អានតួអត្ថបទ
កម្ពុជា

ចំនួន​កុមារ​កំព្រា​នៅ​កម្ពុជា​កើន​ឡើង​៩២% ក្នុង​ឆ្នាំ​២០១៥ ធៀប​នឹង​ឆ្នាំ​២០១៤

ការ​សិក្សា​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ក្នុង​ឆ្នាំ ២០១៥ បាន​រក​ឃើញ​ថា មាន​កុមារ​កំព្រា​ចំនួន ១ម៉ឺន ១ពាន់ ៧៨៨នាក់ បាន​កំពុង​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ចំនួន ២៦៧ កន្លែង នៅ​ក្នុង​ខេត្ត​ចំនួន ៥ ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ឆ្នាំ​២០១៤ មាន​កុមារ​កំព្រា​តែ ៧ពាន់ ៥៤៥នាក់ នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​តែ ១៣៩ តែ​ប៉ុណ្ណោះ ក្នុង​ចំនួន​៥​ដូចគ្នា​នេះ។ ចំនួន​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​នៅ​ក្នុង​ឆ្នាំ​២០១៥ កុមារ​កំព្រា​កម្ពុជា​កើន​ឡើង​រហូត​ដល់ ៩២%។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​អង្គការ UNICEF កម្ពុជា និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ថ្ងៃទី២៤ មីនា​ម្សិល​មិញ​នេះ។

កុមារីនៅក្នុងមណ្ឌលដើម្បីភាពញញឹមនៃកុមារ។
កុមារីនៅក្នុងមណ្ឌលដើម្បីភាពញញឹមនៃកុមារ។ @Facebook
ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ខេត្ត​និង​ក្រុង​ចំនួន​៥ ដែល​មាន​ដូចជា​ក្រុង​ភ្នំពេញ ក្រុង​ព្រះសីហនុ ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង និង​ខេត្ត​កណ្តាល ក្រោម​ការ​ឧត្តម​ពី​អង្គការ UNICEF USAID ហើយ​និង​ដៃ​គូ​ក្នុង​គម្រោង​ការពារ​កុមារ (3PC)។

លោក​វង្ស សូត្រ រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​រយៈ​ពេល​វែង​មួយ​ជុំវិញ​ការ​កើន​ឡើង​យ៉ាង​ច្រើន​នូវ​ចំនួន​មណ្ឌល​កុមារ​កំព្រា​នៅ​ក្នុង​ប្រទេស។ ហើយ​កត្តា​នេះ​ក៏​បាន​បង្ក​ឲ្យ​មាន​បញ្ហា និង​ការ​ប្រឈម​ជា​ច្រើន​ដូចជា​ការ​អប់រំ ការ​រស់នៅ​ និង​សុវត្ថិភាព​ចំពោះ​កុមារ​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​អស់​ទាំង​នោះ។

ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​មណ្ឌល​កុមារ​កំព្រា​ទាំង​ ២៦៧​កន្លែង​នោះ​មាន ៥៧ កន្លែង​ជា​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ជា​ក្រុម, ២០​កន្លែង​ជា​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ និង​បញ្ជូន​បន្ត​ទៅ​កាន់​កន្លែង​មួយ​ផ្សេង​ទៀត, ១១ កន្លែង​ទៀត​គឺ​ជា​អគារ​ស្នាក់​នៅ​បែប​សាសនា ហើយ​និង​៤៦​កន្លែង​ទៀត​ គឺជា​កន្លែង​ស្នាក់នៅ​ផង និង​ជា​កន្លែង​សិក្សា​ផង។ កន្លែង​ទាំង​អស់​នេះ គឺ​សិ្ថត​នៅ​ក្នុង​តំបន់​សិក្សា​ចំនួន ៥​ខេត្ត និង​ក្រុង។ មណ្ឌល​កុមារ​កំព្រា​ភាគ​ច្រើន ត្រូវ​បាន​រក​ឃើញ​ថា ផ្តល់​នូវ​ការ​ថែទាំ និង​ស្នាក់​នៅ​ក្នុង​រយៈ​ពេល​វែង គឺ​មាន​រយៈ​ពេល​លើស​ពី​៦​ខែ។

កញ្ញា Debora Comini តំណាង​អង្គការ UNICEF ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា យើង​នៅ​តែ​បន្ត​ធ្វើ​ការ​បញ្ជាក់​ថា ការ​ចូលរួម​ថែទាំ​ពី​ក្រុម​គ្រួសារ​ និង​សហគមន៍​ចំពោះ​កុមារ គឺ​ពិត​ជា​មាន​សារៈ​សំខាន់ ព្រោះ​ថា​ការ​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ក៏​អាច​បង្ក​ផល​អវិជ្ជមាន​មួយ​ចំនួន​ដែរ ដែល​រួមមាន​ដូច​ជា​ការ​ប្រឈម​នឹង​ការ​រំលោភ​លើ​ផ្នែក​រាងកាយ ការ​បៀតបៀន​ផ្លូវ​ភេទ ហើយ​អាច​នឹង​ជះ​ឥទ្ធិពល​អាការៈ​ដល់​ការ​លូតលាស់​និង​ការ​អភិវឌ្ឍ​របស់​កុមារ។

មាន​កត្តា​ច្រើន​យ៉ាង​ដែល​ជំរុញ​ឲ្យ​ក្រុម​គ្រួសារ​បញ្ជូន​កូន​របស់​ខ្លួន​ទៅ​កាន់​មណ្ឌល​កុមារ​កំព្រា។ បញ្ហា​ទាំង​អស់​នោះ​រួម​មាន​ការ​លែងលះ ជីវភាព​ក្រីក្រ ឪពុក​ម្តាយ​ធ្វើ​ចំណាក​ស្រុក ហើយ​និង​ការ​យល់​ឃើញ​ថា​មណ្ឌល​កុមារ​កំព្រា​ជា​កន្លែង​មួយ​ដែល​អាច​ផ្តល់​នូវ​ការ​អប់​រំ ថែទាំង​ និង​ជា​កន្លែង​មួយ​ដ៏​ល្អ​ក្នុង​ការ​ចិញ្ចឹម​កូន​ៗ​របស់​ពួក​គេ។ ហើយ​ក្នុង​នោះ​ដែរ ក៏​មាន​ការ​ចូលរួម​ផ្សព្វផ្សាយ និង​ដើរ​ជ្រើសរើស​ដោយ​ផ្ទាល់​ពី​ខាង​មណ្ឌល​កុមារ​កំព្រា​មួយ​ចំនួន​ផង​ដែរ។  

ការ​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត​ជា​សកល​បាន​បង្ហាញ​ថា ការ​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា អាច​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​កុមារ​ទាំង​ផ្នែក​រាងកាយ បញ្ញា​ស្មារតី និង​ការ​វិវឌ្ឍ​ផ្នែក​អារម្មណ៍ ក្នុង​រយៈ​ពេល​វែង នៅ​ពេល​ដែល​ពួក​គេ​ធំ​ពេញ​វ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ