អានតួអត្ថបទ
កម្ពុជា

សភា​សហ​ភាព​អឺរ៉ុប​ ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​រួម​សម្រាប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ សភា​សហភាព​អឺរ៉ុប ​បាន​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​រួម​មួយ ​សម្រាប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ ​ក្នុង​ចំណោម​ដំណោះ​ស្រាយ​រួម​នោះ ​សភា​សហភាព​អឺរ៉ុប​ បាន​សង្កត់​ធ្ងន់​លើ​ករណី​លោក​ សម រង្ស៊ី ​ដែល​ត្រូវ​បាន​ដក​សមាជិក​ភាព​ចេញ​ពី​រដ្ឋសភា​ និង​ដែល​ត្រូវ​រង​ការ​ចោទ​ប្រកាន់​នា​ពេល​ថ្មី​ៗ​នេះ។ ​

ផ្សាយពាណិជ្ជកម្ម

ដោយ​បាន​តាម​ដាន​ស្ថានការណ៍ន​យោបាយ​នៅ​កម្ពុជា​យ៉ាង​ជាប់​លាប់​ សភា​សហភាព​អឺរ៉ុប​ បាន​សម្ដែ​ង​ពី​ក្ដី​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​ភាព​តាន​តឹង​នយោបាយ​នៅ​កម្ពុជា​ តាម​រយៈ​ដំណោះ​ស្រាយ​រួម​មួយ​ សម្រាប់​នយោបាយ​នៅ​កម្ពុជា។​

ដំណោះ​ស្រាយ ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​នោះ​ ជា​បឋម​ លើក​ឡើង​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ ​ជា​ស្ថានភាព​តាន​តឹង​ ដែល​សភា​សហ​ភាព​អឺរ៉ុប​លើក​ឡើង​ថា​ កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ ការ​កាត់​ទោស ​ការ​គម្រាម​កំហែង ​និង​ការ​វាយ​ប្រហារ ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង។​ បើ​តាម​សភា​សហភាព​អឺរ៉ុប​ ស្ថានភាព​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​មូលដ្ឋាន​គ្រឹះ​នៃ​សេរីភាព។​

ទន្ទឹ​មគ្នា​នោះ​ សភា​សហភាព​អឺរ៉ុប ​បាន​សង្ក​ត់ធ្ងន់​លើ​ករណី​លោក ​សម រង្ស៊ី ​ដែល​ត្រូវ​បាន​ដក​សមាជិក​ភាព​ចេញ​ពី​រដ្ឋសភា ​និង​ដែល​ត្រូវ​រង​ការ​ចោទ​ប្រកាន់​នា​ពេល​ថ្មី​ៗ​នេះ។

​ចំពោះ​ការ​ដក​សមាជិក​ភាព​របស់​លោក សម រង្ស៊ី ចេញ​ពី​រដ្ឋសភា ​សភាសហភាព​អឺរ៉ុប​បាន​ថ្កោល​ទោស​ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​របស់​រដ្ឋសភា​កម្ពុជា។​ និង​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ទម្លាក់​នូវ​រាល់​ការ​ចោទ​ប្រកាន់​លើ​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​និង​សកម្មជ​នរបស់​គណបក្ស​ប្រឆាំង។​ ជាមួយ​គ្នា​នោះ​ សភាស​ហភាពអឺរ៉ុប​ ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​នូវ​វិបត្តិ​នយោបាយ​ចំពោះ​មុខ ​ធ្វើ​យ៉ាង​ណា​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង​ អាច​បន្ត​ការងារ​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

គួរ​ជម្រាប​ជូនថា ​ក្រៅ​ពី​ករណី​លោក សម រង្ស៊ី ​សភាសហភាព​អឺរ៉ុប​ ក៏​បាន​ចាប់​អារម្មណ៍​ផង​ដែរ​ចំពោះ​ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​ពី​ររូប​មក​ពី​គណបក្ស​ជំទាស់។​ សភា​សហភាព​អឺរ៉ុប​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាលក​ម្ពុជា ​ស៊ើបអង្កេត​ឲ្យ​បាន​ពេញ​លេញ ​និង​មិន​លម្អៀង​ ចំពោះ​ករណី​អំពើ​ហិង្សា​នេះ។ ​ស្ថាប័ន​នីតិបញ្ញត្តិ​នៃ​សហភាព​អឺរ៉ុប​ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ចប់​នូវ​ការ​ឃុំឃាំង​ដោយ​រំលោភ​ ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ ដោយ​អនុញ្ញាត​ឲ្យ​ពួក​គេ​បំពេញកា​រងារ​ដោយ​ឥស្សរៈ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ