អានតួអត្ថបទ
កម្ពុជា

សាលា​ដំបូង​ខេត្ត​កោះ​កុង កោះ​ហៅ​តំណាង​សហគមន៍​អារ៉ែង​ចូល​បំភ្លឺ​ពី​បទ​ប្រមូល​អនុផល​ព្រៃ​ឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត

ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កោះ​កុង បាន​ចេញ​ដីកា​កោះ​ហៅ លោក វ៉ែន វ៉ន តំណាង​សហគមន៍​តំបន់​អារ៉ែង ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​០៧​ខែ​តុលា​ខាង​មុខ​។ ដីកា​ចុះ​ថ្ងៃ​ទី​២១​សីហា​នោះ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​លើ​លោក វ៉ែន វ៉ន ថា​បាន​ប្រមូល​ផល អនុផល​ព្រៃ​ឈើ ដោយ​គ្មាន​លិខិត​អនុញ្ញាត និង​លុប​បំបាត់​វត្ថុ​តាង​។ អង្គការ​សង្គម​ស៊ីវិល បាន​ហៅ​ការ​កោះ​ហៅ​របស់សាលា​ដំបូង​ខេត្ត​កោះ​កុង​នេះ​​​ថា ​ជា​ការ​គម្រាម​កំហែង​ចំពោះ​ប្រជាសហគមន៍​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​បញ្ចេញ​មតិ​។ និង​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ចំពោះ​សកម្មជន​ធម្មជាតិ​ដើម​កំណើត​ជន​ជាតិ​ដើម​ភាគ​តិច​នេះ​ជា​បន្ទាន់​។ 

លោកវ៉ែន វ៉ន​​(កណ្តាល)​ ក្រោយ​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កោះកុង ​សាកសួរ​
លោកវ៉ែន វ៉ន​​(កណ្តាល)​ ក្រោយ​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កោះកុង ​សាកសួរ​ @ Jar Syhak Facebook
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ដីកា​បង្គាប់​របស់​ចៅ​ក្រម​ស៊ើប​សួរ មីន មករា នៃ​សាលា​ដំបូង​ខេត្ត​កោះ​កុង លោក វ៉ែន វន តំណាង​សហគមន៍​តំបន់​អារ៉ែង ត្រូវ​ចូល​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​០៧​ខែ​តុលា វេលា​ម៉ោង​៨​ព្រឹក​។ ចៅក្រម​ស៊ើប​សួរ​កោះ​ហៅ តំណាង​សហគមន៍​តំបន់​អារ៉ែង ទៅ​កាន់​តុលាការ ដើម្បី​សួរ​យក​ចម្លើយ និង​សួរ​ពី​ដំណើរ​រឿង​ប្រមូល​ផល អនុផល​ព្រៃ​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត និង​បទ​លុប​បំបាត់​វត្ថុ​តាង​។ លោក វ៉ែន វន ដែល​មាន​វ័យ​៣៦​ឆ្នាំ ត្រូវ​តុលាការ​តម្រូវ​ឲ្យ​យក​លិខិត​ផ្សេង​ៗ​ដែល​ទាក់ទង​ទៅ​នឹង​រឿង​ខាង​ដើម​នេះ​ទៅ​ជា​មួយ​ផង ប្រសិន​បើ​មាន​។ ហើយ​ក្នុង​ករណី​មិន​ចូល​ខ្លួន​តាម​កាល​កំណត់ ចៅក្រម​ស៊ើប​សួរ​បាន​បញ្ជាក់​ក្នុង​ដីកា​ថា នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​។

 

គួរ​ជម្រាប​ថា នេះ​គឺ​ជា​លើក​ទី​២​ហើយ ដែល​តុលាការ​ខេត្ត​កោះកុង​បង្គាប់​ឲ្យ​លោក វ៉ែន វ៉ន តំណាង​សហគមន៍​តំបន់​អារ៉ែង ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​។ កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មេសា លោក វ៉ែន វ៉ន បាន​ចូល​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​ព្រះ​រាជ​អាជ្ញារង​សាលា​ដំបូង​ខេត្ត​កោះកុង​រួច​ហើយ នៅ​ក្នុង​សំណុំ​រឿង​ដដែល​នេះ​។

លោក វ៉ែន វ៉ន ដែល​ធ្លាប់​ធ្វើ​ការ​តស៊ូ​មតិ​យ៉ាង​ស្វិត​ស្វាញ​មិន​ឲ្យ​មាន​ការ​កសាង​ទំនប់​វារី​អគ្គីសនី​នៅ​តំបន់​អារ៉ែង មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​​។

​​លោក អ៊ិន គង់ជិត មន្ដ្រី​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​ បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​កោះកុង ទៅ​លើ​សកម្មជន​ធម្មជាតិ​ជា​បន្ត​បន្ទាប់​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ មន្ដ្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ ចាត់​ទុក​​ការ​កោះ​ហៅ​របស់សាលា​ដំបូង​ខេត្ត​កោះ​កុង​ ថា​​ជា​ការ​គម្រាម​កំហែង​ចំពោះលោក វ៉ែន វ៉ន និង​​ប្រជាសហគមន៍​ផ្សេង​ទៀត ​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​បញ្ចេញ​មតិ​។ លោក អ៊ិន គង់ជិត ក៏​បាន​​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​​លោក វ៉ែន វ៉ន ដើម​កំណើត​ជន​ជាតិ​ដើម​ភាគ​តិច​នេះ​ជា​បន្ទាន់​ផង​ដែរ​៕

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ