អានតួអត្ថបទ
កម្ពុជា

ថ្នាក់ដឹកនាំ​តំណាង​រាស្ត្រ​បក្ស​ទាំងពីរ​ជួប​គ្នា​ជា​លើក​ដំបូង​ តែ​គ្មាន​ល​ទ្ធផល​

ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោ​កស ខេង និង ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី បាន​ជួប​ពិភាក្សាគ្នា​ជា​លើកដំបូង​នៅ​វិមាន​រដ្ឋសភា។ ប៉ុន្តែ​ជំនួប​ដែល​ធ្វើឡើង​មិន​ដល់​មួយ​ម៉ោង​ផង​នោះ មិនមាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​នោះទេ។

លោកស ​ខេង​ និង ​លោកសម រង្ស៊ី ​ប្រធាន​ថ្នាក់ដឹកនាំ​តំណាង​រាស្រ្ត​ជួប​គ្នា​ជា​លើក​ដំបូង​
លោកស ​ខេង​ និង ​លោកសម រង្ស៊ី ​ប្រធាន​ថ្នាក់ដឹកនាំ​តំណាង​រាស្រ្ត​ជួប​គ្នា​ជា​លើក​ដំបូង​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

គឺ​នៅក្នុង​សន្និសីទកាសែត​រួមគ្នា​ខ្លី​មួយ​បន្ទាប់ពី​ជួបពិភាក្សា​គ្នា​ជា​លើកដំបូង​ដែល​ប្រព្រឹត្តិ​ទៅ​មិន​ដល់​មួយ​ម៉ោង​ផង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ បាន​អះអាងថា ជំនួប​នេះ មិនបាន​សម្រេច​លើ​របៀបវារៈ​ណាមួយ​នោះទេ។ មិនបាន​សម្រេច ដោយសារ​ជំនួប​លើក​នេះ មិនមាន​របៀបវារៈ​ជាក់លាក់​ត្រូវបាន​គណបក្ស​ទាំងពីរ​លើក​មក​ពិភាក្សា​នោះឡើយ។

លោក​សម រង្ស៊ី ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា ជំនួប​ថ្ងៃនេះ គឺធ្វើឡើង​ដើម្បី​ស្របទៅនឹង​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ដែល​ទើប​ចែង​បង្កើត​ក្រុមតំណាងរាស្ត្រ​ភាគតិច​នៅក្នុង​រដ្ឋសភា និង អនុវត្តតាម​ស្មារតី​នៃ​ការលើកកម្ពស់​វប្បធម៌​សន្ទនា។ វប្បធម៌​សន្ទនា ដែល​លោក​សម រង្ស៊ី ចាត់ទុកថា ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ។

ជាមួយគ្នា​នោះ លោ​កស ខេង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ថែមថា ជំនួប​ពេលនេះ គឺ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ពិភាក្សាគ្នា​ពី​របៀប​នៃ​ការធ្វើការ​ជាមួយគ្នា​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៅក្នុង​រដ្ឋសភា​នាពេលខាងមុខ។ក្នុង​ន័យនេះ និង​និយាយ​ជារួម ជំនួប​នេះ គឺ ជាការ​បើកផ្លូវ និង​បាន​ស្គាល់គ្នា​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ដែល​ទើប​បង្កើត​ថ្មី​នេះ។ យ៉ាងណាក៏ដោយ បើតាម​លោក ស ខេង បើទោះបី​ជំនួប​ជិត​មួយ​ម៉ោង​នេះ មិនបាន​ជជែក​គ្នា​ពី​បញ្ហា​ជាតិសំខាន់ៗក៏ពិតមែន ប៉ុន្តែ​គណបក្ស​ទាំងពីរ​បាន​ពិភាក្សាគ្នា​អំពី​ការកំណត់​ពេលវេលា​ជា​ទៀត​ទាត់ ដែល​អាចមាន​រយៈពេល១ខែ ឫ៣ខែ ដើម្បី​ធ្វើការ​ជួបគ្នា​ម្តង។ ក៏ប៉ុន្តែ​ការកំណត់​រយៈពេល​នេះ ក៏​មិនទាន់​បានសម្រេច​បែបណា​នោះដែរ។

សូម​ជំរាបជូន​ថា នៅក្នុង​ជំនួប​ថ្ងៃនេះ មាន​សមាសភាព៣ រូប​ម្ខាង​បាន​ចូលរួម នោះ គឺ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មាន លោ​កស ខេង ប្រធាន​ថ្នាក់ដឹកនាំ​តំ​ណា​រាស្ត្រ និង អមដោយ​អនុប្រធាន​ពីររូប​ទៀត គឺ លោក​គាត ឈន់ និង លោកស្រី​ម៉ែន សំអន។ ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ មាន លោក​សម រង្ស៊ី ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ អមដោយ​លោក​កឹម សុខា អនុប្រធាន និង លោក​យឹម សុវណ្ណ លេខាធិការ។ លោក​យឹម សុវណ្ណ កាលពី​ថ្ងៃ​ពុធ បាន​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​លើកយក​នូវ​បញ្ហាបង្កើត​វប្បធម៌​ជជែក​គ្នា​នៅ​ថ្នាក់មូលដ្ឋាន​ទៅ​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ជំនួប​នេះ។ ប៉ុន្តែ​បាន​ជួបគ្នា គណបក្ស​ទាំងពីរ​បែរ​មិនបាន​លើក​របៀបវារៈ​ណាមួយ​ពិភាក្សាគ្នា​ទៅវិញ។

គួរ​បញ្ជាក់ថា ការបង្កើត​ឲ្យ​មាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៅក្នុង​រដ្ឋសភា រហូត​ឈានដល់​ការ​មកជួប​គ្នា​ជា​លើកដំបូង​នៅពេលនេះ គឺ​បាន​ធ្វើឡើង​ក្នុង​គោលដៅ​ពង្រឹង​វប្បធម៌​សន្ទនា​គ្នា។ វប្បធម៌​សន្ទនា ដែល​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​បង្កើតឡើង បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​កាលពី​ថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ កន្លងទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ