អានតួអត្ថបទ
កម្ពុជា

ជន​ជាតិ​ដើម​ភាគ​តិច ​មួយ​ចំនួន​រង​គ្រោះ ​ដោយ​សារ​តែ​បញ្ហា​ដីធ្លី​

ក្រៅ​តែ​ពី​បញ្ហា​សុខ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​ ដែល​ជា​ប្រធាន​បទ​ធំ​នៃទិវា​អន្តរជាតិ​​ជន​ជាតិដើម​ភាគ​តិចនោះ ​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួនទៀត ជាពិសេស​បញ្ហា​ទំនាស់​ដីធ្លី​ និង​ព្រៃ​ឈើ ដែល​បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់​ជីវភាព​រស់​នៅ ​និង​វប្បធម៌​របស់​ពួក​គាត់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយកប្រតិបត្តិ​អង្គការ​គាំទ្រ​សហគមន៍​ជន​ដើម​ភាគ​តិច (ICSO) ក្នុង​ឱកាស​ទិវា​អន្តរជាតិ​ជន​ជាតិ​ដើម​ភាគ​តិច​ពិភពលោក​លើក​ទី២១ ថ្ងៃទី៩ សីហា​នេះ។

ជនជាតិភាគតិច
ជនជាតិភាគតិច RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃទី០៩ ​ខែ​សីហា​នេះ តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ ដែល​គាំទ្រ​ការពារ​ជន​ជាតិ​ដើម​ភាគតិច​ និង​មាន​ការ​ចូល​រួមពីជន​ជាតិ​ភាគ​តិច​ប្រមាណ ​១,០០០​នាក់ បាន​ចូល​រួម​ប្រារព្ធ​ទិវាអន្តរជាតិ​ជន​ជាតិ​ដើមភាគ​តិច​ពិភព​លោក ​ឆ្នាំ២០១៥ ​លើកទី២១​លើពិភពលោក និងលើកទី១១សម្រាប់ប្រទេសកម្ពុជា ក្នុងខេត្តកោះកុង។

បើ​តាម​លោក​ សៅ វណ្ណសី នាយក​ប្រតិបត្តិ​អង្គការ​គាំទ្រ​សហគមន៍​ជន​ដើម​ភាគ​តិច​ (ICSO)បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​លើក​ស្ទួយ​តាម​រយៈ​គោល​នយោបាយ​ជាតិ​អភិវឌ្ឍន៍​ជន​ជាតិដើម​ភាគ​តិច​។ តែ​យ៉ាង​ណាមិញ ជន​ជាតិ​ដើម​ភាគ​តិច ​នៅ​កម្ពុជា​នៅ​តែ​ជួប​នឹង​បញ្ហា​មួយ​ចំនួន​ ជា​ពិសេស​គឺបញ្ហា​ដីធ្លី បញ្ហាវប្បធម៌ និងព្រៃឈើ​កសិកម្ម។ លោក​បាន​បញ្ជាក់​បន្ថែម​ថា បញ្ហា​ទាំង​អស់​នោះ ​កើត​ឡើងដោយ​សារ​តែរាជ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​សេដ្ឋ​កិច្ចរដ្ឋ ដែល​ធ្វើ​ឲ្យ​មាន​ការ​វិនិយោគ​ពិវិស័យឯកជន​ទៅ​លើធនធាន​ក្នុង​តំបន់​របស់​ជន​ជាតិ​ភាគ​តិច​។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកានៃអង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​បាន​មាន​ប្រសាសន៍​ក្នុងពេលប្រារព្ធ​ទិវា​នេះ​ថា ស្ថាប័ន​សង្គម​ស៊ីវិល ​ជា​ពិសេស​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ប្រទេស​កម្ពុជា​ចង់​ឃើញ​ឱកាសប្រារព្ធទិវា​នេះ ​នៅ​កម្ពុជា ​ឈាន​ដល់​ការ​សំរេច​គោល​បំណង​រួម​ គឺ​ការ​លើក​កម្ពស់​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច​ តាម​រយៈ​ការ​ទទួល​ស្គាល់​ស្វ័យ​អត្តសញ្ញាណ និងជំរុញ​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ជន​ជាតិ​ដើម​ភាគ​តិច ដើម្បី​ថែ​រក្សាប្រពៃណី​វប្បធម៌​របស់​ពួក​គាត់​។

យោង​តាម ​លោក​ សួស ​គង់ ​រដ្ឋ​លេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ដែល​បាន​ចូល​រួម​ក្នុង​ទិវាអន្តរជាតិ​នេះ បាន​បញ្ជាក់​ថា ក្រសួង​ពាក់​ព័ន្ធ​បាន​ធ្វើ​អត្តសញ្ញាណ​សំគាល់​សម្រាប់​ពួក​គាត់​ បែង​ចែក​ដី​សហគមន៍ និង​ចេញប័ណ្ឌសំគាល់ដី ​ដោយ​ក្រសួង​ដែន​ដី។ ក្រៅពីនេះ​ ក្រសួង​ពាក់​ព័ន្ធ​បាន​ព្យាយាម​មិន​ឲ្យ​ពួក​គាត់​ធ្វើ​កសិកម្ម​វិលជុំ ដោយ​បង្រៀន​ពួក​គាត់​ឲ្យ​ធ្វើ​កសិកម្ម​ដូច​ប្រជា​ពលរដ្ឋ​ធម្មតា​វិញ​ ហើយ​ដើម្បី​ចៀស​វាង​ពីការ​បាត់​បង់​ដីអ្នកតា ដែល​ជា​អត្តសញ្ញាណ​វប្បធម៌​របស់​គាត់ ​គឺ​ក្រសួង​បាន​រក្សាដី​ទាំង​នោះ​ទុក​សម្រាប់​ពួក​គាត់​។

សូម​បញ្ជាក់​ថា​ការ​ប្រារព្ធ​ទិវាអន្តរ​ជាតិ​ជន​ជាតិ​ដើម​ភាគ​តិច​ពិភព​លោក​ឆ្នាំ​២០១៥​នេះ​ ធ្វើឡើង​ក្រោម​ប្រធានបទ “របៀប​វារៈក្រោយ​ឆ្នាំ​២០១៥៖ ការ​ធានា​សុភាព និងសុខុមាល​ភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច​” ដោយ​ធ្វើឡើង​ក្នុង​ខេត្ត​ចំនួន​ ៨​ក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ជន​ជាតិ​ដើម​ ២៤អំបូរ ឬប្រមាណ​១.៤​ភាគរយនៃ​ប្រជា​ជន​សរុប រស់​នៅ​ក្នុង​១៥​ខេត្ត​ទាំង​ប្រទេសកម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ