អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គ.ជ.ប អំពាវ​នាវ​ទៅ​ធនាគារ​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ឲ្យ​បាន​មុន​ថ្ងៃ​បោះ​ឆ្នោត

គ.ជ.ប បាន​អំពាវ​នាវ​ទៅ​ធនាគារ និង​ប្រតិបត្តិ​ករ​ឥណទាន​ទាំង​អស់​នៅ​កម្ពុជា ត្រូវ​ប្រគល់​អត្ត​សញ្ញាណប័ណ្ណ ជូន​ពលរដ្ឋ​វិញ​ឲ្យ​ទាន់​មុន​ថ្ងៃ​បោះ​ឆ្នោត ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​៤មិថុនា​ខាង​មុខ។ ហើយ ធនាគារ​ជាតិ ក៏​បាន​ព្រមាន​ដក​ហូត​អាជ្ញាបណ្ណ ឬ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ស្ថាប័ន​ឯកជន​ទាំង​នោះ​ដែរ ប្រសិន​បើ​មិន​ព្រម​បញ្ឈប់​ការ​ទទួល​យក​អត្តសញ្ញាណ​ប័ណ្ណ ដែលជា​ឯកសារ​មួយ​សម្រាប់​ការ​ធានា​លើ​ការ​ផ្ដល់​ឥទាន នេះ​ទេ។

អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ
អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សហការី
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវ​នាវ​របស់​ខ្លួន​ធ្វើ​ឡើង​បន្ថែម​ពី​លើ​សេចក្ដី​ក្រើន​រំលឹក​របស់​ធនាគារ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២​ឧសភា។ ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប បាន​គូស​បញ្ជាក់​ថា ការ​អំពាវនាវ​របស់​ខ្លួន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​ច្បាប់​បោះ​ឆ្នោត ដែល​បាន​កំណត់​ថា ពលរដ្ឋ​ខ្មែរ​អាច​បោះ​ឆ្នោត​បាន ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ​ឆ្នាំ​២០១៦។

ជាមួយ​គ្នា​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​សង្កេត​ឃើញ​ថា ធនាគារ និង​ប្រតិបត្តិ​ករ​ឥទាន​ជនបទ​មួយ​ចំនួន​នៅ​តែ​មិន​អនុវត្ត​ពេញ​លេញ នឹង​ម៉ឺង​ម៉ាត់ ចំពោះ​ការ​ជូន​ដំណឹង​របស់​ខ្លួន​ម្ដង​រួច​មក​ហើយ ក្នុង​ការ​ហាម​មិន​ឲ្យ​ទទួល​យក​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ សម្រាប់​ធានា​លើ​ការ​ផ្ដល់​ឥណទាន។  

ដោយ​ឡែក​ទាក់​ទង​បច្ចុប្បន្នភាព​នេះ​វិញ​គ.ជ.ប ក៏បាន​អំពាវនាវ​ទៅ​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ត្រូវ​ត្រៀម​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា។ ក្នុង​ករណី​ពុំ​មាន​អត្ត​សញ្ញាណ​ប័ណ្ណ ឬ​អត្ត​សញ្ញាណ​ប័ណ្ណ ខូច បាត់ ឬ ដាក់​បញ្ចាំ ត្រូវ​ប្រញាប់​រក​ឯក​សារ​ជំនួស​ឲ្យ​បាន​ទាន់ពេល​វេលា។ ហើយ​ការ​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ២​មិថុនា។

ដូច្នេះ​ប្រធាន​គណៈកម្មការ​ឃុំ សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត​ត្រូវ​ជម្រុញ​ពលរដ្ឋ​មក​ធ្វើឯកសារ​ឲ្យ​ទាន់​ពេល​វេលា​ដោយ​មិន​គិតថ្លៃ។ នេះ​បើ​តាម គ.ជ.ប។ ជា​ចុង​ក្រោយ​គ.ជ.ប បាន​រំលឹក​ថា ពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ប៉ុន្តែ​គាត់​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ខ្មែរ​ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត គាត់​មិន​អាច​បោះ​ឆ្នោត​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ