អានតួអត្ថបទ
កម្ពុជា

គ.ជ.ប មិន​គ្រប់​គ្រង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១៧

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​ប្រកាស​ថា គជប ​នឹង​មិន​គ្រប់​គ្រង​គេហទំព័រ​ព័ត៌មាន​អនឡាញ និង​បណ្តាញ​សង្គម​ដូច​ជា ហ្វេសប៊ុក យូធូប អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​នេះ​ទេ។ ក្នុង​ន័យ​នេះ គជប នឹង​ត្រួត​ពិនិត្យ​មើល​រាល់​ការ​ផ្សាយ​ទាំង​សម្ភារៈ និង​ខ្លឹម​សារ​នយោបាយ របស់​កាសែត​បោះ​ពុម្ព វិទ្យុ ទូរទស្សន៍​ទាំង​រដ្ឋ និង​ឯកជន ដែល​បាន​ផ្សព្វ​ផ្សាយ​ទាក់​ទង​នឹង​គណបក្ស​នយោបាយ​ប៉ុណ្ណោះ។

គ.ជ.ប មិន​​គ្រប់​​គ្រង​​បណ្តាញ​​សង្គម​​ហ្វេសប៊ុក​​ក្នុង​​ពេល​​ឃោសនា​​បោះ​​ឆ្នោត​​ឃុំ​​សង្កាត់​​ឆ្នាំ ២០១៧
គ.ជ.ប មិន​​គ្រប់​​គ្រង​​បណ្តាញ​​សង្គម​​ហ្វេសប៊ុក​​ក្នុង​​ពេល​​ឃោសនា​​បោះ​​ឆ្នោត​​ឃុំ​​សង្កាត់​​ឆ្នាំ ២០១៧
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​គណៈកម្មធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ គជប នឹង​មិន​គ្រប់​គ្រង​ការ​ផ្សព្វ​ផ្សាយ​ពី​គណបក្ស​នយោបាយ​ តាម​បណ្តាញ​សង្គម ដូច​ជា ហ្វេសប៊ុក យូធូប និង​គេហទំព័រ​ព័ត៌មាន​អ៊នឡាញ​នោះ​ទេ។ មិន​គ្រប់​គ្រង​ដោយ​សារ តាម​ច្បាប់ គជប មាន​យុត្តាធិការ​ត្រឹម​ដែន​ដី​កម្ពុជា ខណៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក មាន​ម្ចាស់​គណនី​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស គួប​ផ្សំ​នឹង​លទ្ធភាព​ផ្នែក​ថវិកា និង​ធនធាន​មនុស្ស​របស់ គជប នៅ​មាន​កម្រិត។

យ៉ាង​ណា​ក៏​ដោយ អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ចាប់​ពី​ថ្ងៃ​ទី ២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី ០២ ខែ​មិថុនា ឆ្នាំ ២០១៧ គជប នឹង​គ្រប់​គ្រង​រាល់​សម្ភារៈ និង​ខ្លឹមសារ​ផ្សព្វ​ផ្សាយ​របស់​កាសែត​បោះ​ពុម្ព វិទ្យុ ទូរទស្សន៍​ទាំង​រដ្ឋ និង​ឯកជន​ក្នុង​ស្រុក ទាក់​ទង​នឹង​គណបក្ស​នយោបាយ។ គជប បាន​ណែនាំ​នូវ​គោលការណ៍ បី សម្រាប់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ការ​លក់ ឬ​ជួល​ម៉ោង​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​គណបក្ស​ក្នុង​ពេល​ឃោសនា គោលការណ៍​ស្មើ​ភាព តម្លៃ​ស្មើ​គ្នា និង​តាម​លំដាប់​មុន​ក្រោយ។ អ្នក​នាំ ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា បាន​បន្ថែម​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រាប់​ទាំង​កាសែត វិទ្យុ និង​ទូរទស្សន៍ ដែល​មាន​បំណង​ផ្សព្វ​ផ្សាយ​ពី​ គណបក្ស​នយោបាយ​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត ត្រូវ​តែ​ប្រកាស​ពី​ម៉ោង ឬ​ទំហំ​ទំនេរ សម្រាប់​លក់​ជូន​គណបក្ស​នយោបាយ​ក្នុង​រយៈ​ពេល​យ៉ាង​តិច ១៥​ថ្ងៃ មុន​ថ្ងៃ​ចាប់​ផ្តើម​ឃោសនា​បោះ​ឆ្នោត។ ម្ចាស់​កាសែត វិទ្យុ និង​ទូរទស្សន៍ ត្រូវ​តែ​លក់​ជូន​គ្រប់​គណបក្ស​ក្នុង​តម្លៃ​ដូច​គ្នា ហើយ​គណបក្ស​មក​មុន​បាន​ផ្សាយ​មុន តែ​អាច​លក់​ជូន​គណបក្ស​មួយ ត្រឹម​តែ​ពីរ​ដង នៃ​ម៉ោង ឬ​ទំហំ​ទំនេរ​សម្រាប់​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ។ ហើយ រាល់​សកម្មភាព​ឃោសនា ត្រូវ​បញ្ឈប់​ ២៤​ម៉ោង មុន​ថ្ងៃ​បោះ​ឆ្នោត។

គួរ​ជម្រាប​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ​អាទិត្យ ទី​០៤ ខែ​មិថុនា ឆ្នាំ ២០១៧ ដោយ​មាន អ្នក​បោះ​ឆ្នោត​សរុប​ជាង ៧​លាន​ ៨​សែន​នាក់ មាន ១២ គណបក្ស​នយោបាយ​ចូលរួម​ប្រកួត និង​មាន​បេក្ខភាព​ឈរ​ឈ្មោះ​ សរុប ៩៤.៥៩៥ នាក់ ក្នុង​នោះ​បេក្ខនារី មាន​សរុប ២៥.៧៨៨ នាក់។​ បេក្ខជន​ទាំង​នេះ នឹង​ត្រូវ​ចូល​រួម​បោះ​ឆ្នោត​ប្រជែង យក​តំណែង ប្រធាន អនុប្រធាន និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ សរុប ១១៥៧២ អាសនៈ ដែល​មាន​នៅ​ក្នុង​ចំណោម​ឃុំ​សង្កាត់ សរុប ១៦៤៦ ទូ​ទាំង​ប្រទេស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ