អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​នៅ​តែ​ចង់​បាន​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ធ្វើ​ខួប​កិច្ច​ព្រមព្រៀង​២៣​តុលា ទោះ​អាជ្ញាធរ​មិន​ឲ្យ

នៅ​ព្រឹក​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ប្រាប់​ពី​ជំហរ​ចុង​ក្រោយ​របស់​ខ្លួន​បន្ទាប់​ពី​ផ្ញើ​កំណត់​ហេតុ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ដោយ​មិន​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​រៀបចំ​ពិធី​ជួប​ជុំ​អបអរ​សាទរ​ខួប​លើក​ទី​ ២៥ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី​២៣ តុលា​ខាង​មុខ​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ។ អាជ្ញាធរ​ស្នើ​ឲ្យ​គណបក្ស​ប្រឆាំង​រៀបចំ​នៅ​ទីស្នាក់​ការ​គណបក្ស ឬ​ទីតាំង​ឯកជន​សមរម្យ​ណា​មួយ​វិញ។

រូបភាពចាស់៖ ទិដ្ឋភាពនៅទីលានប្រជាធិបតេយ្យ
រូបភាពចាស់៖ ទិដ្ឋភាពនៅទីលានប្រជាធិបតេយ្យ RFI/វឌ្ឍនា
ផ្សាយពាណិជ្ជកម្ម

 

មូលហេតុ​នៃ​ការ​មិន​អនុញ្ញាត​នេះ គឺ​ដោយសារ​តែ​សាលា​រាជ​ធានី​ភ្នំពេញ​យល់​ឃើញ​ថា ខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​សភា​ធម្មនុញ្ញ​រៀបចំ​ជា​ធាតុ​ផ្សំ​ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣ រហូត​ដល់​បច្ចុប្បន្ន​នេះ។ ដូច្នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​យល់​ថា ប្រធាន​បទ​មិន​សមស្រប​ទៀត​ទេ​ ដែល​ត្រូវ​ប្រមូល​ផ្ដុំ​ជួប​ជុំ ដើម្បី​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​សម្រាប់​ខួប​លើក​ទី​ ២៥ នៃ​កិច្ច​ព្រម​ព្រៀង ទីក្រុង​ប៉ារីស នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ។

ចំណែក​ខាង​គណបក្ស​សង្រ្គោះ​ជាតិ គេ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ ថា​តើ​ត្រូវ​ប្រារព្ធ​កម្មវិធី​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដូច​ការ​គ្រោង​ទុក​ ឫ​យ៉ាង​ណា​នោះ ព្រោះ​គេ​រង់​ចាំ​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ដល់​ដៃ​សិន មុន​នឹង​សម្រេច​ចិត្ត​បន្ត​ទៅ​ទៀត។ ក៏​ប៉ុន្តែ​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​រួច​ហើយ​ថា កម្ម​វិធី​នេះ​នៅ​តែ​បន្ត​ធ្វើ​ដូច​រៀង​រាល់​ឆ្នាំ​ដដែល​បើ​ទោះ​មិន​ទាន់​ច្បាស់​រឿង​ទី​តាំង​ក្តី។ យ៉ាង​ណា​ក៏​ដោយ សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ គេ​នៅ​តែ​ចង់​បាន​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ប្រារព្ធ​កម្មវិធី​នេះ។

បើ​តាម​លោក​ម៉ៅ មុនីវណ្ណ អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ មាន​មូលហេតុ​ធំ​ៗ​ចំនួន​ពីរ ដែល​គណបក្ស​ប្រឆាំង​ចង់​បាន​ទីលាន​ប្រជាធិបតេយ្យ​នេះ គឺ​ទី​១ ដោយសារ​តែ​ប្រជាពលរដ្ឋ​នឹង​មាន​ចំនួន​ច្រើន​ចូល​រួម​កម្មវិធី​នេះ អាច​ពី​១ ទៅ​២​ម៉ឺន​នាក់​ ដែល​គណបក្ស​មិន​អាច​ធ្វើ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​បាន។ ទីពីរ ​គណបក្ស​ប្រឆាំង​យល់​ថា បើ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ គឺ​មាន​លក្ខណៈ​ងាយ​ស្រួល​ដោយ​មិន​បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍ និង​រំខាន​ដល់​អ្នក​ដទៃ​ទៀត។

សូម​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​តែង​តែ​ប្រារព្ធ​ពិធី​រំឮក​ខួប​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​បារីស​ជា​រៀង​រាល់​ឆ្នាំ ដោយ​ឆ្នាំ​ខ្លះ​រៀប​ចំ​ធ្វើ​នៅ​តាម​ខេត្ត និង​ខ្លះ​ទៀត​ធ្វើ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​តែ​ម្តង​ហើយ​ទើប​តែ​ឆ្នាំ​នេះ​ទេ​ ដែល​បក្ស​ប្រឆាំង​ចង់​ធ្វើ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។ លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ បាន​លើក​ឡើង​នៅ​ព្រឹក​នេះ​ថា ទោះបី​អស់​រយៈ​ពេល​ ២៥​ឆ្នាំ​កន្លង​ទៅ​នេះ កម្ពុជា​មិន​ទាន់​បាន​អនុវត្ត​ពេញ​លេញ​នូវ​ស្មារតី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​តែ​មាន​ជំនឿ​ថា កម្ពុជា​នៅ​តែ​អាច​រួម​គ្នា​បន្ដ​ដោះស្រាយ​បញ្ហា​ ដែល​នៅ​សេស​សល់ និង​រួម​គ្នា​ពង្រឹង​ និង​ពង្រីក​នូវ​ចំណុច​សំខាន់​​ៗ នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ឲ្យ​សម្រេច​បាន​ជា​មិន​ខាន។ 

ខួប​លើក​ទី​ ២៥ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​តុលា​នេះ មិន​មែន​មាន​តែ​គណបក្ស​សង្រ្គោះ​ជាតិ​ទេ​ ដែល​គ្រោង​រៀប​ចំ​ធ្វើ​ឡើង​នៅ​ឆ្នាំ​នេះ។ នៅ​ក្នុង​សប្តាហ៍​នេះ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ទាំង​រដ្ឋាភិបាល​កម្ពុជា​ផង​ក៏​បាន​រៀបចំ​ធ្វើ​ជា​បន្ត​បន្ទាប់​រួច​រាល់​មក​ហើយ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ