អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា ចាត់​ទុក​ដំណើរ​ការ​របស់​តុលាការ​ថា គឺ​ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​មិញ​នេះ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​លោក​កឹម សុខា ទាំង​ដែល​ម្ចាស់​ខ្លួន​ និង​ក្រុម​មេធាវី​មិន​បាន​ចូលរួម​សវនាការ។ ទោះ​ជា​បែប​នេះ​ក្តី តុលាការ​ប្រើ​ពេល​ប្រមាណ​មួយ​ម៉ោង ដើម្បី​បញ្ចប់​សវនាការ និង​ប្រកាស​សាលក្រម​នៅ​ម៉ោង​ ២​រសៀល​នេះ។ ចំពោះ​ចំណាត់​ការ​តុលាការ​នេះ លោក​កឹម សុខា បាន​ចាត់​ទុក​ថា នេះ​ជា​បំណង​ចង់​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក​ពី​សំណាក់​គូ​បដិបក្ខ។

តុលាការក្រុងភ្នំពេញនៅព្រឹកមិញនេះ បានបើកសវនាការជំនុំជម្រះលើលោកកឹម សុខា ទាំងដែលម្ចាស់ខ្លួន និងក្រុមមេធាវីមិនបានចូលរួមសវនាការ។
តុលាការក្រុងភ្នំពេញនៅព្រឹកមិញនេះ បានបើកសវនាការជំនុំជម្រះលើលោកកឹម សុខា ទាំងដែលម្ចាស់ខ្លួន និងក្រុមមេធាវីមិនបានចូលរួមសវនាការ។ @Kem Sokha
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា និង​សារ​នយោបាយ​ជា​សាធារណៈ​ ជា​លើក​ដំបូង​បង្អស់​បន្ទាប់​ពី​បាន​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​មុខ​បញ្ជាក់​នៅ​ចំពោះ​សកម្មជន និង​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​របស់​ខ្លួន​ថា លោក​នឹង​នៅ​តែ​បន្ត​ការ​តស៊ូ​ទៅ​ទៀត បើ​ទោះ​ជា​គេ (គណបក្ស​​កាន់​អំណាច) កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​លោក​យ៉ាង​ណា​ក៏​ដោយ។
សំឡេង.........

ការ​ថ្លែង​ជា​សាធារណៈ​របស់​លោក​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​រូប​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​រូប​លោក​ក្នុង​សំណុំ​រឿង​«បដិសេធ​ក្នុង​ការ​ចូល​ខ្លួន»តាម​មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ គឺ​ជា​បទ​ចោទ​ប្រកាន់​ ដែល​គេ​កម្រ​នឹង​ឃើញ​កើត​មាន តែ​បាន​កើត​ឡើង​លើ​លោក​កឹម សុខា បន្ទាប់​ពី​លោក​បាន​បដិសេធ​មិន​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​នៅ​តុលាការ​ចំនួន​ពីរ​លើក​លើ​សំណុំ​រឿង«សញ្ចាកម្ម»ដែល​ជា​បណ្តឹង​របស់​កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ។

លោក​កឹម សុខា បាន​សង្កត់​ធ្ងន់​ថា ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​វាយ​ប្រហារ និង​ប្រឆាំង​រូប​លោក​នេះ​ គឺ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​លទ្ធិប្រជាធិតេយ្យ សេរី​ពហុបក្ស ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ។ ជាងនេះ​ទៅ​ទៀត គឺ​ជា​វាយ​ប្រហារ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ហើយ​នៅ​ត្រង់​ចំណុច​នេះ លោក​កឹម សុខា បាន​ទាញ​សេចក្តី​ថា​ គឺ​មាន​បំណង​ចង់​ជំរុញ​ឲ្យ​កម្ពុជា​វិល​ទៅ​រក​របប​ផ្តាច់​ការ​ឡើង​វិញ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​លោក​កឹម សុខា នៅ​ថ្ងៃ​សុក្រ​នេះ សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ទ្រង់​ទ្រាយ​មធ្យម​នៅ​ពីរ​កន្លែង​ផ្សេង​ៗ​គ្នា។ គឺ​ទី​មួយ ជា​ការ​ជួបជុំ​គ្នា​នៅ​ទីស្នាក់ការ​គណបក្ស​ប្រឆាំង​នៅ​សង្កាត់​ចាក់​អង្រែ​លើ ដើម្បី​បាន​ជួប​មុខ និង​ស្តាប់​ការ​ថ្លែង​សុន្ទរកថា​ពី​ថ្នាក់​ដឹក​នាំ។ ការ​ជួបជុំ​គ្នា​នេះ បាន​ធ្វើ​ឡើង​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល ដែល​បាន​ត្រៀម​រួច​ជា​ស្រេច​ទាំង​កង​កម្លាំង និង​ប្រដាប់​ប្រដា​សម្រាប់​បង្រ្កាប​បាតុកម្ម​ផង។ ចំណែក​ក្រុម​ទី​ពីរ បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​ពី​មុខ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ចាំ​ស្ដាប់​ការ​សម្រេច​កាត់​ទោស​លោក​កឹម សុខា ពី​តុលាការ​ក្រុង។ នៅ​ក្នុង​ការ​ជួប​ជុំ​នេះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ និង​អាជ្ញាធរ ដោយ​អាជ្ញាធរ​ខណ្ឌ​៧​មករា បាន​ឃាត់​ខ្លួន​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ម្នាក់ ដោយសារ​តែ​បុរស​នោះ​ បាន​ប្រើប្រាស់​ឧគ្ឃោសនា​សព្ទ​ស្រែក​តវ៉ា​នៅ​ពី​មុខ​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ