អានតួអត្ថបទ
កម្ពុជា

ជនភៀសខ្លួន​ម្នាក់​ស្ម័គ្រចិត្ត​មក​កម្ពុជា ខណៈ​ពួកគេ​ផ្សេង​ទៀត​រង​ការ​ព្រមាន​កាត់​បន្ថយ​ការ​ឧបត្ថម្ភ​រស់​នៅ

យ៉ាង​ហោច​ណាស់ ជន​ភៀស​ខ្លួន​អូស្ត្រាលី​ម្នាក់ បាន​ស្ម័គ្រចិត្ត និង ត្រូវ​បាន​ចុះ​ឈ្មោះ​រួច​រាល់​ហើយ ក្នុងការ​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ។ ការ​ស្ម័គ្រ​ចិត្ត​របស់​ជន​ភៀស​ខ្លួន​រូប​នោះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី បាន​ព្រមាន​ថា ជន​ភៀស​ខ្លួន​នៅ​កោះ​Nauru  អាច​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​តិចតួច​វិញ​សម្រាប់​ការ​មក​តាំងទី​លំនៅ​ថ្មី​នៅ​កម្ពុជា ប្រសិនបើ​ពួកគេ​នៅ​តែ​រារែក​ចិត្ត​ទៀត​នោះ។

កិច្ចព្រមព្រៀងលើការទទួលយកជនភៀសខ្លួនពីអូស្រ្តាលី មកកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា។
កិច្ចព្រមព្រៀងលើការទទួលយកជនភៀសខ្លួនពីអូស្រ្តាលី មកកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ជន​ភៀសខ្លួន​អូស្ត្រាលី​ម្នាក់​ស្ម័គ្រចិត្ត​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ស្ម័គ្រចិត្ត​នេះ បាន​ធ្វើ​ឡើង​ស្របពេល​មន្ត្រី​ជំនាញ​របស់​កម្ពុជា​បី​រូប កំពុង​បំពេញ​ភារកិច្ច​ជាមួយ​មន្ត្រី​អូស្ត្រាលី​ក្នុងការ​ស្វែងរក​ជនភៀសខ្លួន​នៅលើ​កោះ​Nauru ដែល​ស្ម័គ្រចិត្ត​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ឲ្យ​ដឹងថា ជនភៀសខ្លួន​រូបនោះ ជា​ជនជាតិ​រ៉ូហិនយ៉ា ហើយ​មន្ត្រី​កម្ពុជា​នៅ​ទីនោះ បាន​បញ្ជាក់​រួច​ហើយ​ថា គាត់​គឺ​ជា​ជន​ភៀស​​​ខ្លួន​ពិត​ប្រាកដ​មែន។ ទោះបី​ក្រសួង​មហាផ្ទៃ​មិន​ទាន់​បង្ហាញ​របាយការណ៍​ជា​ផ្លូវការ​អំពី​ឈ្មោះ​ជនភៀស​ខ្លួន​ដែល​ស្ម័គ្រចិត្ត​នោះ​ក៏​ដោយ ក៏ប៉ុន្តែ លោក​ខៀវ សុភ័គ បាន​គូស​បញ្ជាក់​ថា ជន​ភៀសខ្លួន​នោះ បាន​ឯក​ភាព​ជា​លាយលក្ខណ៍​អក្ស​រ​ក្នុងការ​មក​រស់​នៅ​ប្រទេស​កម្ពុជា ហើយ​មន្ត្រី​កម្ពុជា​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​ទីនោះ​ក៏បាន​ចុះ​ឈ្មោះ​គាត់​រួចរាល់​ហើយ​ដែរ។

គួរ​កត់​សម្គាល់ថា ស្រប​ពេល​ដែល​មន្ត្រី​កម្ពុជា​កំពុង​បំពេញ​ភារកិច្ច​នៅ​កោះ​Nauruក្នុង​ការ​ស្វែង​រក​អ្នក​ស្ម័គ្រចិត្ត​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទើប​ទទួល​បាន​អ្នក​ស្ម័គ្រ​ចិត្ត​តែ​ម្នាក់​នោះ រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី លោក Peter Duttonកាល​ពី​ថ្ងៃ​ពុធ បាន​រៀប​ចំ​ធ្វើ​វីឌីអូ​មួយ​លើក​ទឹកចិត្ត​ដល់​ជនភៀស​ខ្លួន​ដែល​កំពុងស្នាក់នៅ​លើ​កោះ​Nauru ឲ្យ​ស្ម័គ្រចិត្ត​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា។ បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ABCរបស់​អូស្ត្រាលី ក្រៅ​ពី​លើក​ទឹកចិត្ត​ដល់​ជនភៀស​ខ្លួន​ទាំង​នោះ លោក​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី ក៏បាន​ឆ្លៀត​ព្រមាន​ថា ពួក​គេ​អាច​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​តិចតួច​វិញ​សម្រាប់​ការ​មក​តាំង​ទី​លំ​នៅ​ថ្មី​នៅ​កម្ពុជា ប្រសិន​បើ​ពួកគេ​នៅ​តែ​បន្ត​រារែក​ចិត្ត​ទៀត​នោះ។

សូម​បញ្ជាក់​ថា ចំពោះ​ជនភៀសខ្លួន​ដែល​ស្ម័គ្រ​ចិត្ត​មក​កម្ពុជា​សម្រាប់​ក្រុម​ដំបូង នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​ជាច្រើន ដូចជា ថវិកា ការ​ជួយ​ស្វែង​រក​ការងារ​ធ្វើ ការ​ស្នាក់​នៅ ការ​បង្រៀន​ភាសា និង​ការ​ធានា​បញ្ហា​សុខភាព​ជា​ដើម។

យ៉ាង​ណា​មិញ សារ​ជំរុញ​លើក​ទឹក​ចិត្ត​តែ​ក្នុង​ន័យ​គំរាម​កំហែង​របស់​រដ្ឋ​មន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី​នេះ គឺ​ហាក់​ផ្ទុយ​ទៅ​នឹង​កិច្ចព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង អូស្ត្រាលី​កាល​ពី​ចុង​ខែ​កញ្ញា​ឆ្នាំ​២០១៤ ដែល​និយាយ​ពី​ការ​បញ្ជូន និង ទទួល​យក​ជនភៀស​ខ្លួន​ពី​អូស្ត្រាលី​ចំនួន​១​០០០​នាក់​មក​តាំង​ទី​លំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ បើ​តាម​រដ្ឋាភិបាល​កម្ពុជា គឺ​ការ​បញ្ជូន​ជនភៀស​ខ្លួន គឺត្រូវ​ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត។ ទោះ​ជា​បែប​នេះ​ក្តី រដ្ឋាភិបាល​កម្ពុជា មិន​មាន​ប្រតិកម្ម​យ៉ាង​ណា​នោះ​ទេ ចំពោះ​សារ​ព្រមាន​របស់​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី​លើ​ជនភៀស​ខ្លួន​លើ​កោះ ​Nauru  ដើម្បី​ជំរុញ​ឲ្យ​មក​រស់នៅក្នុង​ប្រទេស​កម្ពុជា​នេះ។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ខៀវ សុភ័គ មិន​បាន​បញ្ជាក់​ទេ ថា​តើ​ជនភៀស​ខ្លួន​ម្នាក់​ដែល​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​កម្ពុជា អាច​នឹងត្រូវ​បញ្ជូន​មក​កម្ពុជា​នៅ​ពេល​ណា​នោះ។ ចំណែក​មន្ត្រី​កម្ពុជា​ដែល​កំពុង​បំពេញ​ភារកិច្ច​ជា​មួយ​មន្ត្រី​អូស្ត្រាលី ដើម្បី​ស្វែក​រក​អ្នកស្ម័គ្រ​ចិត្ត​បន្ថែម​ទៀត​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ចុង​សប្តាហ៍​នេះ ឫ​សប្តាហ៍​ក្រោយ។ នេះ​បើ​តាម​លោក​ ខៀវ សុភ័គ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ