អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ហ៊ុន សែន ​អំពាវ​នាវ​ឲ្យ​រោង​ចក្រ​W&D​បើក​ទ្វារ​ទទួល​កម្មករ កម្មការិនី​ចូល​ធ្វើ​ការ​វិញ​

ពី​លើ​វេទិកា​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរ​ជាតិ​PPIU​នៅ​ថ្ងៃ​ចន្ទ​នេះលោក ហ៊ុន សែន ​ អំពាវនាវ​ឲ្យ​រោងចក្រ​W&D ទទួល​យក​កម្មករ កម្មការិ​នី​ចូលធ្វើ​ការ​វិញ។ ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​ធ្វើ​ឡើង ​បន្ទាប់​ពី​រោងចក្រ​W&D បានបណ្ដេ​ញ​​កម្មករ កម្មការិនី ប្រមាណ​ជា​១០០​នាក់​មិន​ឲ្យ​ចូល​ធ្វើ​ការ ​ក្រោយ​ពួក​គេ​ធ្វើ​កូដ​កម្ម​ទាម​ទារ បើក​ប្រាក់​អតីត​ភាព​សរុប​ពេញ​មួយ​ឆ្នាំ​។ 

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​កិច្ច​អន្តរាគមន៍​ជា​សាធារណៈ​ដើម្បី​ឲ្យ​ថៅកែ​រោង​ចក្រ W&D បើក​ទ្វារ​ទទួល​យក​កម្ម​ករ កម្មកា​រិនី ប្រមាណ​ជា​១០០​នាក់​ក្នុង​ចំណោម​អ្នក​ធ្វើ​កូដកម្ម​១៨០០​នាក់ ឲ្យ​ចូល​ធ្វើ​ការ​វិញ លោក ហ៊ុន សែន ក៏​បាន​រំឭក​ឲ្យ​ក្រុម​កម្មករ​កម្មការិនី មិន​ត្រូវ​ទាម​ទារ​ហួស​ហេតុ​ពេក​ទេ នៅ​ពេល​ដែល​ខ្លួន​អាក់​ខាន​មិន​បាន​បំពេញ​ការងារ​រាប់​ខែ តែ​បែរ​ជា​ធ្វើ​កូដ​កម្ម​ទាម​ទារ​ប្រាក់​ខែ​។

បើ​តាម​លោក​ប្រមុខ​រដ្ឋា​ភិបាល កូដកម្ម​មិន​មែន​ជា​ដំណោះ​ស្រាយ ហើយ​ការ​បណ្ដេញ​កម្មករ កម្មការិនី ក៏​មិន​មែន​ជា​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​ដែរ​។ ដូច​នេះ​លោក​ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​ផ្ដល់​ភាព​កក់​ក្ដៅ​ទៅ​វិញ​ទៅ​មក រវាង​ថៅ​កែ​និង​កម្មករ​។

ជុំវិញ​សំណុំ​រឿង​នេះ កាល​ពី​សប្ដាហ៍​មុន​លោក ហ៊ុន សែន ស្នើ​លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា ប្រាប់​ក្រុម​កម្មករ ឈប់​ធ្វើ​កូដ​កម្ម​ទាម​ទារ បើក​ប្រាក់​អតីត​ភាព សរុប​ក្នុង​ពេល​តែ​មួយ ព្រោះ​ការ​ទាម​ទារ​នេះ​ជា​ទង្វើ​ខុស​ច្បាប់ ខណៈ​ច្បាប់​ការងារ តម្រូវ​ឲ្យ​បើក​ប្រាក់​ អតីត​ភាព​ការងារ​៦ខែ​ម្ដង​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ស្វាគមន៍​ចំពោះ​កិច្ច​អន្តរាគមន៍​របស់​ប្រមុខ​រដ្ឋា​ភិបាល លោក ហ៊ុន សែន ​ ដែល​អំពាវនាវ​ឲ្យ​រោងចក្រ​W&D ​ទទួល​យក​កម្មករ កម្មការិ​នី​ចូលធ្វើ​ការ​វិញ។ បើ​តាម​លោក អាត់ ធន់ កន្លង​មក​ក្រសួង​ការងារ​ធ្លាប់​ចរចា​ជាមួយ​រោង​ចក្រ​ដែរ តែ​ខាង​រោង​ចក្រ​នៅ​តែ​មិន​ទទួល​កម្មករ​ចូល​ធ្វើ​ការងារ​វិញ​។ ចូល​ធ្វើ​ការ​វិញ​បាន​ លុះត្រា​ជា​កម្មករ​ថ្មី​ដែល​ប្រឈម​នឹង​ការ​បាត់​បង់​ប្រាក់​អតីត​ភាព ដែល​ចំណុច​នេះ​ហើយ​ធ្វើ​ឲ្យ​ក្រុម​កម្មករ​មិន​សុខ​ចិត្ត​។

គួរ​រំឭក​ឡើង​វិញ​បន្តិច​ថា ដំបូង​ឡើយ​កម្មករ កម្មការិនី​១៨០០​នាក់ ធ្វើ​ការ​នៅ​រោង​ចក្រ W&D ស្ថិត​នៅ​ខណ្ឌ​មាន​ជ័យ បាន​ធ្វើ​កូដ​កម្ម កាល​ពី​ចុង​ឆ្នាំ២០១៨ និង​បាន​ហែរ​ញត្តិ​យក​ទៅ​ដាក់ នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្រ្តី ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ស្នើ​សុំ​បើក​ប្រាក់​អតីត​ភាព​ការងារ មុន​ឆ្នាំ២០១៩ ឲ្យ​អស់​សិន មុន​នឹង​អនុវត្ត​ច្បាប់​ថ្មី ដែល​នឹង​ត្រូវ​បើក​ប្រាក់​អតីត​ភាព​រៀង​រាល់​៦ខែ​ម្ដង​។ ក្នុង​នោះ​ដែរ​បញ្ហា​ អូស​បន្លាយ​មក​ដល់​ពេល​នេះ គឺ​ក្នុង​ចំណោម​អ្នក​តវ៉ា​១៨០០​នាក់​នៅ​សល់​តែ​ជាង​១០០​នាក់​ទៀត​ដែល ថៅកែ​រោង​ចក្រ​មិន​ទទួល​យក​ធ្វើ​ការ​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ