អានតួអត្ថបទ
កម្ពុជា

ក្រោយ​ការ​ស្លាប់​របស់​លោក​ កែម ឡី អ្នក​នយោបាយសង្ស័យ​និង​ផ្តើម​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក!

លោក​ ហ៊ុន សែន ពី​ម្សិលមិញ បាន​សរសេរ​ក្នុង​ហ្វេសបុក ថ្កោលទោស​ចំពោះ​ឃាតកម្ម​សម្លាប់​លោក កែម ឡី​ ដោយ​ចាត់​ទុក​ថា ជា​អំពើ​ដ៏​ព្រៃផ្សៃ​ និង​ឃោរឃៅ។ នៅ​ព្រឹក​នេះ​ទៀត លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ប្រតិកម្ម​ជា​ថ្មី​ថា​ មាន​គេ​កំពុង​ផ្ចាញ់​ផ្ចាល់​ និង​លាបពណ៌​លើ​រដ្ឋាភិបាល​របស់​លោក។ សូម​ជម្រាប​ថា​កាល​ពីម្សិល​មិញ​ លោក សម រង្ស៊ី ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ពី​បរទេស បាន​ចោទ​ត្រង់​ៗ​ថា រដ្ឋ​អំណាច​ គឺជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឃាតកម្ម​នេះ។​

រូបថត​លោក ​កែម​ ឡី ​ក្នុង​ពិធីបុណ្យ​សព​របស់​លោក ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​វត្តចាស់ ​ហើយ​សព​របស់​លោក​នឹង​ត្រូវ​តម្កល់​​ទុក​រយៈ​ពេល​១០​ថ្ងៃ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ មន្រ្តី​រាជការ​ បាន​ចូលរួម​រម្លែក​ទុក្ខ។​
រូបថត​លោក ​កែម​ ឡី ​ក្នុង​ពិធីបុណ្យ​សព​របស់​លោក ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​វត្តចាស់ ​ហើយ​សព​របស់​លោក​នឹង​ត្រូវ​តម្កល់​​ទុក​រយៈ​ពេល​១០​ថ្ងៃ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ មន្រ្តី​រាជការ​ បាន​ចូលរួម​រម្លែក​ទុក្ខ។​ @HEAM Chetra
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ថ្លែង​សន្ទរកថា​ខ្លី ដ៏​កម្រ មិន​ធ្លាប់​មាន ព្រោះ​ថា​មិន​ដល់​ ៣០នាទី​ផង លោក​បាន​ប្រើ​ពេល​ជិត​ពាក់​កណ្តាល​ដើម្បី​និយាយ​ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ លោក ហ៊ុន សែន បាន​ដណ្តឹង​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​ណា​ទទួល​ផល​ចំណេញ​ពី​សោក​នាកម្ម​នេះ? បើ​ចំពោះ​រដ្ឋាភិបាល​របស់​លោក​ ការ​ស្លាប់​នេះ គឺ​រដ្ឋាភិបាល​ខាត​បង់​ ហើយ​ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ។ ហើយ​នេះ គឺ​ជា​ឱកាស​បន្ថែម​ទៀត ដែល​នាំឲ្យ​គេ​លាបពណ៌​លើ​រដ្ឋាភិបាល​របស់​លោក។ លើស​ពី​នេះ លោក ហ៊ុន សែន ថែម​ទាំង​កត់​សម្គាល់​ថា មាន​គេ​កំពុង​ផ្ចាញ់​ផ្ចាល់​រដ្ឋាភិបាល ខណៈ​ដែល​លោក​កំពុង​និយាយ​លើក​សរសើរ​ពី​សុខ​សន្តិភាព​ និង​ការ​សប្បាយ​រីករាយ​របស់​ប្រជាជន​បច្ចុប្បន្ន។​

ចំណែក​លោក​ សម រង្ស៊ី ដែល​កំពុង​នៅ​បរទេស​ ក្រៅ​ពី​ការ​វាយ​តម្លៃ​ថា​លោក កែម ឡី ជា​កូន​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប​ហើយ​នោះ ប្រមុខ​បក្ស​ប្រឆាំង​បាន​សរសេរ​ចោទ​ប្រកាន់​​ក្នុង​ហ្វេសបុក​ផ្លូវ​ការ​របស់​ខ្លួន​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី ជា​ការ​រៀបចំ​​ដោយ​រដ្ឋអំណាច​។

បន្ថែមពី​លើស​នេះ​ តាំង​ពី​ល្ងាច​មិញ​មក​ ឥស្សរជន​មួយ​ចំនួន​របស់​បក្ស​សង្គ្រោះជាតិ​ រួម​មាន​លោកស្រី​មួរ សុខហួរ ជាដើម ​បាន​ទៅ​គោរពវិញ្ញាណក្ខន្ធ ហើយ​បាន​ផ្តើម​និយាយ​បែប​ចោទ​ប្រកាន់​ទៅ​លើ​បក្ស​កាន់​អំណាច​នៅ​ចំពោះ​មុខ​អ្នក​កាសែត​ជាតិ ​និង​អន្តរជាតិ​ជា​ច្រើន​ថា ​គេ​បាន​ដឹង​ជា​ស្រេច​ហើយ​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី​។ ព្រោះ​ថា​នេះ​ជា​ឃាតកម្ម​ក្រោយ​ពេល​ ដែល​លោក​បាន​និយាយ​វិភាគ​ក្នុង​វិទ្យុ​បរទេស​ ជុំវិញ​សំណុំ​រឿង​អាស្រូវ​អាណាចក្រ​ជំនួញ​គ្រួសារ​ត្រកូល ​ហ៊ុន ដែល​ជា​របាយការណ៍​ដ៏​រស៊ើប​របស់​ Global Witness។​

ចំណែក​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP បាន​ផ្សាយ​សំឡេង​ក្នុង​ហ្វេសបុក​របស់​ខ្លួន ដោយ​បង្ហាញ​យល់​ឃើញ​ថា ឃាតកម្ម​លើលោក កែម ឡី នេះ គឺ​មិនមែន​ជា​ការ​រៀបចំ​របស់​រដ្ឋាភិបាល​នោះ​ទេ​ ព្រោះ​វា​មិន​ចំណេញ​ដល់​បក្ស​កាន់​អំណាច​ឡើយ​។ ហើយ​បើ​ថា​ជា​ការ​រៀបចំ​របស់​បក្ស​សង្រ្គោះ​ជាតិ​ ដើម្បី​កេង​ចំណេញ​នយោបាយ​នោះ​ ក៏បក្ស​ប្រឆាំង​មិន​អាច​នឹង​ហ៊ាន​ធ្វើ​រឿង​បែប​នេះ​ដែរ​។ ម្យ៉ាង​ទៀត បើ​ថា​ជា​រឿង​គំនុំ​ផ្ទាល់​ខ្លួន និង​ការ​ជំពាក់​លុយ​កាក់​គ្នា ​​ដែល​អាច​ឈាន​ដល់​ការ​បាញ់​សម្លាប់​នេះ ក៏​រឹត​តែ​អាច​មិន​គួរឲ្យ​ជឿ​ទៅទៀត។​ នេះ​បើ​តាម​ការ​លោក ខឹម វាសនា។

គួរ​សម្រាប​ថា តាំង​ពី​យប់​មិញ​មក​ម្ល៉េះ តំណាង​ជាន់​ខ្ពស់​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន​ បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅ​វត្ត​ពោធិយារាម ឬ​ហៅ​វត្ត​ចាស់​។ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជា​បក្ស​តូច​ដែល​ទើប​បង្កើត​ថ្មី បាន​ចាត់ទុក​ឃាតកម្ម​ចំពោះ​លោក កែម ឡី ថា​ជា​ទង្វើ​ដ៏​ព្រៃផ្សៃ​ ដែល​វា​ជា​ភាព​កំសាក​ និង​ថោក​ទាប។

យ៉ាងណា​ក៏​ដោយ​ចុះ នៅ​ព្រឹកមិញ​នេះ​ ក្នុង​នាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន​ ​បាន​ចេញ​បញ្ជា​ឲ្យ​វែក​មុខ​អ្នក​រួម​សម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​នេះ​ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ ​រក្សា​ភាព​ស្ងប់​ស្ងៀម និង​មិន​ត្រូវ​ដាក់​កំហុស​លើ​នរណា​ឡើយ​ ហើយ​លោក​សុំ​ទុក​ការងារ​នេះ ឲ្យ​សមត្ថកិច្ច​ជំនាញ​វិញ​។ លោក ហ៊ុន សែន សុំ​ចិត្ត​សាធារណជន​ថា​ជៀស​វាង​កុំ​បង្វែរ​បញ្ហា​នេះ ​ទៅ​ជា​បញ្ហា​នយោបាយ​ ហើយ​បង្ក​ការ​ល្អក់​កករ និង​នាំឲ្យ​ជាតិ​ចលាចល​នោះឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ