កម្ពុជារំឭកខួប១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី១៥ ខែកក្កដានេះ កម្ពុជាបានរៀបចំពិធីរំឭកខួប១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងខួប១ឆ្នាំ ដែលតំបន់ប្រាសាសំបូរព្រៃគុក ត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ជាព្រឹត្តិការណ៍ ដែលមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌អះអាងថាធ្វើឡើង ដើម្បីដាស់ស្មារតីសាធារណជនខ្មែរ។
ចុះផ្សាយនៅថ្ងៃ៖
៧កក្កដា ២០០៨-៧កក្កដា ២០១៨ គឺជារយៈពេល១០ឆ្នាំគត់ ដែលប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ដើម្បីរំឭកខួប១០ឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែកក្កដានេះ រៀបចំពិធីអបអរខួប១០ឆ្នាំ នៅទីក្រុងភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជិត១ម៉ឺននាក់ ហើយនៅគ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសក៏មានពិធីទូងស្គរ ដើម្បីអបអរដែរ។
លោក ហ៊ឺ វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ បានថ្លែងថានេះ គឺជាថ្ងៃដ៏សំខាន់ ដែលកម្ពុជាបានប្រឹងប្រែងយ៉ាងលំបាក ដើម្បីចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាការដឹកគុណចំពោះលោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រីកម្ពុជា។ លោក វីរៈ បន្តថាពិធីអបអរខួប១០ឆ្នាំនេះ គឺជាការដាស់ស្មារតីយុវជនឲ្យស្គាល់ពីសម្បត្តិវប្បធម៌កម្ពុជា ដែលបានចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោក។
ការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ បានធ្វើឲ្យរដ្ឋាភិបាលថៃ កាលពីពេលនោះខឹងសម្បារ។ មួយសប្តាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី ១៥ កក្កដាឆ្នាំ ២០០៨ កងទ័ពថៃបានបង្កហេតុរហូតដល់មានការផ្ទុះអាវុធនៅតាមជាយដែននៃតំបន់ប្រាសាទព្រះវិហារ។ ការផ្ទុះអាវុធនេះ ធ្វើឲ្យភាគីកម្ពុជាស្នើឲ្យតុលាការក្រុងឡាអេបកស្រាយឡើងវិញ នូវសាលក្រមថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ដែលតុលាការអន្តរជាតិនេះ បានកាត់ក្តីឲ្យកម្ពុជាឈ្នះភាគីថៃ។
ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាប្រភេទ ប្រាសាទភ្នំ កសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក។ អ្នកសិក្សាស្រាវជ្រាវបានសន្មតថា សំណង់ប្រាសាទព្រះវិហារបានចាប់ផ្តើមកសាងឡើងដំបូង នៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទនេះ មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង ១៥០គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប និងប្រមាណ ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ក្រៅពីការអបអរខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ចីបេតិកភណ្ឌពិភលោក រដ្ឋាភិបាលកម្ពុជាក៏បានយកថ្ងៃទី១៥ ខែកក្កដានេះ រំឭកខួប១ឆ្នាំនៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ចីបេតិកភណ្ឌពិភលោកដែរ។ ប្រាសាទសំបូរព្រៃគុក ដែលស្ថិតក្នុងខេត្តកំពង់ធំ ត្រូវបានចុះក្នុងបញ្ចីបេតិកភណ្ឌពិភលោក កាលពីថ្ងៃទី៨ កក្កដា ២០១៧កន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ