អានតួអត្ថបទ
កម្ពុជា

អយ្យការ​អម​សាលា​ដំបូង​៖ ករណី​លោក កឹម សុខា មិន​មែន​ជា​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ទេ

ករណី​លោក កឹម សុខា ពុំ​មែន​ជា​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ទេ តែ​ជា​ការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ ក្រោម​ហេតុផល​ផ្នែក​សុខភាព​។ នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៩​កញ្ញា​ម្សិលមិញ​។

លោក កឹម សុខា ប្រធាន​​​អតីត​គណបក្ស​​សង្គ្រោះ​​ជាតិ
លោក កឹម សុខា ប្រធាន​​​អតីត​គណបក្ស​​សង្គ្រោះ​​ជាតិ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ អ្នក​នាំពាក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​គូស​បញ្ជាក់​ថា លោក កឹម សុខា ក្នុង​ឋានៈ​ជា​ជន​ត្រូវ​ចោទ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​។ ករណី​លោក កឹម សុខា គឺ​​មិន​មែន​ជា​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ទេ​ តែ​លោក កឹម សុខា ​ត្រូវ​បាន​ដាក់​ឲ្យ​ជាប់​កាតព្វកិច្ច​មួយ​ចំនួន ដើម្បី​បម្រើ​ឲ្យ​ចំណាត់ការ​នីតិវិធី​បន្ត​លើ​សំណុំ​រឿង​ដោយ​ចៅ​ក្រម​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល​។

ដោយ​ឡែក ចំពោះ​ការ​កំណត់​មិន​ឲ្យ​លោក កឹម សុខា ចាក​ចេញ​ពី​ព្រំ​ប្រទល់​ដែនដី​ណា​មួយ​ជា​កំណត់ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ពន្យល់​ថា វា​ជា​សិទ្ធិ​អំណាច​របស់​ចៅ​ក្រម​ស៊ើប​សួរ ដោយ​ផ្អែក​លើ​ហេតុផល​សន្តិសុខ​សុវត្ថិភាព​របស់​ជន​ត្រូវ​ចោទ និង​ដើម្បី​ធានា​ថា ជន​ត្រូវ​ចោទ​នឹង​មិន​រត់​គេច​ខ្លួន​ពី​នីតិវិធី​តុលាការ​។​ បើ​ទោះ​បី​ជា​ត្រូវ​ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ក៏​ដោយ អ្នក​នាំ​ពាក្យ​ដដែល​បញ្ជាក់​បន្ថែម​ថា លោក កឹម សុខា ដែល​ជា​ជន​ត្រូវ​ចោទ មាន​សេរីភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចេញ​ពី​ផ្ទះ​របស់​ខ្លួន ក្នុង​ព្រំ​ប្រទល់​ដែនដី​ដែល​កំណត់​ដោយ​ដីកា​របស់​ចៅក្រម​ស៊ើបសួរ និង​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​នានា ដែល​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​ហាម​ឃាត់​របស់​តុលាការ​។

គួរ​ជម្រាប​ថា ការពន្យល់​របស់​អ្នក​នាំ​ពាក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ថា ការ​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ គឺ​ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់ ខណៈ​​ច្បាប់​កម្ពុជា​ពុំ​មាន​ចែង​អំពី​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នេះ​ឡើយ​។

ដោយ​សារ​តែ​ភាព​ខ្វះ​ចន្លោះ​នៃ​ច្បាប់​នេះ​ដែរ រដ្ឋាភិបាល​កម្ពុជា​គ្រោង​រៀបចំឲ្យ​មាន​ច្បាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​។ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​បង្ហើប​ពី​គម្រោង​នេះ ​នៅ​ថ្ងៃ​ពុធ ទី​១៩​កញ្ញា​។ លោក​ថា ច្បាប់​របស់​កម្ពុជា​ទាក់ទង​នឹង​អ្នក​ទោស នៅ​មាន​ភាព​ខ្វះ​ចន្លោះ ដែលទាមទារ​ឲ្យ​មាន​ការ​បំពេញ​បន្ថែម​ ជា​ពិសេស​ទាក់ទង​ទៅនឹងការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នេះ​ឯង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ