អានតួអត្ថបទ
កម្ពុជា

សំណុំ​រឿង​នាំ​ចូល​ភ្លុក​ដំរី​ខុស​ច្បាប់​នៅកំពង់ផែ​​ក្រុង​ព្រះសីហនុ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ

ភ្លុក​ដំរី​នាំ​ចូល​ពី​ទ្វីប​អាហ្វ្រិក​ចំនួន​៦១៣​គីឡូក្រាម ត្រូវ​បាន​មន្ដ្រី​គយ​​នៅ​កំពង់ផែ​អន្ដរជាតិ​ក្រុង​ព្រះសីហនុ​ឆែកឆេរ​រក​ឃើញ​នៅ​ក្នុង​កុងតឺន័រ​ពីរ​គ្រឿង កាល​ពី​ថ្ងៃ​សុក្រ​ទី​៥​សីហា​កន្លង​ទៅ​។ បច្ចុប្បន្ន មន្ដ្រី​គយ​បាន​ដក​ហូត​ទំនិញ​ហាម​ឃាត់​នេះ​ទុក មុន​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​កាន់​តុលាការ​នៅ​សប្ដាហ៍​ក្រោយ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក គិន លី ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​អន្ដរជាតិ ក្រុង​ព្រះសីហនុ​។

ភ្លុក​ដំរី​ដែល​មន្ដ្រី​គយ​រឹប​អូស​បាន​នៅ​កំពង់ផែ​អន្ដរជាតិក្រុង​ព្រះសីហនុ ថ្ងៃ​ទី​០៥ សីហា ២០១៦
ភ្លុក​ដំរី​ដែល​មន្ដ្រី​គយ​រឹប​អូស​បាន​នៅ​កំពង់ផែ​អន្ដរជាតិក្រុង​ព្រះសីហនុ ថ្ងៃ​ទី​០៥ សីហា ២០១៦ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

មែន​ទែន​ទៅ ភ្លុក​ដំរី​ទាំង​៦១៣​គីឡូក្រាមដែល​អាជ្ញាធរ​រឹប​អូស​បាន​នេះ បាន​ចូល​មក​ដល់​កម្ពុជា តាម​ច្រក​កំពង់ផែ​ក្រុង​ព្រះសីហនុ តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​។ មាន​ចំនួន​សរុប​៤១​កំណាត់​និង​៨៧​ដើម ភ្លុក​ដំរី​ទាំង​នេះ ត្រូវ​បាន​ឈ្មួញ​ដាក់​បង្កប់​នៅក្នុង​បាវ​ពោត ក្នុង​កុងតឺន័រ​ចំនួន​ពីរ​។

លោក គិន លី ប្រធាន​​​សាខា​គយ​និង​រដ្ឋាករ​កំពង់ផែ​អន្ដរជាតិ​ក្រុង​ព្រះសីហនុ អះអាង​ថា មន្ដ្រី​គយ បាន​ស្កែន​ឃើញ​ទំនិញ​ហាម​ឃាត់​ទាំង​នេះ​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ប៉ុន្តែ​មិន​បាន​ចាត់​វិធានការ ព្រោះ​ត្រូវ​រង់​ចាំ​ជួប​ម្ចាស់​ទំនិញ ដែល​ត្រូវ​ចូល​ខ្លួន​ទៅ​បំពេញ​បែប​បទ​យក​ឥវ៉ាន់​ចេញ​។ ប៉ុន្តែដោយ​សារ​តែ​​​ម្ចាស់​ទំនិញ​មិន​បាន​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ ទើប​មន្ដ្រី​គយ ព្រម​ទាំង​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​​​ចុះ​ឆែក​ទូរ​កុងតឺន័រ ព្រម​ទាំង​​រឹប​អូស​ភ្លុក​ដំរី​ដែល​ជា​ទំនិញ​ខុស​ច្បាប់​ទាំង​នេះ​ទុក​តែ​ម្ដង​។ លោក​ថា មន្ដ្រី​គយ នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​កាន់​តុលាការ​នា​ពេល​ខាង​មុខ ឲ្យ​ស្រប​តាម​នីតិ​វិធី​ច្បាប់​។

ថ្វី​ត្បិត​តែ​រក​ឃើញ​នៅ​កំពង់ផែ​ក្រុង​ព្រះសីនហុ ប៉ុន្តែ​បើ​តាម​លោក គិន លី កម្ពុជាទំនង​​មិន​មែន​ជា​គោលដៅ​នៃទំនិញ​ភ្លុក​ដំរី​​​នេះ​ឡើយ​។ កម្ពុជា​គ្រាន់​តែ​ជា​ប្រទេស​ឆ្លង​កាត់​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ដំណើរ​ពី​ទ្វីប​អាហ្វ្រិក ទៅ​កាន់​ប្រទេស​គោលដៅ​ចុង​ក្រោយ​។ នេះ​បើ​តាម​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​កំពង់ផែ​អន្ដរជាតិ​ក្រុង​ព្រះសីហនុ​។

សូម​រំលឹក​ជូន​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ ដែល​កម្ពុជា​រឹប​អូស​បាន​ភ្លុក​ដំរី ក្នុង​បរិមាណ​ច្រើន​ដូច្នេះ​។ កាល​ពី​ឆ្នាំ​២០១៤ កម្ពុជា​បាន​រឹប​អូស​ភ្លុក​ដំរី​ជាង​៣​តោន ដែល​ឈ្មួញ​បង្កប់​នៅ​ក្នុង​កុងតឺន័រ​ដឹក​សណ្ដែក​។ ក្នុង​ឆ្នាំ​ជាមួយ​គ្នា​នោះ សមត្ថកិច្ច​ខ្មែរ​បាន​ឃាត់​ខ្លួនផង​ដែរ ​បុរស​ជនជាតិ​វៀតណាម​ពីរ​នាក់​​ដែល​ព្យាយាម​រត់​ពន្ធ​ភ្លុក​ដំរី​ជិត​៨០​គីឡូក្រាម​ដោយ​ខុស​ច្បាប់ ពី​ទ្វីប​អាហ្វ្រិក​​។ ទ្វីប​អាហ្វ្រិក ដែល​មាន​ដំរី​ប្រមាណ​៣​ម៉ឺន​៥​ពាន់​ក្បាល ត្រូវ​បាន​គេ​សម្លាប់យក​ភ្លុក​​ជា​រៀង​រាល់​ឆ្នាំ។ ភ្លុក​ដំរី គឺ​ជា​ទំនិញ​ត្រូវ​ប៉ាន់​បំផុត​នៅ​អាស៊ី ជា​ពិសេស​ចិន ដែល​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក​អះអាង​ថា អាច​មាន​តម្លៃ​ដល់​ទៅ​២​ពាន់​២​រយ​ដុល្លារ​​ក្នុង​មួយ​គីឡូក្រាម​ឯ​ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ