អានតួអត្ថបទ
កម្ពុជា

ព្រះ​មហាក្សត្រ​ខ្មែរ​ទទួល​ព្រះ​គោរមងា​ជា​ពុទ្ធសាសនិក​ខ្ពស់​បំផុត

អង្គការ​ពុទ្ធសាសនិក​កំពូល​បាន​ផ្តល់​ព្រះបរមងា​ថ្នាក់ខ្ពស់​បំផុត​ក្នុង​វិស័យ​ពុទ្ធសាសនា​ដល់​ព្រះមហាក្សត្រ​កម្ពុជា សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី។ ពិធី​ប្រគល់​នេះ គឺ​ធ្វើ​ឡើង​នៅ​ព្រះរាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​មាន​ការ​ចូលរួម​ពី​ព្រះសង្ឃ​ខ្មែរ ជប៉ុន សិង្ហបូរី និង​ម៉ុងហ្គោលី រួម​ទាំង​ពលរដ្ឋ​ប្រមាណ​៣ម៉ឺន​នាក់​នឹង​អង្គ។

ពិធី​​​ផ្តល់​​គោរមងា​​ដល់​ព្រះ​មហាក្សត្រ​ ធ្វើ​ឡើង​នៅ​ព្រះបរមរាជវាំង​ទី​ក្រុង​ភ្នំពេញ​
ពិធី​​​ផ្តល់​​គោរមងា​​ដល់​ព្រះ​មហាក្សត្រ​ ធ្វើ​ឡើង​នៅ​ព្រះបរមរាជវាំង​ទី​ក្រុង​ភ្នំពេញ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ព្រះ​មហាក្សត្រ​កម្ពុជា គឺ​ជា​មហាក្សត្រ មាន​គុណធម៌​ខ្ពស់​បំផុត ជា​គំរូ​ក្នុង​ការ​ប្រតិបត្តិ និង​ផ្សព្វផ្សាយ​ព្រះធម៌​ព្រះពុទ្ធ​លើ​សកល​លោក។ នេះ​គឺ​ជា​អត្ថន័យ​នៃ​ព្រះបរមងា​ដែល​អង្គការ​ពុទ្ធសាសនិក​កំពូល​បាន​ផ្តល់​ដល់​ព្រះមហាក្សត្រ​ខ្មែរ។ គោរមងា​ដែល​មាន​ន័យ​ថា ព្រះ​ស្រី​លោកធម្មិករាជ។

ពិធី​នៃ​ការ​ផ្តល់​គោរមងា​នេះ គឺ​ធ្វើ​ឡើង​នៅ​រាជ​វាំង​ទីក្រុង​ភ្នំពេញ​ដោយ​មាន​ការ​ចូលរួម​ពី​​ពលរដ្ឋ​សាមញ្ញ​ មន្ត្រីរាជការ និង​ព្រះសង្ឃ​ខ្មែរ​ប្រមាណ​ជាង​៣ម៉ឺន​នាក់ និង​អង្គ​រួម​ទាំង​ព្រះសង្ឃ​​តំណាង​៣​ប្រទេស​ជា​ច្រើន​នាក់ ដោយ​បែងចែក​ជា​៥៤​ផែន។ លោក សេង សុមុនី អ្នក​នាំ​ពាក្យ​ក្រសួងធម្មការ និង​សាសនា​ បាន​ឱ្យ​ដឹង​នៅ​ក្រោយ​ពិធី​រាប់បាត្រ​នៅ​មុខ​ព្រះ​បរម​រាជវាំងថា ការ​ផ្តល់​ព្រះគោរមងា​នេះ គឺជា​បញ្ជាក់​ថា ព្រះមហាក្សត្រ គឺ​ជា​ពុទ្ធសាសនូបត្ថម្ភ​ដ៏​ធំ​មួយ​លើ​សកលលោក។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ គោរមងាផ្នែកពុ​ទ្ធសាសនានេះ ត្រូវ​បាន​សម្រេច​ផ្តល់​ក្រោយ​ពេល​ដែល​ព្រះមហាក្សត្រ​កម្ពុជា​បាន​ឈាង​ទៅ​ចូលរួម​ជា​អធិបតីភាព​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​ពុទ្ធសាសនា​នៅ​ទីក្រុង​កូបិ ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី៨ មេសា ២០១៥ ។

ព្រះរាជ​ពិធី​នេះ ​បា​នចាប់​ផ្តើម​នៅ​ម៉ោង​ប្រមាណ​៨ព្រឹក ដោយ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម សួន​វត្ត​បុទមវតី និង​បន្ត​មក​ព្រះបរមរាជវាំង ដោយ​មាន​ការ​ដង្ហែក្បួន ពី​សំណាក់​យុវជន ​កងទ័ព​ត្រែ និង​ក្បួន​កងទ័ព​ឯកសណ្ឋាន​អាវក្រហម ខោខៀវ​កាន់ទង់​ជ័យ​ផង​ដែរ។

ក្នុង​ពិធី​នេះ ក៏​មានវត្តមាន​សម្តេច​សង្ឃ​ទាំងពីរ​គណៈ​របស់​កម្ពុជា លោក​ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន។ អាន​សង្ឃដីការ នៅ​មុខ​ព្រះមហាក្សត្រ​កម្ពុជា តំណាង​ព្រះសង្ឃ​ទាំង​បី​ប្រទេស​បាន​ឡើង​ថ្លែង​រំលឹក​ពី​វីរៈភាព របស់​ព្រះមហាក្សត្រ​បច្ចុប្បន្ន និង​អតីត​ព្រះមហាក្សត្រ សម្តេចឪនរោត្តម​សីហនុ ដែល​បាន​ចូល​រួម​ក្នុង​សកម្មភាព​ព្រះពុទ្ធសាសនា។ ថ្លែង​នៅ​ក្នុង​ព្រះរាជរាំង ព្រះ​មហាក្សត្រ​ព្រះអង្គ​បាន​មាន​ព្រះរាជ​ឱង​ការ​បញ្ជាក់​ថា ការ​អនុវត្ត​ព្រះពុទ្ធសាសនា​គឺ​កិច្ច​ការងារ​សំខាន់​ដែល​ព្រះមហាក្សត្រ​ខ្មែរ​ស្ទើរ​គ្រប់​ព្រះអង្គ​បាន​អនុវត្ត​ប្រតិបត្តិ​តាម​តរៀង​មក។

ការ​ប្រគល់​ព្រះគោរមងា​កិត្តិយស​ដល់​ព្រះមហាក្សត្រ​កម្ពុជា ​ជា​ព្រះ​ស្រីលោក​ធម្មិករាជ​នេះ
សន្និសីទ​កំពូល​ព្រះពុទ្ធសាសនា​ពិភព​លោក បាន​បញ្ជាក់​ថា គឺ​ជា​គោរមងា​ដែល​តំណាង​ឱ្យ​ប្រទេស​ជា​ព្រះពុទ្ធសាសនិក​ចំនួន​៤១ និង​មាន​អ្នក​ប្រតិបត្តិ​ប្រមាណ​ជាង​៦១០លាន​នាក់លើ​សកល​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ