GMAC ស្នើ លោក ហ៊ុន សែន ពិចារណាឡើងវិញ ករណីចាប់រថយន្តតទ្រុងធំៗ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC ស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិចារណាឡើងវិញ ចំពោះវិធានការចាប់ឃាត់ទុក រថយន្តដឹកទំនិញធំៗ និងមានសណ្តោងវែងៗ ដែលជាយុទ្ធនាការទ្រង់ទ្រាយធំនាពេលថ្មីៗនេះ។ ការសុំអន្តរាគមន៍របស់GMAC នៅពេលនេះគឺធ្វើឡើងតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្រ្តីប្រកាសដាក់ចេញវិធានការកណ្តាប់ដៃដែក និងព្រមានដកអភិបាលខេត្តនិងអភិបាលស្រុកណា ដែលបណ្តោយឲ្យមានរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសធ្វើចរាចរណ៍តាមផ្លូវសាធារណៈ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣២
អត្ថបទដោយ៖ អ៊ឹង ប៊ុនថន
នៅក្នុងលិខិតសុំអន្តរាគមន៍ចុះថ្ងៃ១៣ខែកុម្ភៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអះអាងថា GMAC បានទទួលនូវសេចក្តីរាយការណ៍ពីសំណាក់សមាជិកជាច្រើនអមដោយក្តីកង្វល់យ៉ាងខ្លាំងពាក់ព័ន្ធនឹងបញ្ហារថយន្តដឹកជញ្ជួនដែលមានប្រវែងលើសពី១៦ម៉ែត្រនិងកុងតឺន័រប្រវែង៤៥ហ្វីត។ កង្វក់ដោយសារតែមានរថយន្តកុងតឺន័រជាច្រើនត្រូវបានឃាត់ទុកដោយអាជ្ញាធរ នាំទៅដល់ការរាំងស្ទះនៃសង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិត ក៏ដូចជាការនាំចេញ។ នេះជាការគូសបញ្ជាក់របស់GMAC។
បើតាម GMAC វិធានការរបស់រដ្ឋាភិបាលនៅពេលនេះបង្កជាការគំរាមកំហែងថ្មីមួយទៀតដល់វិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប ដែលកំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំងលើទីផ្សារពិភពលោក និងពេលវេលាផលិតដែលអ្នកបញ្ជាទិញដាក់ឲ្យដែលកាន់តែខ្លីទៅៗ។ ហើយថាវិធានការតឹងរឹងរបស់រដ្ឋាភិបាលកម្ពុជាប៉ុន្មានថ្ងៃមកនេះអាចធ្វើឲ្យប៉ះពាល់ដល់៥០%នៃសកម្មភាពនាំចេញ-នាំចូលរបស់រោងចក្រ បើសិនមិនមានជម្រើសណាបណ្តោះអាសន្ន។
ផ្អែកលើហេតុផលទាំងនេះ GMAC ស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតជាបណ្តោះអាសន្នឲ្យរថយន្តដឹកជញ្ជួនកុងតឺន័រ៤០ហ្វីត និង៤៥ហ្វីត ដែលសណ្តោងវែងបំផុត១៧ម៉ែត្រ និងរថយន្តសណ្តោងរ៉ឺម៉ក់ដឹកកុងតឺន័រ៤៥ហ្វីត មានកម្ពស់៤,៥ម៉ែត្រអាចធ្វើចរាចរណ៍តាមផ្លូវសាធារណៈដល់កាលកំណត់ណាមួយ។ ជាមួយគ្នានោះ GMAC ក៏ស្នើឲ្យមានការកែសម្រួលប្រកាសលេខ១៨១៦ កាលពីឆ្នាំ២០១០ ឲ្យមានលក្ខណៈកាន់តែសមស្របតាមនិយាមអន្តរជាតិដែលអាចឲ្យរថយន្តសណ្តោងរ៉ឺម៉កសម្រាប់កុងតឺន័រប្រវែង៤០ហ្វីត និង៤៥ហ្វីតអាចធ្វើចរាចរណ៍បាន។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជួន លោក វ៉ាសឹម សូរិយា ប្រាប់វិទ្យុបារាំងRFIថា អ្វីដែលមន្រ្តីជំនាញធ្វើគឺអនុវត្តទៅតាមច្បាប់និងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលដែលមានន័យអាចមិនមានការកែប្រែនោះឡើយ។
បើតាមអ្នកនាំពាក្យដដែល ការឃាត់ទុករថយន្តនៅប៉ុន្មានថ្ងៃមកនេះ គឺធ្វើតែចំពោះរថយន្តដែលកែច្នៃខុសបច្ចេកទេសប៉ុណ្ណោះ។ ចំណែករថយន្តកុងតឺន័រ លោកថា ប៉ះពាល់តែ៥%ប៉ុណ្ណោះ ពោលមិនប៉ះពាល់រហូតដល់៥០%ដូចGMAC លើកឡើងនោះទេ។ លោក វ៉ាសឹម សូរិយា បញ្ជាក់បន្ថែមថា ក្រសួងនឹងធ្វើការពន្យល់តបទៅGMACវិញនៅពេលឆាប់ៗនេះ។
ទោះជាយ៉ាងណា មកទល់ពេលនេះ នៅពុំទាន់មានកិច្ចអន្តរាគមន៍ណាមួយនៅឡើយទេពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈGMAC ស្នើសុំឲ្យលោកដែលជាអ្នកដាក់បទបញ្ជា ពិចារណាឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ