អានតួអត្ថបទ
កម្ពុជា

ក្រុម​ចារកម្មអ៊ីនធ័រណែត​ចិន យក​កម្ពុជា​ជា​គោលដៅ​ស៊ើប​ការណ៍ មុន​ការ​បោះ​ឆ្នោត​ជាតិ

ក្រុម​ចារកម្មអ៊ីនធ័រណែត​ចិន យក​កម្ពុជា​ជា​គោលដៅ​ស៊ើប​ការណ៍ មុន​ការ​បោះ​ឆ្នោត​ជាតិ​។ មុខ​សញ្ញា​សំខាន់​ៗ​នៃ​ការ​ស៊ើប​ការណ៍ មាន​ជា​អាថិ៍ រដ្ឋាភិបាល គណបក្ស​ប្រឆាំង មន្ដ្រី​ទូត និង​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ការពារ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រណែត​ឈ្មោះ FireEye ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១០​កក្កដា​ម្សិលមិញ​។

ការ​រាប់​សន្លឹក​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨
ការ​រាប់​សន្លឹក​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨ Reuters/Samrang Pring
ផ្សាយពាណិជ្ជកម្ម

បើ​តាមរបាយការណ៍​របស់ក្រុមហ៊ុន FireEye ការ​ស៊ើប​ការណ៍​សម្ងាត់​​ទំនង​ជា​ធ្វើ​ឡើង​ដោយ​ក្រុម​​ចារកម្ម​ឈ្មោះ TEMP.Periscope របស់​រដ្ឋាភិបាល​ចិន​។ ក្រុម​ចារកម្ម​​នេះ ធ្លាប់​​​លួច​ស៊ើប​ការណ៍ពី​​ក្រុមហ៊ុន​វិស្វកម្ម​អាមេរិក ដែល​ចាប់​អារម្មណ៍​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ក៏​ដូច​ជា​ក្រុមហ៊ុន​ការពារ​ជាតិ​​នៅ​ប្រទេស​ជប៉ុន​​ផង​ដែរ​​។

ទាក់ទង​នឹង​ការ​ស៊ើបការណ៍​ពី​កម្ពុជា ​ក្រុមហ៊ុន FireEye ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា ក្រុម​ចារកម្ម​អ៊ីនធ័រណែត​ចិន បាន​ដាក់​គោលដៅ​វាយ​ប្រហារ​មុខ​ព្រួញ​សំខាន់​ៗ​ដូច​ជា មន្ដ្រី​គណបក្ស​ប្រឆាំង មន្ដ្រី​ទូត ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជា​ពិសេស​គឺ​ក្រសួង​ស្ថាប័ន​របស់​រដ្ឋាភិបាល​​។ ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ទំនង​ជា​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​ចារកម្ម​ចិន​មាន​ជា​អាថិ៍៖ ក្រសួង​មហាផ្ទៃ ក្រសួង​ការបរទេស ក្រសួង​សេដ្ឋកិច្ច ព្រឹទ្ធសភា និង​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ដើម​។ បើ​តាម ​ក្រុមហ៊ុន FireEye ការ​វាយ​ប្រហារតាម​អ៊ីនធ័រណែត​នេះ ទំនង​ជា​ធ្វើ​ឡើង​ដើម្បី​យក​ព័ត៌មាន​សំខាន់​ៗ​មួយ​ចំនួន មុន​ពេល​ដែល​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ខាង​មុខ​។

លោក Ben Read អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន FireEye បាន​គូស​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថា ការ​ស៊ើបការណ៍​របស់​ចារកម្ម​ចិន​នេះ នឹង​ផ្ដល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន​នូវ​ចក្ខុវិស័យ​ដ៏​ទូលំទូលាយ​ចំពោះ​ប្រតិបត្តិការណ៍​របស់​រដ្ឋាភិបាល​និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​។ និង​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ។ កាល​ពី​ឆ្នាំ​២០១៥ ក្រុម​ចារកម្ម​នេះ ក៏​ធ្លាប់​លួច​ស៊ើប​ការណ៍​គណបក្ស​ប្រឆាំង​នៅ​តៃវ៉ាន់ នៅ​ក្នុង​ការ​បោះ​ឆ្នោតប្រធានាធិបតី​ថ្មី​ដែរ​​។

ទាក់ទង​នឹង​ការលួច​​ស៊ើបការណ៍ពី​សំណាក់​ក្រុម​ចារកម្ម​ចិន​នេះ លោក ឌឹម សុវណ្ណារុំ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​ថ្ងៃពុធ ទី​១១​កក្កដា​​នេះ​ថា មន្ដ្រី​ជំនាញ​របស់ គជប កំពុង​តែ​ស៊ើប​អង្កេត​ករណី​នេះ​។ ចំពោះ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​យ៉ាង​ណា​នោះ គជប នឹង​ជូន​ដំណឹងជា​បន្ត​បន្ទាប់​ទៀត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ