អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រសួងការ​បរទេស​ប្រាប់​បក្ស​ប្រឆាំង​ថា​ការ​យក​បញ្ហា​វៀតណាម​មក​ប្រឡែង​លេង​​ជា​រឿង​ដ៏​សែន​គ្រោះ​ថ្នាក់!

នៅ​ថ្ងៃ​អង្គារ៍​នេះ ក្រសួង​ការ​បទេស ក្នុង​នាម​រដ្ឋាភិបាល បាន​ចេញ​សេចក្តី​បំភ្លឺ​ កម្រាស់​ ១៧ទំព័រ​ ដើម្បី​បក​ស្រាយ ប្រាប់​ការ​ពិត ចំពោះ​បញ្ហា​រសើប ៨​ចំណុច​។ បញ្ហា​រសើប​ទាំង​នោះ រួម​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ, បញ្ហា​ដី​ធ្លី, បញ្ហា​ប្រព័ន្ធ​តុលាការ​ដែល​គេ​ចោទ​ថា​ជា​ឧបករណ៍​នយោបាយ, អំពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ, ច្បាប់​ស្តី​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល, បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រម​ទាំង​បញ្ហា​គណបក្ស​ប្រឆាំង​។ ​ក្រសួង​ការ​បរទេស យល់​ថា សំណុំ​រឿង​ទាំង​អស់​នេះ ត្រូវ​តែ​ស្រាយ​បំភ្លឺ​ និង​បញ្ជាក់​ការ​ពិត​ឲ្យ​បាន​ដាច់​ស្រឡះ​តែ​ម្តង​ ព្រោះ​បញ្ហា​ទាំង​នេះ វា​បាន​នឹង​កំពុង​បន្ត​មួល​បង្កាច់​ ដាក់​កំហុស​មក​លើ​រដ្ឋាភិបាល ហើយ​និង​ស្តែង​ពី​រូបភាព​អវិជ្ជមាន​អំពី​កម្ពុជា។ ក្នុង​ចំណោម​រឿង​រសើប​ទាំង​អស់​នេះ​ ក្រសួង​ការ​បរទេស បញ្ជាក់​ប្រាប់​អ្នក​នយោបាយ​និង​មហាជន​ថា ការ​ប្រឡែង​លេង​ជាមួយ​នឹង​បញ្ហា​វៀតណាម ពី​សំណាក់​បក្ស​ប្រឆាំង គឺ​ជា​រឿង​ដ៏​សែន​គ្រោះ​ថ្នាក់ និង​មិន​ត្រូវ​អត់​ឱន​ឲ្យ​បាន​ឡើយ​។ 

លោក កឹម សុខា និងលោក សម រង្ស៊ី ពេល​កំពុង​បាតុកម្ម​ ក្រោយ​ការ​បោះឆ្នោត​២០១៣
លោក កឹម សុខា និងលោក សម រង្ស៊ី ពេល​កំពុង​បាតុកម្ម​ ក្រោយ​ការ​បោះឆ្នោត​២០១៣ @Sam rainsy page
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​អង្កេត​ដំណើរ​ជីវិត​នយោបាយ​ដ៏​យូរ​អង្វែង​របស់​លោក សម រង្ស៊ី, ក្រសួង​ការ​បទេស បាន​ចេញ​មុខ​វាយ​តម្លៃ​ថា លោក សម រង្ស៊ី គឺ​ជា​អ្នក​នយោបាយ​ដែល​ស្ទាត់​ជំនាញ​ភាសា​អង់គ្លេស និង​បារាំង និយាយ​បាន​យ៉ាង​ល្អ​អំពី​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ ទៅកាន់​ទស្សនិកជន​បស្ចិម​ប្រទេស។ ក៏​ប៉ុន្តែ លោក​មិន​បាន​និយាយ​បែប​នេះ​ទេ នៅ​ពេល​ដែល​គាត់​ថ្លែង​សារ​នយោបាយ​ជា​ភាសា​ខ្មែរ។ គាត់​ប្រើ​ប្រាប់​វាក្យ​សព្ទ​ផ្សេង​ពី​គ្នា​សម្រាប់​ក្រុម​មនុស្ស​ខុស​គ្នា។

ចំពោះ​ក្រសួង​ការ​បរទេស​ខ្មែរ, លោក សម រង្ស៊ី គឺ​ជា​អ្នក​ប្រជាភិថុត​។ គាត់​ជា​បេក្ខជន​តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន ​UNTAC ស្តី​បន្ទោស ពី​ការ​រើស​អើង​ជា​តិ​សាសន៍​ កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ ១៩៩៣។ ហើយ​ គាត់​បាន​បញ្ឆេះ​កំហឹង​រើស​អើង​ជាតិ​សាសន៍ ប្រឆាំង​វៀតណាម នៅ​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩៨ ដែល​បង្កើត​ជា​កំហឹង រហូតវាយ​ប្រហារ​ សម្លាប់​វៀតណាម​យ៉ាង​ហោច៤​នាក់​ ​និង​ដុត​ស្តូប​មិត្ត​ភាព​កម្ពុជា - វៀតណាម ថែមទៀត​។ លើស​ពី​នេះ លោក សម រង្ស៊ី ​ធ្លាប់​ញុះញង់ ​នាំ​ប្រជាជន​សាមញ្ញ ទៅ​ដក​បង្គោល​ព្រំដែន​អន្តរជាតិ​។

ក្រសួង​ការ​បរទេស​ពន្យល់​ថា ទង្វើ​ទាំង​នេះ គឺ​មិន​អាច​អត់​ឱន​ឲ្យ​បាន​ឡើយ ទោះ​បី​រដ្ឋាភិបាល​បស្ចិម​ប្រទេស​ក៏​ដោយ​។ ព្រោះ​ជា​បញ្ហា​ដ៏​រសើប​ណាស់ ដែល​ជានិច្ចកាល​នាំ​ទៅ​រក​ភាព​តាន​តឹង និង​អសណ្ដាប់​ធ្នាប់​សាធារណៈ ហើយ​ការ​ប្រឡែង​លេង​ជាមួយ​នឹង​បញ្ហា​វៀតណាម​ ដើម្បី​តែ​ចំណេញ​សំឡេង​ឆ្នោត​ គឺ​ជា​កង្វះ​ការ​ទទួល​ខុស​ត្រូវ​ដ៏​សែន​គ្រោះ​ថ្នាក់។

បុគ្គល​ទី ២ គឺ​លោក កឹម សុខា ​ក៏​ត្រូវ ក្រសួង​ការ​បរទេស កត់​សម្គាល់​ថា បាន​ប្រើ​វាក្យសព្ទ​ស្រដៀង​នឹង​លោក សម រង្ស៊ី ដែរ គឺ​ពោរ​ពេញ​ដោយ​ការ​ស្អប់​ខ្ពើម​ នៅ​ពេល​និយាយ​ទាក់​ទង​នឹង​ប្រជាជន និងប្រទេស​វៀតណាម។ ថែម​ពី​នេះ លោក កឹម សុខា ធ្លាប់​ថ្លែង​យ៉ាង​អង់​អាច ថា​ គុកទួល​ស្លែង ជា​ការ​ប្រឌិត ជា​ការ​បង្កើត​ឡើង​ដោយ​វៀតណាម។ សម្តី​ដូច្នេះ គឺ​អាច​ត្រូវ​ចាត់​ទុក​ជា​បទ​ល្មើស​ឧក្រិដ្ឋ នៅ​បណ្តា​បស្ចិម​ប្រទេស​បាន​ធ្វើ ចំពោះ​អ្នក​ដែល​បដិសេធ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ស្រដៀង​គ្នា​ដូច្នេះ​ដែរ។

ចំណែក ករណី​សមាជិក​បក្ស​ប្រឆាំង​ពីរ​នាក់​ទៀត គឺ​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ និង​សមាជិក​សភា​លោក អ៊ុំ សំអាន ដែល​កំពុង​ជាប់ឃុំ ក៏​ត្រូវ​ក្រសួង​ការ​បរទេស​បំភ្លឺ​ ដោយ​គូស​បញ្ជាក់​ដែរ​ថា ការ​បំផ្លិច​បំផ្លាញ​ និង​ផ្តល់​ព័ត៌មាន​ក្លែង​ក្លាយ​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​ជាតិ គឺ​ជា​ការ​ប៉ុន​ប៉ង​ដោយ​ចេតនា​បង្ក​អស្ថិរភាព​ប្រទេស​ និង​ចាត់​ទុក​ជា​ទង្វើ​អំពើ​ក្បត់​ជាតិ​ នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌ​នៃ​បណ្តា​រដ្ឋ​ប្រជាធិតេយ្យ​ជា​ច្រើន​ផង​។

ដូច​លោក សម រង្ស៊ី និង លោក កឹម សុខា ដែរ ​ក្រសួង​ការ​បរទេស បញ្ជាក់​ថា ពាក្យ​ពេចន៍​អរិភាព​របស់​លោក អ៊ុំ សំអាន គឺ​ជា​ការ​បំពាន​ព្រហ្មទណ្ឌ​លើ​សេរីភាព​នៃការ​បញ្ចេញ​មតិ និង​ជា​ការ​ញុះញង់​ឲ្យ​ស្អប់​ខ្ពើម​ជាតិ​សាសន៍​ ដើម្បី​គោល​បំណង​នៃ​ការ​បោះ​ឆ្នោត​និង​ការ​ចំណេញ​នយោបាយ។

មុន​នឹង​បញ្ចប់​សេចក្តី​ស្រាយ​បំភ្លឺ​របស់​ខ្លួន ក្រសួង​ការ​បរទេស បាន​រម្លឹក​ច្បាស់ៗ​ថា ការ​ដាក់​កំហុស​លើ​រដ្ឋាភិបាល​ខ្មែរ ការ​រិះគន់ ការ​ដាក់​ឲ្យ​នៅ​ឯកា ការ​គំរាម​បិទ​ទីផ្សារ​និង​ដាក់​ទណ្ឌ​សេដ្ឋកិច្ច​​ឥត​ឈប់​ឈរ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ គឺ​មិន​អំណោយ​ផល​ ដល់​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ណា​មួយ​នោះ​ទេ។ ក្រសួង​ការ​បរទេស ថែម​ទាំង​ដាស់​តឿន​ឲ្យ​ស្ថាប័ន​ទាំង​ឡាយ គួរ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ គណ​បក្ស​ប្រឆាំង ប្រកាន់​ឥរិយាបថ​នយោបាយ​ស៊ីវិល័យ​  គោរព​​ច្បាប់ និង​គោលការណ៍​ប្រជាធិបតេយ្យ ជា​ជាង​បន្ត​ធ្វើ​នយោបាយ​ប្រជាភិថុត​ ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​ ស្អប់​ខ្ពើម​ជាតិ​សាសន៍ និង​ញុះញង់​ឲ្យ​មាន​ភាព​ចលាចល នៅ​​ក្នុង​សង្គម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ