អានតួអត្ថបទ
កម្ពុជា

អង្គការ​អន្តរជាតិ​ចំនួន​៣២​ ផ្ញើ​លិខិត​ជូន​លោក​ហេង សំរិន រឿង​ច្បាប់​អង្គការ

អង្គការ​អន្តរជាតិ​ចំនួន​៣២​នៅ​ក្នុង​សប្តាហ៍​នេះ បាន​ផ្ញើ​លិខិត​ចំហរ​មួយ​ទៅ​កាន់​លោក​ហេង សំរិន​ប្រធាន​រដ្ឋសភា​កម្ពុជា។ ជា​លិខិត​ដែល​បាន​រិះគន់​សេចក្តី​ព្រាង​ច្បាប់​ដែល​រដ្ឋសភា​កំពុង​ពិនិត្យ​ និង​ពិភាក្សា។ អង្គការ​អន្តរជាតិ​បាន​បញ្ជាក់​ថា ច្បាប់​នេះ​គឺ​រំលោភ​សន្ធិ​សញ្ញា​អន្តរជាតិ។

ការតវ៉ា​របស់​សង្គម​ស៊ីវិល​នៅ​មុខ​រដ្ឋសភា​កាល​ពី​ម្សិលមិញ។​
ការតវ៉ា​របស់​សង្គម​ស៊ីវិល​នៅ​មុខ​រដ្ឋសភា​កាល​ពី​ម្សិលមិញ។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ឥឡូវ​នេះ​ដល់​វេន​អង្គការ​អន្តរជាតិ​ម្តង​ហើយ ដែល​បាន​ចេញ​មុខ​រិះគន់​ត្រង់​ៗ​លើ​សេចក្តី​ព្រាង​ច្បាប់​អង្គការ និង​សមាគម​នៅ​កម្ពុជា។ ក្នុង​លិខិត​ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា អង្គការ​អន្តរជាតិ​ទាំង​៣២ បាន​បញ្ជាក់​ថា​ ក្រៅ​ពី​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ខ្លួន​ឯង សេចក្តី​ព្រាង​ច្បាប់​ដែល​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​កំពុង​ពិនិត្យ​នេះ គឺ​រិតត្បិត​ទៅ​លើ​សកម្មភាព​ស្រប​ច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល និង​បាន​ប៉ះពាល់​ទៅ​ដល់​សិទ្ធសេរីភាព​នៃ​ការ​បញ្ចេញ​មតិ រួម​ទាំង​សិទ្ធ​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ ខណៈ​ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី។

អង្គការ​ទាំង​នោះ​បាន​គូស​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​រើសអើង​បុគ្គល​ដែល​ត្រូវ​ដឹកនាំ​អង្គការ​ ដែល​តម្រូវ​ឱ្យ​មាន​សញ្ជាតិ​ជា​កម្ពុជា​ ហើយ​ក្រៅ​ពី​នោះ ក៏​មាន​និតិវិធី​ធ្វើ​ការ​រវាង​ក្រសួង​ការ​បរទេស​កម្ពុជា ក្រសួង​មហាផ្ទៃ និង​អង្គការ​អន្តរជាតិ​ដែល​ធ្វើ​ការ​នៅ​កម្ពុជា។ អង្គការ​ទាំង​នោះ​រួមមាន​ អង្គការ​ អាក់ស៊ិនអេដ (Actionaid ) អង្គការឃែរ (care)របស់​ជប៉ុន រួម​ទាំង​អង្គការ​ផ្សេង​ៗ​ទៀត​ដែល​មាន​ដៃគូរ​ធ្វើ​ការ​នៅ​ក្នុង​ទឹកដី​កម្ពុជា។

វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា បាន​បញ្ជេញ​របាយការណ៍​ថា​ គិតត្រឹម​ឆ្នាំ​២០១២ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​ផ្តល់​ការងារ​ដល់​មនុស្ស​ប្រមាណ​ជាង​៤​ម៉ឺន​៣​ពាន់​នាក់​ដែល​កំពុង​បំពេញ​គម្រោង​ចំនួន​៤​ពាន់​នៅ​កម្ពុជា​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ចំនួន​ប្រមាណ​ពី​៦០០​ទៅ​៧០០​លាន​ដុល្លារ​អាមេរិក។

ក្រៅ​ពី​អង្គការ​អន្តរជាតិ​នោះ អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក ក៏​បាន​ប្រកាស​ប្រឆាំង​នឹង​ច្បាប់​សង្គម​ស៊ីវិល​យ៉ាង​ដាច់​ខាត​ហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ទៀត អង្គការ​សង្គម​ស៊ីវិល​បាន​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ និង​បាន​ប្រកាស​ព្រមាន​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​នយោបាយ​ណា​ដែល​បោះឆ្នោត​គាំទ្រ​ច្បាប់​នេះ​ថែម​ទៀត​ផង។ ដោយ​ឡែក​គណបក្ស​សង្គ្រោះជាតិ​ ក៏​បាន​បង្ហាញ​គោល​ជំហរ​របស់​ខ្លួន​ប្រឆាំង​នឹង​ច្បាប់​ថ្មី​នេះ​ផង​ដែរ។ សូម​បញ្ជាក់​ថា ច្បាប់​ស្តី​ពី​អង្គការ​សង្គម​ស៊ីវិល​នេះ​ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​បាន​បញ្ជូន​ទៅ​កាន់​គណៈកម្មការ​ច្បាប់​ និង​នីតិ​កម្ម​របស់​រដ្ឋសភា បើ​ទោះបី​ជា​មាន​ការ​ប្រឆាំង​យ៉ាង​ណា​ក៏​ដោយ​។ រដ្ឋសភា​ជាតិ បាន​បញ្ជាក់​ថា​ច្បាប់​ស្តី​ពី​អង្គការ​សង្គម​ស៊ីវិល​នេះ​ មិន​អាច​ពន្យា​ពេល​បាន​នោះ​ទេ។

បើ​ទោះបី​ជា​មាន​ការ​តវ៉ា​ពី​សង្គម​ស៊ីវិល​ក្នុង​ស្រុក ហើយ​ឥឡូវ​ឈាន​ដល់​ការ​រិះគន់​ពី​អន្តរជាតិ​ទៀត​នោះ​ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​អះអាង​ថា​ច្បាប់​ដែល​មាន​៩ជំពូក និង​៣៩មាត្រា​នេះ គឺ​ការពារ​សិទ្ធ​ស្រប​ច្បាប់​របស់​អង្គការ​ក្នុង​សង្គម​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ