក្សា៦ឆ្នាំនៅថ្នាក់វេជ្ជបណ្ឌិតទូទៅ។
យើងមិនទាន់អាចស្វែងរកការពន្យល់ជាផ្លូវការពីសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានភ្លាមៗនៅឡើយទេ។ បើយោងតាមព័ត៌មានដែលយើងទទួលបានក្រៅផ្លូវការ គឺថា ដើមឡើយ ថ្នាក់វេជ្ជបណ្ឌិតឯកទេសនេះ មិនផ្តល់អាហារូបករណ៍ឱ្យនិស្សិតទេ។ លើសពីនេះទៅទៀត ប្រភពបន្តថា ការសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេសនេះ ទោះបីជានិស្សិតមានតែ៥ឬ៦នាក់ក្តី ក៏សាលាត្រូវចំណាយលើសាស្ត្រាចារ្យជំនាញផ្សេងៗពី៧ទៅ៨នាក់ដែរ។ មួយវិញទៀត រដ្ឋទំនងជាបានកាត់បន្ថយការគាំពារផ្នែកហិរញ្ញវត្ថុចំពោះសាកលវិទ្យាល័យ។ នេះបើតាមប្រភពដដែល ដែលបញ្ជាក់ថា ការសម្រេចដំឡើងថ្លៃសិក្សានេះ គឺធ្វើឡើងបន្ទាប់ពីការប្រជុំពិគ្រោះយោបល់។
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលថែមទាំងបានដំឡើងថ្លៃសិក្សានៅថ្នាក់វេជ្ជបណ្ឌិតទូទៅ ពីចំនួន១២០០ដុល្លារក្នុងមួយឆ្នាំ ទៅ១៥០០ដុល្លារក្នុងមួយឆ្នាំផងនោះ ផ្តល់ការបណ្ដុះបណ្តាលថ្នាក់វេជ្ជបណ្ឌិតឯកទេសចំនួន២០ជំនាញខុសៗគ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ